COVID-19
ជាតិ
អាជ្ញាធរខេត្តសៀមរាបបិទមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ដោយសារពាក់ព័ន្ធអ្នកវិជ្ជមានកូវីដថ្មី អាជ្ញាធរចុះបិទមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II នាយប់ថ្ងៃទី២ ឧសភា។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២ ឧសភា បានសម្រេចបិទមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ជាបណ្ដោះអាសន្ន ដោយសារពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ថ្មី ដែលរស់នៅភូមិមណ្ឌល៣ ទើបវិលត្រឡប់មកពីខេត្តព្រះសីហនុ។
តាមសេចក្ដីប្រកាសព័ត៌មានដដែល អ្នកជំងឺឈ្មោះ ឈួន សុជាតា ភេទស្រី អាយុ៣០ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ទើបវិលត្រឡប់ពីខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលខាងលើ កាលពីថ្ងៃទី២៩ មេសា។ នៅថ្ងៃទី២ ឧសភា បុគ្គលរូបនេះបានតេស្ដឃើញវិជ្ជមានកូវីដ១៩ ហើយអាជ្ញាធរសម្រេចបិទមន្ទីរសម្រាកព្យាបាលខាងលើ ដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធ។
ក្រៅពីករណីនេះ នៅថ្ងៃទី២ ឧសភា ដដែល ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានថ្មីចំនួន៣នាក់ទៀត ដែលសរុបមានចំនួន៤ករណី។ ករណី៣ទៀត រួមមានទី១ ឈ្មោះ យី រ៉ង ភេទប្រុស អាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុកកញ្ចៀច ខេត្តព្រៃវែង បានធ្វើដំណើរពីខេត្តសៀមរាបមកខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមេសា និងមានទំនាក់ទំនងជាមួយឈ្មោះ អូន អន ដែលមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៩ ខែមេសា។ ទី២ ឈ្មោះ ស្រី តុងឈីម ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក បានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ និងទី៣ ឈ្មោះ ស្រី សារ៉េត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក មកពីខេត្តកំពង់ស្ពឺ មកដល់ព្រំប្រទល់សៀមរាប-កំពង់ធំ នៅយប់ថ្ងៃទី១ ឧសភា ដែលរួមដំណើរជាមួយពលរដ្ឋឯទៀតក្នុងខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាប ស្នើឱ្យអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺខាងលើ និងធ្លាប់ចេញចូលមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ចាប់ពីព្រឹកថ្ងៃទី២៩ ខែមេសា ប្រញាប់ធ្វើចត្ដាឡីស័កនៅតាមផ្ទះ ហើយករណីសង្ស័យ ត្រូវបានរាយការណ៍តាមលេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
គិតត្រឹមយប់ថ្ងៃទី២ ខែឧសភា ខេត្តសៀមរាបមានអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សរុប ៤៥នាក់ ក្នុងនោះបានសះស្បើយ១៥នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com