COVID-19
ជាតិ
អ្នក​មាន​ជំងឺ​តម្រង​នោម​រ៉ាំ​រៃស្លាប់ ​នៅពេលសម្រាកព្យាបាលកូវីដ-១៩ ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប
03, May 2021 , 10:29 am        
រូបភាព
ក្រុមគ្រូពេទ្យកំពុងរៀបចំសពដើម្បីបូជា។ រូបភាព៖ លោក ក្រុស សារ៉ាត់
ក្រុមគ្រូពេទ្យកំពុងរៀបចំសពដើម្បីបូជា។ រូបភាព៖ លោក ក្រុស សារ៉ាត់
​សៀមរាប​៖ អ្នក​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់ ដែលមាន​បញ្ហា​តម្រងនោម​រ៉ាំ​រៃ បាន​ស្លាប់​ហើយ​នៅ​ព្រលឹម​ថ្ងៃទី​៣ ខែឧសភា​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ក្រុស សារ៉ាត់ ពន្យល់ថា អ្នកជំងឺ​ខាងលើ​ស្លាប់​ដោយសារ​ជំងឺ​ខូច​តម្រង​នោម មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ​។ លោក​វេជ្ជបណ្ឌិត បន្ថែមថា​៖« ស្លាប់​ដោយសារ​ជំងឺ អត់​មាន​ស្លាប់​ដោយសារ​កូ​វីដ​ទេ គាត់​លាង​ឈាម​មួយអាទិត្យ​២​ដង ខូច​តម្រង់​នោម​អស់ អត់​មាន​ទឹកនោម​...​គាត់​គ្រាន់​តែមាន​វិជ្ជមាន​កូ​វីដ គាត់​ស្លាប់​ដោយសារ​តម្រង់នោម​អត់​ដំណើរការ​»​។​
 
​តាម​ការបញ្ជាក់​ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល សព​បុរស​ខាងលើ​ត្រូវបាន​ក្រុមគ្រូពេទ្យ​រៀបចំ​វេច​ខ្ចប់​ត្រឹមត្រូវ ទៅតាម​វិធាន​សុខាភិបាល និង​បាន​យកទៅ​បូជា​នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា នេះ​នៅ​ទីតាំង​ដែល​គណៈកម្មការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​បានរៀបចំ​។​
 
​គួររំលឹកថា បុរស​ដែល​ស្លាប់​ខាងលើនេះ​មានឈ្មោះ ស៊ា​ង គឹម​សាន អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ចូលមក​សម្រាក​ព្យាបាល​ជំងឺ​តម្រង​នោម​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ហើយ​ក្រុមគ្រូពេទ្យ​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៨ ខែមេសា​។ ថ្ងៃ​បន្ទាប់ ភរិយា​របស់​បុរស​ខាងលើ​អាយុ ៤០​ឆ្នាំ ក៏​តេស្ដ​ឃើញ​វិជ្ជមាន​កូ​វីដ​១៩​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com