ជាតិ
សង្គមជាតិ
ក្រុមការងារអាជ្ញាធរអប្សរាគ្រោងបញ្ចប់ការងារកម្រាលស្ពានហាលនាពេលឆាប់ៗ
03, May 2021 , 8:29 am        
រូបភាព
 សៀមរាប៖ វិបត្តិជំងឺកូវីដ១៩ បានរំខានការងារខ្លះៗនៅការដ្ឋានជួសជុលស្ពានហាលខាងលិចអង្គរវត្ត។ យ៉ាងណា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា នៅតែបន្តការងារជាបន្តបន្ទាប់ ហើយគ្រោងនឹងបញ្ចប់ការរៀបកម្រាលថ្មភ្លក់នៃផ្លូវដើរ នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណជាង៩០ភាគរយហើយ។



បុគ្គលិកផ្នែកស្ថាបត្យកម្ម លោក សយ ច័ន្ទនោឫទ្ធិ បានឱ្យដឹងថា ការងារពង្រឹងគ្រឹះផ្នែកជញ្ជាំងនៃស្ពានហាល សម្រេចបានស្ទើរ១០០ភាគរយហើយ ក្នុងនោះក្រុមការងារកំពុងបន្តរៀបចំកម្រាលស្ពានហាល ដែលសម្រេចបានជាង៩០ភាគរយផងដែរ។

លោក សយ ច័ន្ទនោឫទ្ធិ បន្ថែមថា ក្រុមការងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។ លោកបន្តថា ការងារកម្រាលគ្រោងនឹងរៀបភ្ជាប់គ្នាទៅផ្នែកកម្រាលដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ា បានជួសជុលនៅឆ្នាំ២០០៧។ យ៉ាងណា អ្នកជំនាញរូបនេះមិនទាន់អាចបញ្ជាក់បានទេ ថាតើក្រោយរៀបចំកម្រាលរួច នឹងអាចបើកជូនភ្ញៀវទេសចរដើរវិញឬយ៉ាងណា។

យ៉ាងណាមិញ គម្រោងជួសជុលស្ពានហាលខាងលិចអង្គរវត្តនៅពេលនេះ ក៏ជួបបញ្ហាខ្លះៗដែរ ខណៈដែលមានការបិទខ្ទប់សង្កាត់ខ្លះក្នុងក្រុងសៀមរាប។ លោក សយ ច័ន្ទនោឫទ្ធិ ពន្យល់ថា អ្នកជំនាញ និងកម្មករខ្លះ រស់នៅក្នុងសង្កាត់ដែលត្រូវអាជ្ញាធរបិទខ្ទប់ ដូច្នេះមិនអាចឲ្យពួកគាត់ចេញមកបំពេញការងារបាន។ បន្ថែមពីនេះ អ្នកជំនាញជនជាតិជប៉ុនខ្លះ ក៏អាក់ខានក្នុងការផ្តល់អនុសាសន៍សម្រាប់ការងារនេះដែរ ដោយពួកគាត់មិនអាចចេញក្រៅផ្ទះ ដើម្បីធ្វើការទំនាក់ទំនងមកខាងអ្នកជំនាញនៅកម្ពុជាបានជាដើម។ បើទោះបីមានការរំខានខ្លះៗ តែការងារជួសជុលស្ពានហាល ក៏ដូចជាការដ្ឋានដទៃទៀត នៅតែដំណើរការជាធម្មតា ទៅតាមផែនការដែលគ្រោងទុក។

គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុលនៅពាក់កណ្ដាលឆ្នាំ២០១៦ មានប្រវែងសរុប ៩០ម៉ែត្រ។ នេះជាជំហានទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការជួសជុលស្ពានហាលខាងលិចអង្គរវត្ត បន្ទាប់ពីជំហានទី១ ជួសជុលបានប្រវែង១០០ម៉ែត្រ អនុវត្តនៅឆ្នាំ១៩៩៦ និងបញ្ចប់នៅឆ្នាំ២០០៧៕




Tag:
 ស្ពានហាលអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com