ជាតិ
សង្គមជាតិ
តើកាសែតសន្លឹកជាភាសាខ្មែរទី១ឈ្មោះ«នគរវត្ត»មានជំហរយ៉ាងដូចម្តេចកាលពី៨៥ឆ្នាំមុន?
03, May 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ក្នុងខណៈពេលដែលកាសែតសន្លឹកជាភាសាបរទេសត្រូវបានគេបង្កើតនៅដើមឆ្នាំ១៦០០នៅក្នុងទ្វីបអឺរ៉ុប កាសែតខ្មែរជាសន្លឹកត្រូវបានគេបង្កើតនៅខែធ្នូឆ្នាំ១៩៣៦។ កាសែតខ្មែរដំបូងគេបង្អស់មានឈ្មោះថា«នគរវត្ត» (Nagara Vatta)។ ឆ្នាំ១៩៣៦-២០២១ កាសែតប្រចាំសប្តាហ៍ជាភាសាខ្មែរដំបូងគេមួយនេះ មានអាយុ៨៥ឆ្នាំ បើគិតត្រឹមឆ្នាំ២០២១។ នៅឆ្នាំ១៩៤៦ កាសែតឈ្មោះ«កម្ពុជា» មួយទៀត ក៏បានបោះពុម្ពផ្សាយជាភាសាខ្មែរផងដែរ។



លោក ស៊ន សំណាង បណ្ឌិតប្រវត្តិសាស្រ្តខ្មែរ បានអោយដឹងថា កាសែតសន្លឹកប្រចាំសប្តាហ៍ខ្មែរទី១ជាភាសាខ្មែរ«នគរវត្ត»ត្រូវបានគេបង្កើតឡើងនៅឆ្នាំ ១៩៣៦ នៅទីក្រុងភ្នំពេញដោយមានចាងហ្វាងឈ្មោះ ប៉ាច ឈឺន។ លោក ប៉ាច ឈឺន ទទួលបានមនោគមន៍វិជ្ជាប្រជាធិបតេយ្យច្រើនពីប្រទេសបារាំង មុនពេលដែលគាត់សម្រេចចិត្តបង្កើតកាសែតសន្លឹកនៅឆ្នាំ១៩៣៦។ ថ្ងៃបង្កើតកាសែត «នគរវត្ត» ត្រូវបានគេផ្តល់ព័ត៌មានពីរផ្សេងគ្នា។ មតិទី១ថា សារព័ត៌មាន «នគរវត្ត» បានបង្កើតឡើងនៅថ្ងៃទី១៩ខែធ្នូឆ្នាំ១៩៣៦ តែមតិទី២ថា កាសែតនេះ បានបង្កើតឡើងនៅថ្ងៃទី២៦ខែធ្នូឆ្នាំ១៩៣៦។ តែទោះជាយ៉ាងណា ប្រភពទាំងពីរនៅតែបញ្ជាក់ថា កាសែត «នគរវត្ត» បានបង្កើតឡើងនៅចុងខែធ្នូឆ្នាំ១៩៣៦ដដែល។

លោក ប៉ាច ឈឺន គឺជាអតីតអ្នកបកប្រែអោយរដ្ឋបាលបារាំងក្នុងសង្រ្គាមលោកលើកទី១ពីឆ្នាំ១៩១៤-១៩១៨។ ក្នុងបេសកកម្មរបស់លោកនៅក្នុងប្រទេសបារាំងក្នុងនាមជាអ្នកបកប្រែឲ្យរដ្ឋបាលបារាំង លោកបានរៀនសូត្រមនោគមន៍វិជ្ជាប្រជាធិបតេយ្យជាច្រើនពីប្រទេសបារាំង ហើយលោកក៏ជាអ្នកប្រឆាំងនឹងអាណានិគមនិយមបារាំងដ៏ខ្លាំងក្លាម្នាក់ដែរ។ អាចារ្យ ហែម ចៀវ ដែលជាបញ្ញវន្តប្រឆាំងនឹងបារាំងដែរនោះ ក៏បានចូលរួមបង្កើតការសែត«នគរវត្ត» នោះដែរ។

លោក ស៊ន សំណាង បានកត់សម្គាល់ថា អ្នកសំណេរកាលនោះភាគច្រើនដាក់ឈ្មោះហៅក្រៅ ដូចជា អាចារ្យ កង អាចារ្យ កុយ។ល។
អត្ថបទមួយដែលលោក ស៊ន សំណាង កត់សម្គាល់នៅក្នុងសំណេរកាលនោះ គឺអ្នកនិពន្ធបានចោទជាសំណួរក្នុងបទអត្ថាធិប្បាយថា ហេតុអ្វីបានជាខ្មែរក្រ? ចម្លើយ គឺដោយសារខ្មែរខ្ជិល។ អត្ថបទភាគច្រើនបណ្តុះគំនិតអោយខ្មែរកុំពឹងផ្អែកលើគេ។ ព័ត៌មានក្នុងកាសែតភាគច្រើនត្រូវបានអានដោយមន្រ្តីរាជការ រីឯពលរដ្ឋធម្មតាភាគច្រើនទទួលបានព័ត៌មានតាមរយៈព្រះសង្ឃនៅក្នុងវត្តទៅវិញ។

ជាទូទៅកាសែត «នគរវត្ត» ត្រូវបានគេយល់ថា«ប្រឆាំងបារាំង»។ ប៉ុន្តែ បើយោងតាមការស្រាវជ្រាវរបស់លោក ហេង ឧត្តម អនុបណ្ឌិតផ្នែកសារព័ត៌មាននៃប្រទេសបារាំង, ជំហរកាសែត «នគរវត្ត» កាលនោះ មានភាពបត់បែនច្រើនជាងនេះ។ បន្ទាត់នយោបាយរបស់កាសែត «នគរវត្ត» ដំបូងឡើង សរសេរដាស់តឿនខ្មែរឲ្យភ្ញាក់រលឹក ឲ្យខំប្រឹងធ្វើការ និងប្រកបរបររកស៊ីជួញដូរ ហើយកុំឲ្យចាញ់ច្រាបជនបរទេស ពិសេសចិន និង«យួន» ដែលកាន់កាប់ជំនួញ និងសេដ្ឋកិច្ចក្នុងស្រុក បន្ទាប់ពីបារាំង។

រហូតដល់ពេលមានវត្តមានកងទ័ពជប៉ុននៅឥណ្ឌូចិនក្នុងអំឡុងឆ្នាំ១៩៣៩ ដែលជាពេល ចាប់ផ្តើមសង្គ្រាមលោកលើកទី២ ទើបកាសែត «នគរវត្ត» បានឱកាសល្អ និងប្តូរបន្ទាត់ នយោបាយ ហ៊ានរិះគន់បារាំងចំៗ ព្រោះបានជប៉ុន ជាខ្នងបង្អែក។ ជារួម កាសែត«នគរវត្ត» គឺបានបង្កើត និងសរសេរដោយក្រុមបញ្ញវន្តខ្មែរ និងអ្នកជាតិនិយម ដូចជា ប៉ាច់ ឈឺន, ស៊ីម វ៉ារ និង សឹង ង៉ុកថាន់ ព្រមទាំងមាន អ្នកសរសេរលាក់ឈ្មោះលាក់មុខជាច្រើនរូប ដែលសុទ្ធសឹងជាមន្ត្រីរាជការ អ្នកច្បាប់ គ្រូៗ និងអតីតលោកសង្ឃ។

អត្ថបទនៃកាសែត«នគរវត្ត»ត្រូវបានគេកត់សម្គាល់ឃើញថា ជាអត្ថបទបែបបញ្ចេញទស្សនភាគច្រើន ពោល គឺមិនមានអត្ថបទបែបសម្ភាសប្រភពទេ។ ស្មេរកាលនោះ បានហៅខ្លួនឯងថា ជាអ្នកតែងសេចក្តីច្រើនជាងហៅខ្លួនឯងថាជា«អ្នកសារព័ត៌មាន»។ អ្នកតែងសេចក្តីនាសម័យនោះ ច្រើនជាអ្នកជាតិនិយម។

សូមបញ្ជាក់ថា ក្រោយការបង្កើតកាសែត «នគរវត្ត» នៅឆ្នាំ១៩៣៦, នៅឆ្នាំ១៩៤៦ សារព័ត៌មានឈ្មោះ«កម្ពុជា» មួយទៀត ក៏បានបោះពុម្ពផ្សាយជាភាសាខ្មែរផងដែរ។  
បើទោះបីជាកាសែតសន្លឹកជាភាសាខ្មែរបានបង្កើតឡើងនៅឆ្នាំ១៩៣៦មែនក៏ដោយ ក៏ទស្សនាវដ្តីជាភាសាខ្មែរឈ្មោះ«កម្ពុជសុរិយា»បានបង្កើតឡើង១០ឆ្នាំមុនកាសែត«នគរវត្ត» ពោល គឺបង្កើតឡើងនៅឆ្នាំ១៩២៦។

ប្រភពជាច្រើនបានបញ្ជាក់ថា មុនមានវត្តមានសារព័ត៌មានជាភាសាខ្មែរជាផ្លូវការ បទបញ្ជាផ្សេងៗពីរដ្ឋាភិបាលត្រូវបានគេផ្សព្វផ្សាយតាមរយៈសេវារដ្ឋបាលរបស់រដ្ឋ។
គួរកត់សម្គាល់ផងដែរថា មុនឆ្នាំ១៩៣៦ដែលជាឆ្នាំបង្កើតសារព័ត៌មានជាភាសាខ្មែរដំបូងនោះ ប្រទេសកម្ពុជា ក៏មានវត្តមានកាសែតជាភាសាបារាំងមួយចំនួនផងដែរ ក្នុងនោះ មានដូចជា៖ L’Avenir du Cambodge (អនាគតកម្ពុជា), L’Echo du Cambodge (សំឡេងកម្ពុជា) និងសារព័ត៌មានជាភាសាបារាំងដទៃទៀត៕

បញ្ជាក់៖ ថ្ងៃទី៣ខែឧសភាឆ្នាំ២០២១នេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោមប្រធានបទ៖«ព័ត៌មាន គឺជាផលប្រយោជន៍ ឬទ្រព្យសម្បតិ្តសាធារណៈ។

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com