ជាតិ
សង្គមជាតិ
សារព័ត៌មានជាអាជីព, តើ«គ្រប់គ្នា»អាចក្លាយជាអ្នកកាសែតបានដែរឬទេ?
03, May 2021 , 1:29 pm        
រូបភាព
ភ្នំពេញ៖កាសែតសន្លឹកត្រូវបានបង្កើតឡើងមុនដំបូងបំផុតនៅទ្វីបអឺរ៉ុបនៅដើមឆ្នាំ១៦០០។ រីឯនៅក្នុងប្រទេសកម្ពុជាវិញ កាសែតបោះពុម្ពជាសន្លឹកជាភាសាខ្មែរបានចេញផ្សាយជាលើកដំបូងនៅឆ្នាំ១៩៣៦។ មុនកាលបរិច្ឆេទនេះ វត្តមានសារព័ត៌មានជាសន្លឹកនៅក្នុងប្រទេសកម្ពុជា បានបោះពុម្ពផ្សាយជាភាសាបារាំង ព្រោះ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។ តែក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយ សារតែវត្តមាននៃបណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក សំណួរជាច្រើនបានលើកឡើងថា តើ«គ្រប់គ្នា»អាចក្លាយជាអ្នកសារព័ត៌មានបានដែរឬទេដោយគ្រាន់តែមានទូរសព្ទមួយគ្រឿង និងចេះនិយាយ-សរសេរបន្តិចបន្តួច?


 
មុននឹងឆ្លើយទៅនឹងសំណួរខាងលើនេះ គ្រប់គ្នាគួរយល់ថា តើសារព័ត៌មានជាអ្វី? ជាចម្លើយសាមញ្ញ៖ សារព័ត៌មាន គឺជាឧបករណ៍ផ្តល់ព័ត៌មានដែលមានសារប្រយោជន៍ និងពេលខ្លះ ទទួលព័ត៌មានត្រឡប់មកវិញ រីឯ អ្នកសារព័ត៌មាន ឬអ្នកកាសែត គឺជាបុគ្គលដែលត្រូវប្រមូល វិភាគ និងផលិតព័ត៌មាន មុននឹងធ្វើការផ្សព្វផ្សាយ។ 
 
ដូច្នេះ មុននឹងចេះផលិតព័ត៌មាន បុគ្គលអ្នកសារព័ត៌មាន ត្រូវតែចូលសាលារៀនផ្នែកសារព័ត៌មាន ឬចូលធ្វើការនៅក្នុងស្ថាប័នសារព័ត៌មានក្នុងរយៈពេលណាមួយ។ បើមិនចូលរៀន ឬមិនធ្វើការក្នុងស្ថាប័នសារព័ត៌មាន បុគ្គលនោះ ពិបាកនឹងក្លាយទៅជាអ្នកសារព័ត៌មានណាស់។ លើសពីនេះទៅទៀត បុគ្គលដែលមិនបានរៀនអាជីពសារព័ត៌មានពិតប្រាកដ រឹតតែមិនអាចក្លាយខ្លួនទៅជាអ្នកសារព័ត៌មាន«អាជីព»។ អ្នកសារព័ត៌មានអាជីពត្រូវឆ្លងកាត់ការសិក្សាផ្នែកសារព័ត៌មានត្រឹមត្រូវ និងត្រូវគោរពក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន។ 
 
និយាយឲ្យងាយស្តាប់ «គ្រប់គ្នា» មិនអាចចេះតែក្លាយខ្លួនទៅជាអ្នកសារព័ត៌មានដោយគ្រាន់តែចេះបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក ឬចេះកាន់ទូរសព្ទថត និងចេះនិយាយ ឬសរសេរបន្តិបន្តួចនោះទេ។ សារព័ត៌មាន គឺជាអាជីព។ សារព័ត៌មាន គឺជាវិស័យមួយ ដូចជា វិស័យកសិកម្ម វិស័យធនាគារ វិស័យសុខាភិបាល។ល។ អ្នកសារព័ត៌មានត្រូវសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកសារព័ត៌មាន ដូចមុខវិជ្ជាផ្សេងដទៃទៀតអ៊ីចឹងដែរ។ 
 
អ្នកសារព័ត៌មានខ្លះ ទោះបីមិនបានសិក្សាផ្នែកសារព័ត៌មានៅសកលវិទ្យាល័យមែន តែពួកគេធ្វើការក្នុងជំនាញសារព័ត៌មាន៥ ឬ១០ ឬ២០ឆ្នាំ ឬច្រើនជាងនេះ ក្រោយពីពួកគេទទួលបានសញ្ញាបត្រជាន់ខ្ពស់នៃមុខវិជ្ជាផ្សេងៗរួចមកហើយ (ដូចជា មុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ ទស្សនវិជ្ជា អក្សរសាស្រ្ត ធនាគារ…)។ ប្រភេទអ្នកសារព័ត៌មានចុងក្រោយនេះ ក៏អាចក្លាយទៅជាអ្នកសារព័ត៌មានអាជីពបានដែរ ព្រោះ ពួកគេធ្វើការនៅក្នុងស្ថាប័នសារព័ត៌មានអាជីពក្នុងរយៈពេលយូរ និងបានសិក្សាផ្នែកសារព័ត៌មាននេះ តាមរយៈធ្វើការងារផ្ទាល់តែម្តង។ 
 
តើអ្នកលេងហ្វេសប៊ុក ឬអ្នកកាសែតប្រជាពលរដ្ឋត្រូវបានគេទទួលស្គាល់ជាអ្នកសារព័ត៌មានផ្លូវការដែរឬទេ? 
 
ជាធម្មតា អ្នកលេងហ្វេសប៊ុក ឬអ្នកសរសេរប្លុក ឬអ្នកសារព័ត៌មានប្រជាពលរដ្ឋ គ្រាន់តែជាបុគ្គលទូទៅដូចគេដូចឯងដែលអាចមានសិទ្ធិក្នុងការបញ្ចេញមតិប៉ុណ្ណោះ។ ប៉ុន្តែ បើសួរថា តើពួកគេជាអ្នកសារព័ត៌មានដែរទេ? គេត្រូវចោទជាសំណួរបន្តទៀតថា តើពួកគេមានបានសិក្សាផ្នែកសារព័ត៌មានឬទេ? តើពួកគេបានចុះបញ្ជីស្ថាប័នសារព័ត៌មានរបស់ពួកគេនៅក្រសួងព័ត៌មានឬទេ? តើពួកគេបានចុះបញ្ជីស្ថាប័នសារព័ត៌មានរបស់ពួកគេនៅក្រសួងពាណិជ្ជកម្មឬទេ? ប្រសិនបើ ពួកគេមិនបានគោរពតាមគោលការណ៍ខាងលើនេះទេ នោះពួកគេមិនអាចចាត់ទុកជាអ្នកសារព័ត៌មានផ្លូវការបានឡើយ។ ចុះហេតុអ្វីបានជាមានឈ្មោះថា«អ្នកសារព័ត៌មានប្រជាពលរដ្ឋ»? 
 
បើផ្អែកលើអាជីពសារព័ត៌មាន និងតម្លៃស្នូលនៃវិស័យព័ត៌មានទាំងមូល «ពលរដ្ឋគ្រប់រូប»មិនអាចក្លាយជាអ្នកសារព័ត៌មានបានឡើយ។ ដូច្នេះ ការឲ្យឈ្មោះថា «អ្នកសារព័ត៌មានប្រជាពលរដ្ឋ» គឺជាការបំពាក់ស្លាកដែលទំនងជាហួសការពិតបន្តិចហើយ។ ចូរចងចាំថា គ្រប់គ្នា ឬពលរដ្ឋគ្រប់រូបមិនអាចក្លាយជាអ្នកសារព័ត៌មានដោយគ្រាន់តែមានទូរសព្ទមួយគ្រឿងហើយចេះនិយាយ ឬចេះសរសេរបន្តិចបន្តួចនោះទេ។ 
 
សារព័ត៌មាន គឺជាអាជីពដែលទាមទារការសិក្សាឲ្យមានចំណេះដឹងទូទៅទូលំទូលាយ, ចំណេះ-ជំនាញ, ចំណេះធ្វើផ្នែកសារព័ត៌មាន និងក្រមសីលធម៌ច្បាស់លាស់។ បើពួកគេ(អ្នកសារព័ត៌មានប្រជាពលរដ្ឋ) មិនបានឆ្លងកាត់វគ្គសិក្សាផ្នែកសារព័ត៌មានក្នុងកម្រិតមធ្យម ឬខ្ពស់ណាមួយនោះទេ នោះ ពួកគេ (អ្នកកាសែតប្រជាពលរដ្ឋ) គ្រាន់តែជាអ្នកសំណេរបញ្ចេញយោបល់ តស៊ូមតិ ការពារសិទ្ធិ ក្នុងនាមជាប្រជាពលរដ្ឋប៉ុណ្ណោះ ពោល គឺមិនមែនក្នុងនាមជាអ្នកសារព័ត៌មានឡើយ៕ 
 
បញ្ជាក់៖ ថ្ងៃទី៣ខែឧសភាឆ្នាំ២០២១នេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោមប្រធានបទ៖«ព័ត៌មាន គឺជាផលប្រយោជន៍ ឬទ្រព្យសម្បតិ្តសាធារណៈ។ 
 

Tag:
 សារព័ត៌មាន
 ទស្សន
© រក្សាសិទ្ធិដោយ thmeythmey.com