ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន៖ អ្នកសារព័ត៌មានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩
03, May 2021 , 2:54 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ:
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរអ្នកសារព័ត៌មានកម្ពុជាដែលបានខិតខំប្រឹងប្រែងផ្តល់ព័ត៌មានពិតប្រាកដ ប្រឆំាងព័ត៌មានក្លែងក្លាយ ណែនាំ និងពន្យល់សារអំពីវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ទៅកាន់ប្រជាពលរដ្ឋក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩។ សម្តេចបានលើកឡើងបែបនេះក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី២៨ នាថ្ងៃទី៣ ខែឧសភា។

 
«ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន» ជាប្រធានបទសម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោកនៅឆ្នាំនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងថា វិស័យសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍សាធារណជន និងការផ្សារភា្ជប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយពលរដ្ឋ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំយកព័ត៌មានពីរដ្ឋាភិបាលវិញដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍។
 
«សារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាល។ អ្នកសារព័ត៌មានយើងបានខិតខំស្វែងរកព័ត៌មានផ្សាយជូនសាធារណជនបានរហ័សទាន់សភាពការណ៍ និងបានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅគ្រប់ដំណាក់កាលយ៉ាងមានប្រសិទ្ធភាព»។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន។ 
 
ប្រមុខរដ្ឋាភិបាល បានទទួលស្គាល់ថា ការខិតខំរបស់រដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋឡើយ។ 
 
មេដឹកនាំកម្ពុជា បានប្រាប់ទៅថ្នាក់ដឹកនាំស្ថាប័នព័ត៌មានទំាងអស់បង្កើនការយកចិត្តទុកដាក់សហការជាមួយក្រសួង និងសា្ថប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបច្ចេកទេស និងក្រមសីលធម៌ដល់អ្នកសារព័ត៌មានឲ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការរីកចម្រើនបច្ចេកវិទ្យា ដើម្បីឲ្យការងារប្រកបដោយប្រសិទ្ធភាព។ 
 
លើសពីនេះ សម្តេច ហ៊ុន សែន បានស្នើឲ្យស្ថាប័នសារព័ត៌មានអនុវត្តការងារឲ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងការគិតតែប្រយោជន៍ផ្ទាល់ខ្លួន ដែលបំពានទៅលើសិទ្ធបុគ្គល ជៀសវាងផ្សាយព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឲ្យប៉ះពាល់កិត្តិយស និងបង្កភាពចលាចលដល់សង្គម៕ 
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com