អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សង្ខេបព្រឹត្តិការណ៍អន្តរជាតិប្រចាំ​សប្តាហ៍
02, May 2021 , 9:30 pm        
រូបភាព
 ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើង។ ក្នុងសប្តាហ៍នេះ ពិភពលោក បានកើតឡើងបញ្ហាជាច្រើនក្នុងនោះមានដូចជា ការផ្ទុះឡើងកូវីដ-១៩ នៅឥណ្ឌា បញ្ហាចែកចាយវ៉ាក់សាំង ទំនាក់ទំនងចិន និងឥណ្ឌាជាដើម។



ខាងក្រោមនេះ គឺជាការសង្ខេបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍។

ថ្ងៃទី២៦ ខែមេសា

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) ចេញរបាយការណ៍មួយ ដែលបានបង្ហាញថា ការចំណាយលើវិស័យយោធានៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០ មានរហូតដល់ ១៩៨១ពាន់លានដុល្លារ ដែលកើនឡើង២,៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

សហភាពអឺរ៉ុប អះអាងថា ខ្លួនបានប្ដឹងក្រុមហ៊ុន AstraZeneca ជុំវិញការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យឺតយ៉ាវ។ ព្រោះតែរឿងនេះ គណៈកម្មការអឺរ៉ុប និយាយថា កម្មវិធីចាក់វ៉ាក់សាំងក្នុងតំបន់ មិនដំណើរការតាមគម្រោងឡើយ។

ថ្ងៃទី២៧ ខែមេសា

ជំនួយសម្ភារវេជ្ជសាស្រ្ត និងអុកស៊ីសែនរបស់អង់គ្លេស បានទៅដល់ឥណ្ឌាហើយន ដើម្បីជួយឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ នេះជាជំនួយបរទេសដំបូងគេដែលទៅ ដល់ឥណ្ឌា ខណៈប្រទេសជាច្រើនទៀត កំពុងរៀបចំជំនួយរបស់ខ្លួនផងដែរ។

សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម បានជំរុញឱ្យរដ្ឋាភិបាល ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបន្ថែមទៀត។ ទណ្ឌកម្មលើក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រុមយោធា ក៏ជារឿងត្រូវធ្វើដែរ ដើម្បីឆ្លើយតបនឹងការបង្រ្កាបលើប្រជាជន។

ថ្ងៃទី២៨ ខែមេសា

កូរ៉េខាងត្បូង ប្រកាសថា ខ្លួននឹងលើកលែងវិធានការធ្វើចត្តាឡីស័កខ្លះសម្រាប់ ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្កជំងឺកូវីដ-១៩ រួចរាល់។ ការធ្វើបែបនេះ គឺដើម្បីលើកទឹកចិត្ត ប្រជាជនទាំងអស់ឱ្យទទួលវ៉ាក់សាំងបន្ថែមទៀត។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានសង្កត់ធ្ងន់ថាអាមេរិក ស្វាគមន៍ការប្រកួតប្រជែងជាមួយចិនជាជាងការបង្កជម្លោះ។ មិនតែប៉ុណ្ណោះ លោកបានផ្តាំទៅប្រធានាធិបតីចិន លោកស៊ី ជិនភីងថា លោកនឹងការពារផលប្រយោជន៍អាមេរិក នៅគ្រប់កន្លែងទាំងអស់។

ថ្ងៃទី២៩ ខែមេសា

រដ្ឋាភិបាលថៃ បានសម្រេចឡើងវិញដោយតម្រូវឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ រួចធ្វើចត្តាឡីស័ក ១៤ថ្ងៃឡើងវិញ។ ការកែប្រែនេះ ជាផ្នែកមួយនៃវិធានការដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបទៅប្រធានាធិបតីអាមេរិក ចូ បៃឌិន ថាលទ្ធិប្រជាធិបតេយ្យ ជាតម្លៃសម្រាប់មនុស្សជាតិទាំងអស់ ប៉ុន្តែវាមិនមែនជារបស់ផ្តាច់មុខរបស់ប្រទេសតែមួយឡើយ។ លើសពីនេះ ក្រុងប៉េកាំង ក៏បានលើកឡើងថា ការប្រកួតប្រជែងតែងតែមានជាធម្មតារវាងប្រទេសទាំងពីរ ប៉ុន្តែ ត្រូវតែធ្វើឡើយដោយយុត្តិធម៌។

ថ្ងៃទី៣០ ខែមេសា

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានចេញផ្សាយនៅថ្ងៃទី៣០ ខែមេសាថា ការរីករាលដាលជំងឺកូវីដ-១៩ និងវិបត្តិនយោបាយក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា នឹងនាំឱ្យប្រជាជនជាងពាក់កណ្ដាល ប្រឈមមុខធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២។

ឥណ្ឌូណេស៊ី បានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ ក្រុមហ៊ុមចិន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងរបស់ Sinopharm នឹងត្រូវប្រើក្នុង កម្មវិធីចាក់វ៉ាក់សាំងរបស់វិស័យឯកជន ដោយក្រុមហ៊ុននានាអាចទិញវ៉ាក់សាំងពីរដ្ឋាភិបាល ឥណ្ឌូណេស៊ីទៅចាក់ឱ្យបុគ្គលិកពួកគេ។

ថ្ងៃទី១ ខែឧសភា


ឥណ្ឌា បានរាយការណ៍ ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ៤០ម៉ឺនករណី។ នេះ គឺជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតរបស់ឥណ្ឌា ស្របពេលស្ថានការណ៍ក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ។

លោក  Anthony Fauci ទីប្រឹក្សាជំងឺឆ្លងអាមេរិក បានលើកឡើងថា ឥណ្ឌា គួរតែបិទខ្ទប់ប្រទេសរយៈពេល ៣ ឬ ៤សប្តាហ៍សិន ដើម្បីកាត់ផ្តាច់ការចម្លងកូវីដ-១៩ និងបង្ការករណីឆ្លង កុំឱ្យកើនឡើងបន្ថែមទៀត៕


Tag:
 មីយ៉ាន់ម៉ា
  ឥណ្ឌា
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com