COVID-19
ជាតិ
ផ្អាកដំណើរការរោងចក្រចំនួន៤ នៅស្រុកបាទី ខេត្តតាកែវ ក្រោយមានកម្មករកើតកូវីដ-១៩
03, May 2021 , 3:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តតាកែវ
រូបភាពពីរដ្ឋបាលខេត្តតាកែវ
រដ្ឋបាលខេត្តតាកែវ បានប្រកាសផ្អាករោងចក្រចំនួន៤ នៅស្រុកបាទី ខេត្តតាកែវដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ រោងចក្រទាំង៤នេះ មានបុគ្គលិកសរុបជាង ១២០០នាក់ នឹងត្រូវផ្អាកដំណើរការចាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មីម្ដងទៀត។

 
តាមលិខិតរបស់រដ្ឋបាលខេត្តដដែល និយោជក និយោជិត រួមទាំងកម្មករទាំងអស់នៃរោងចក្រទាំង៤ខាងលើ ត្រូវទៅផ្ដល់សំណាកដល់មន្រ្តីសុខាភិបាល ចាប់ពីថ្ងៃទី៣ ឧសភានេះ។ ចំណែកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតដែលបានប៉ះពាល់នឹងកម្មករក្នុងរោងចក្រទាំង៤ ក៏ត្រូវទៅផ្តល់សំណាកផងដែរ នៅមណ្ឌលសុខភាពឃុំពត់សរ ឬមន្ទីរពេទ្យបង្អែកស្រុកបាទី។ បន្ទាប់ពីធ្វើសំណាករួចអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កនៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរ។ រដ្ឋបាលខេត្តតាកែវបញ្ជាក់ដូច្នេះ រួចបន្តាហាមប្រាមការជួបជុំទាំងអស់ លើកលែងករណីចាំបាច់មួយចំនួន ដូចជាជុំគ្នានៅទីតាំងធ្វើសំណាក មន្រ្តីសុខាភិបាលយកសំណាកកូវីដ-១៩ ឬសង្គ្រោះបន្ទាន់ និងការជួបជុំរបស់សមត្ថកិច្ច។ 
 
គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១៥៣៦១ករណី ជាសះស្បើយចំនួន៥៤៣០នាក់ និងស្លាប់១០៦នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com