Inter Milan ក្លាយជាម្ចាស់ពាន Serie A ក្រោយអាក់ខាន១១រដូវកាល
កីឡាអន្តរជាតិ
អន្តរជាតិ
Inter Milan ក្លាយជាម្ចាស់ពាន Serie A ក្រោយអាក់ខាន១១រដូវកាល
03, May 2021 , 3:39 pm        
រូបភាព
Inter Milan ក្លាយជាម្ចាស់ពានរង្វាន់ Serie A លើកដំបូងនៅរដូវកាល ២០២០-២១ ក្រោយអាក់ខាន១១រដូវកាល និងជាការបញ្ចប់ការគ្រងជើងឯង៩ឆ្នាំជាប់ៗគ្នារបស់ Juventus ផង។ ការលើកពានអ៊ីតាលីដោយស្វ័យប្រវត្តិត្រឹមសប្តាហ៍ទី៣៤ របស់ Inter កើតឡើងបន្ទាប់ពី Atalanta ប្រកួតស្មើជាមួយ Sassuolo ក្នុងលទ្ធផល ១-១។



ក្រុមរបស់លោក Antonio Conte រកបាន៨២ពិន្ទុពីការប្រកួត៣៤លើក ពោលគឺមាន១៣ពិន្ទុលើស Atalanta ដែលឈរលេខ២ ខណៈការប្រកួតនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលនេះ។ នេះជាការលើកពានលីគអ៊ីតាលីដំបូងរបស់ Inter ចាប់តាំងពីលោក Jose Mourinho ដឹកនាំឈ្នះទាំង Serie A និង Champions League ក្នុងឆ្នាំ ២០១០មក។
 
Inter ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ពីក្រោយ Juventus កាលពីរដូវកាលមុន នៅពេលនេះបានបញ្ចប់ការគ្រងតំណែងជើងឯកលីគកំពូលអ៊ីតាលីនេះចំនួន៩រដូវកាលជាប់ៗគ្នា ត្រឹមរដូវកាល ២០២-០២១នេះ។
 
នេះជាការឈ្នះ Serie A ជាលើកទី១៩របស់ Inter Milan និងជាក្លិបទី២បន្ទាប់ពី Juventus ដែលមានគ្រងជើងឯកច្រើនជាងគេរហូត៣៦សម័យកាល។ AC Milan ធ្លាក់មកនៅលេខ៣ ដែលធ្លាប់ឈ្នះ១៨លើក តាមពីក្រោយដោយ Genoa ៩លើក Torino, Bologna និង Pro Vercelli ចំនួន៧លើកស្មើគ្នា។


 
ក្រោយជួយក្រុមឈ្នះពាន ក្រោមការដឹកនាំនៅរដូវកាលទីពីររបស់ខ្លួន លោក Conte បានចាត់ទុកជាជោគជ័យដ៏សំខាន់បំផុតក្នុងអាជីពអ្នកចាត់ការរបស់លោក។ 
អ្នកចាត់ការ វ័យ ៥១ ឆ្នាំបានប្រាប់ទូរទស្សន៍អ៊ីតាលី Rai ថា៖ «នេះជាជោគជ័យដ៏សំខាន់បំផុតមួយក្នុងអាជីពរបស់ខ្ញុំ។ ការសម្រេចចិត្តចូលរួមជាមួយ Inter មិនមែនជារឿងងាយស្រួលនោះទេ ដើម្បីឈ្នះពានភ្លាមៗ។ លើសពីនេះយើងមានគូប្រជែងដ៏ធំបំផុតគឺ Juventus ដែលខ្ញុំធ្លាប់បានដឹកនាំកន្លងមក»។
 
សម្រាប់ក្រុមដែលត្រូវប្រជែងយកកៅអី Champions League រដូវកាលក្រោយ មានចាប់ពីក្រុមចំណាត់ថ្នាក់ទី២ ដល់ទី៦។ អ្វីដែលពិសេសនោះក្រុមលេខ២ដល់លេ៤ ដែលមាន Atalanta, Juventus និង AC Milan មាន៦៩ពិន្ទុដូចគ្នាពីការប្រកួត៤៣លើក។ Napoli ដែលនៅលេខរៀងទី៥ មាន៦៧ពិន្ទុ ខណៈ Lazio ដែលទើបប្រកួត៣៣លើក រកបាន៦៤ពិន្ទុ ឈរលេខ៦។ Benevento, Parma និង Crotone ស្ថិតនៅតំបន់ត្រូវកាត់ចោលទៅលីគទី២៕
 

Tag:
 Inter Milan
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com