អន្តរជាតិ
ការ​សាងសង់​ទំនប់​មេគង្គ៖ អ្នក​ភូមិ​ថៃ​បង្ហាញ​ពី​ភាព​សោកសៅ​ចំពោះ​ទន្លេ​មេគង្គ​ដែល​កំពុង​មាន​វិបត្តិ
03, May 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គមើលពីលើអាកាស មើលពីស្រុកប៉ាកជុម (Pak Chom) ខេត្តឡូអ៊ី (Loei) ប្រទេសថៃ ដែលកំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ។ Photo: AFP
រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គមើលពីលើអាកាស មើលពីស្រុកប៉ាកជុម (Pak Chom) ខេត្តឡូអ៊ី (Loei) ប្រទេសថៃ ដែលកំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ។ Photo: AFP
ដោយ: VOA
ខេត្ត NONG KHAI ប្រទេស​ថៃ -- មនុស្ស​ជាច្រើន​នៅ​តំបន់​រាំងស្ងួត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ឡាវ និង​កម្ពុជា ហើយ​ដែល​ត្រូវ​គេ​ហៅជា​ភាសា​ថៃ​ថា តំបន់​ «អ៊ីសាន» (Isaan) កំពុង​ប្រឈម​មុខ​នឹង​ផលប៉ះពាល់​ពី​ការ​ផ្លាស់ប្តូរនៃ​ដំណើរ​ធម្មជាតិ​របស់​ទន្លេ​មេគង្គ ដែល​បង្ក​ដោយ​ការ​សាងសង់​ទំនប់​ទឹក​នៅ​ផ្នែក​ខាង​លើ​ក្នុង​ប្រទេស​ចិន និង​ឡាវ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

 
ទំនប់​ទាំង​នេះ​បាន​បង្ក​ឱ្យ​មាន​គ្រោះ​រាំងស្ងួត​នៅ​ក្នុង​រដូវ​វស្សា និង​មាន​ទឹក​ឡើង​ខ្ពស់​នៅ​ពេល​រដូវ​ប្រាំង​ដែល​គួរ​តែ​មាន​ភាព​រាំងស្ងួត និង​បាន​ផ្លាស់ប្តូរការ​រស់នៅ​របស់​មនុស្ស​ជាច្រើន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ដែល​ពឹងផ្អែក​លើ​ទន្លេ​មេគង្គ​សម្រាប់​អាហារ និង​ការងារ។
 
លើស​ពី​នេះ គម្រោង​វារីអគ្គិសនី​សម្រាប់​តំបន់​មេគង្គ​ទើប​តែ​បាន​ចាប់​ផ្តើម​ប៉ុណ្ណោះ ខណៈ​ប្រទេស​ចិន​បាន​នាំ​មុខ​ការ​សាងសង់​ទំនប់​ដោយសម្លឹង​រក​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយក្នុង​ការ​គ្រប់គ្រង​ផ្លូវ​ទឹក​ដ៏​សំខាន់​មួយ​នេះ។
 
ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ទន្លេ​ដ៏ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​នេះ ដែល​មាន​បណ្តោយប្រមាណ​៥.០០០ គ.ម.​ហូរ​ពី​ប្រទេស​ចិនកាត់​តាម​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាមនេះ កាន់​តែ​ថមថយ​ទៅៗ និង​បាត់បង់​ទិន្នផល​ត្រី​នៅ​ក្នុង​ប្រទេស​នីមួយៗ។​
 
 
លោក Sudta Insamran អ្នក​នេសាទ​ក្នុង​ស្រុក​មួយ​រូប​បាន​ទួញ​សោកពី​ការ​បាត់បង់​«ទន្លេ​មេគង្គ​ដែល​យើង​បាន​ស្គាល់» នៅ​ពេល​លោក​ព្យាយាម​បង់​សំណាញ់​ចាប់​ត្រី​គល់រាំង​របស់​ថៃ នៅ​ខេត្ត Nong Khai ដែល​នៅត្រើយ​ម្ខាង​តាមបណ្តោយ​ទន្លេ​មេគង្គទល់​មុខ​រដ្ឋធានី​វៀងចន្ទន៍នៃ​ប្រទេស​ឡាវ។ កាលពី​មុន​អ្នក​នេសាទ​លក់​ទិន្នផល​ត្រី​នៅ​ក្នុង​មូលដ្ឋាន លក់​ត្រី​ទាំង​នោះ​ដើម្បី​ទិញ​អង្ករ​ទទួល​ទាន។ មាន​អ្នក​នេសាទដែល​ប្រកប​របរបែប​នេះ​ប្រមាណ ៣.០០០ នាក់​មក​ពី​ស្រុក​ទាំង​ ៦ នៃ​ខេត្ត Nong Khai ប្រទេស​ថៃ។
 
លោក​បាន​ប្រាប់ VOA ថា៖ «សូម​កុំ​សាងសង់​ទំនប់​បន្ថែម​អី។ វាច្រើន​ហួស​ហើយ»។
 
លោក Sudta ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ការ​នេសាទ​នៅ​ក្នុង​ខេត្តNong Khai ធ្លាប់​ជួយ​លោក​ឱ្យ​រក​ចំណូល​បាន​ប្រមាណ ២៥០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ប៉ុន្តែ​ឥឡូវ​នេះ​ការ​នេសាទ​ត្រី​បាន​ធ្លាក់​ចុះ ដោយ​បង្ខំ​ឱ្យ​មនុស្ស​ជាច្រើន​ទៅ​ធ្វើ​ការ​ជា​អ្នក​ជា​ជ័រ​នៅ​ក្នុង​កសិដ្ឋាន​របស់​អ្នក​ដទៃ​ទៅ​វិញ។
 
ការ​ខាតបង់​ដោយសារ​ផលប៉ះពាល់​អេកូឡូស៊ី​កំពុង​ធ្លាក់​ទៅ​លើ​ប្រជាជន​ក្រីក្រ​តោកយ៉ាក នៅ​តំបន់​មេគង្គ ហើយ​អ្នក​ភូមិ​ជាច្រើន​ឥឡូវ​នេះ​ទទួល​ទាន​ត្រី​ដែល​ទិញ​ពី​ផ្សារ​ជាជាង​ចាប់​បាន​ដោយ​ខ្លួន​ឯង។
 
មនុស្ស​រហូត​ដល់ ៦០ លាន​នាក់​ពឹង​ផ្អែក​លើ​ទឹក​ទន្លេ​នេះ​តាម​របៀប​ផ្សេងៗ​គ្នា ដោយ​ទន្លេ​នេះអាច​ជា​ប្រភព​អាហារ​បំប៉ន​ដ៏​សំខាន់ ឬ​ជា​ប្រភព​ប្រាក់​ចំណូល​សម្រាប់​មនុស្ស​នៅ​ទូទាំង​តំបន់​មេគង្គ​រួម​មាន​នៅ​ក្នុង​ប្រទេស​ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម។
 
ទំនប់​នៅ​ខាង​លើ និង​បម្រែបម្រួល​អាកាសធាតុ​កំពុង​ផ្លាស់ប្តូរ​ប្រព័ន្ធ​អេកូឡូស៊ី។​ប្រភេទ​ត្រី​នានា​ព្យាយាមទាំង​លំបាកបង្កាត់​ពូជ​នៅ​ក្នុង​ទឹក​ដែល​ហូរ​ឡើង​ចុះ​មិន​ទៀង ដោយ​សារ​តែ​តម្រូវការ​វារីអគ្គិសនី។
 


លោក Chaiwat Parakoon (ឆ្វេង) និយាយ​ជាមួយ​លោក Sudta Insamran និង​អ្នក​នេសាទ​ពី​ក្រុម​ Love Mekong នៅ​ក្នុង​ខេត្ត​ Nong Khai ប្រទេស​ថៃ។ (រូបភាពផ្តល់​ដោយ Black Squirrel Productions)
 
លោក Apisit Soontrawiwatស្រាវជ្រាវ​ម្នាក់​ដែល​សិក្សា​លើ​ផលប៉ះពាល់​នៃ​ទំនប់​ទឹក​និង​ជា​សមាជិក​នៃ​បណ្តាញ​ប្រជាជន​សម្រាប់​អាង​ទន្លេ​មេគង្គ​តំបន់​ឦសាន​ថៃ (People’s Network of Isaan Mekong Basin) ដែល​ជា​អង្គការ​អភិរក្សនិយម​មួយ​ថា៖ «អំបូរ​ត្រី​យ៉ាង​ហោច​ណាស់ ៦៩ ប្រភេទ​បាន​បាត់​ខ្លួន​នៅ​ពេល​នេះ។ វា​ [ទំនប់​ទឹក] ក៏​មាន​ផលប៉ះពាល់​ដល់​អំបូរ​រុក្ខជាតិ​ផង​ដែរ​ដែល​ភាគច្រើន​ជា​ប្រភព​ចំណី​សម្រាប់​ត្រី»។
 
ទឹក​ទន្លេ​ប្រែក្លាយ​ទៅ​ជា​ពណ៌​បៃតង​ដោយសារ​ស្លែ ដែល​កើត​ឡើង​ដោយ​កម្រិត​ទឹក​ធ្លាក់​ចុះទាប​ភ្លាមៗ ហើយ​តំបន់​ខ្លះ​មាន​ពណ៌​បៃតង​លាយ​ខៀវ​ដោយសារ​តែ​ដីល្បាប់​ត្រូវ​បាន​រាំងខ្ទប់​ដោយ​ទំនប់​ទាំង ១១ នៅ​ចិន និង​ទំនប់ ២​ផ្សេង​ទៀត​នៅ​ឡាវ។​
 
លោក Apisit បន្ត​ថា៖ «អ្នក​ភូមិ​មិន​ទទួល​បាន​ផលប្រយោជន៍​អ្វី​ទេ​ពី​ទំនប់​ទាំង​នេះ ហើយ​មាន​តែ​អ្នក​ទទួល​ផល​ទេ​កំពុង​ធ្វើ​ជំនួញ​ពាក់ព័ន្ធ​ទៅ​នឹង​ទំនប់​ទាំង​នេះ»។
 
ការ​ផ្គត់ផ្គង់​អគ្គិសនី​លើស​តម្រូវការ
 
ទំនប់​ទឹក​កំពុង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ថៃ និង​វៀតណាម ដើម្បី​លក់​អគ្គិសនី​នៅ​ក្នុង​តំបន់ ដោយ​មាន​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​រត់កាត់​រាប់​រយ​គីឡូម៉ែត្រ​ពី​ទំនប់​ទាំង​នោះ​ចូល​ទៅ​ប្រទេស​ថៃ វៀតណាម និង​កម្ពុជា។
 
ក្រុមហ៊ុន​ប្រតិបត្តិការ​ថា ពួកគេ​កំពុង​ផ្តល់​ការ​អភិវឌ្ឍ​ដែល​ជា​តម្រូវការ​ខ្លាំង និង​ថាមពល​សម្រាប់​សេដ្ឋកិច្ច​ដែល​ត្រូវ​ការ​ថាមពល​នេះ​ដើម្បី​ដំណើរការ។
 
ក្រុម​អ្នក​អភិរក្ស​ថា ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មាន​ចំនួន​លើសលុប​រួច​ទៅ​ហើយ។
 
លោក Paiporn Deetes នៃ​អង្គការ​ទន្លេ​អន្តរជាតិ (International Rivers) ដែល​ជា​អង្គការ​អភិរក្ស​និយម​មួយ​ថ្លែង​ថា៖ «យើង​សង្កេត​ឃើញ​ក្រុម​គ្រួសារ​វរជន​និង​ក្រុមហ៊ុន​មួយ​ចំនួន​តូច​រក​ចំណូល​បាន​យ៉ាង​ច្រើន ខណៈ​ការ​ខាតបង់​ដោយសារ​ការ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​មិន​ត្រូវ​បាន​គេ​គិត​បញ្ចូល»។
 
គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ខាង​ក្រោម​មាន​ដូចជា កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​និយាយ​នៅ​ក្នុង​ខែ​មេសា​ថា យុទ្ធសាស្ត្រ​ ១០ ឆ្នាំ​បន្ទាប់​របស់​គណៈកម្មការ​នេះ​គឺ​ត្រូវ​កាត់​បន្ថយ​ផលប៉ះពាល់​ទៅ​លើ​ទន្លេ​នេះ។
 
ទោះ​ជា​យ៉ាង​នេះ​ក្តី គណៈកម្មការ​នេះ​មិន​មាន​អំណាច​ក្នុង​ការ​បញ្ឈប់​គម្រោង​ទំនប់​ទឹក​នោះ​ទេ ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​ទន្លេ​នេះ​មិន​មាន​អ្នក​ការពារ​ដែល​មាន​អំណាច​នោះ​ឡើយ។
 
ក្នុង​ការ​ព្យាយាម​ក្លាយ​ជា «ប្រភព​ថាមពល​នៃ​អាស៊ី» ប្រទេស​ឡាវ​កំពុង​ប្រតិបត្តិការ​ទំនប់​ទឹក​សំខាន់ៗ​ចំនួន ២ នៅទន្លេ​មេគង្គ និង​កំពុង​រៀបចំ​ផែនការ​សម្រាប់​គម្រោង​មួយ​ចំនួន​ទៀត ដែល​ភាគច្រើន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​គាំទ្រ​ដោយ​រដ្ឋ​ចិន។​
 
ទំនប់​ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ដល់​ផ្ទៃ​ទឹក​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​គឺ​ទំនប់​ទឹក Xayaburi នៅ​ក្នុង​ប្រទេស​ឡាវ ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ឆ្នាំ២០១៩។ ក្រុមហ៊ុន​ថៃ​ឈ្មោះ CK Power ដែល​ដឹកនាំ​ការ​សាងសង់​នេះ នៅ​តែ​អះអាង​ថា ខ្លួន​ប្រតិបត្តិការ​ដោយ​យក «ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព» ជា​ស្នូល និងបាន​ធ្វើ​ការ​សិក្សា​លើ​ផលប៉ះពាល់​បរិស្ថាន​យ៉ាង​ដិតដល់ និង​មាន​វិស្វកម្ម​យ៉ាង​ស្មុគស្មាញ រួម​មាន​ទាំង «ផ្លូវ​សម្រាប់​ត្រី​ឆ្លង​កាត់» ដើម្បី​អនុញ្ញាត​ឱ្យ​អំបូរ​ត្រី​នានា​អាច​ហែល​ទៅ​ទន្លេ​ខាង​ក្រោម​បាន។
 
អ្នក​ជំនាញ​ថា គេ​ត្រូវ​ការ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ដើម្បី​អាច​វាយតម្លៃ​ផលប៉ះពាល់​នៃ​ទំនប់​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន។
 
ប៉ុន្តែ​ទឹក​ទន្លេ​នេះ​ត្រូវ​បាន​បង្វែរ​ឱ្យ​ហូរ​កាត់​តាម​ទំនប់​មួយ​ទៀត​នៅ​ក្នុងតំបន់​Sanakham ប្រទេស​ឡាវ ដែល​ជា​គម្រោង​រៀបចំ​ដោយ​ក្រុមហ៊ុន Datang International Power Generation ដែល​ជា​ក្រុមហ៊ុន​ថាមពល​របស់​រដ្ឋ​ចិន។
 
ប្រសិនបើ​គម្រោង​នេះ​ត្រូវ​ដំណើរការ​ដូច​គ្រោង​ទុក​នៅ​ក្នុង​ឆ្នាំ២០២៨​មែន​នោះ ប្រជាជន​ក្នុង​មូលដ្ឋាន​មាន​ការ​ភ័យខ្លាច​ថា ទំនប់​ថ្មី​ដែល​មាន​ទឹកប្រាក់​២ ពាន់​លាន​ដុល្លារ​ដែល​មាន​កម្ពស់​ជិត ៦០ ម៉ែត្រ និង​អាច​ផលិត​បាន​ថាមពល​អគ្គិសនី​ចំនួន ៧០០ មេហ្គាវ៉ាត់​ក្នុង​មួយ​ឆ្នាំ​នេះ នឹង​បញ្ចប់​អាយុជីវិត​ទន្លេ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​នេះ។ នេះ​មាន​ន័យ​ថា ទន្លេ​នេះ​នឹង​ខ្វះ​សារធាតុ​បំប៉ន និង​ដី​ល្បាប់​ដែល​ផ្តល់​សារធាតុ​បំប៉ន​ដល់​អាយុជីវិត​របស់​ត្រី។
 
ថៃ​បាន​ប្រឆាំង​នឹង​គម្រោង​នេះ​ដោយសារ​តែ​គម្រោង​នេះ​នៅ​ជិត​ព្រំដែន​រួម​របស់​ប្រទេស​ខ្លួន និង​សង្ឃឹម​ថា ក្រុមហ៊ុន​សាងសង់​ទំនប់​អាច​នឹង​ត្រូវ​បង្ខំ​ឱ្យ​ពិចារណា​ឡើង​វិញ ប្រសិន​បើ​រដ្ឋាភិបាល​ថៃ​បដិសេធ​មិន​ព្រម​ទិញ​ថាមពល​អគ្គិសនី​ទាំង​នោះ។
 
ប្រភព​មួយ​ពី​អាជ្ញាធរ​អគ្គិសនី​ថៃ​បាន​ប្រាប់ VOA ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ប្រទេស​ថៃ​មិន​ត្រូវ​ការ​ទិញ​ថាមពល​អគ្គិសនី​ពី​ឡាវ​បន្ថែម​ទៀត​ទេ ដោយសារ​យើង​ផលិត​បាន​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង​ហើយ»។
 
ខណៈ​ការ​ជជែក​ដេញដោល​លើ​បញ្ហា​ទំនប់ Sanakham កំពុងមាន​សន្ទុះខ្លាំង​នោះ ផែនការ​សម្រាប់​គម្រោង​សាងសង់​ទំនប់​មួយ​ទៀត​គឺទំនប់ទឹក​ Pak Chom នៅ​ក្នុង​ខេត្ត​Loei ក្នុង​ប្រទេស​ថៃ កំពុង​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​មិន​មាន​ការ​រំខាន ដែល​អាច​ជា​ទំនប់ដំបូង​ដែលសង់​ចំព្រំដែន​ដែលពុះ​ចែកប្រទេសថៃ​និង​ឡាវ៕

© រក្សាសិទ្ធិដោយ thmeythmey.com