COVID-19
ជាតិ
ទារកចំនួន៩នាក់ហើយ បានសម្រាលចេញពីស្រ្តីវិជ្ជមានកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
03, May 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យមនុស្សក្មេង ចាស់ និងស្រ្តីមានផ្ទៃពោះ ដែលរកឃើញវិជ្ជមានកូវីដ ចូលសម្រាកនៅមន្ទីរពេទ្យឥតស្រាកស្រាន្ត។ ក្រុមគ្រូពេទ្យជួរមុខ មិនត្រឹមតែបានជួយព្យាបាលជំងឺកូវីដ-១៩ ជូនអ្នកជំងឺឱ្យជាសះស្បើយនោះទេ ប៉ុន្តែក្រុមគ្រូពេទ្យ ថែមទាំងបានខ្នះខ្នែងជួយសម្រាលទារកចេញពីម្ដាយមានផ្ទុកកូវីដ-១៩ជាច្រើន ដោយជោគជ័យផងដែរ។ គិតត្រឹមថ្ងៃទី ៣ ឧសភានេះ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានជួយសម្រាលទារកចំនួន៩នាក់ហើយ ពីម្ដាយដែលមានវិជ្ជមានកូវីដ-១៩។



កាលថ្ងៃទី១៩ មីនាកន្លងទៅ ស្រ្តីវិជ្ជមានកូវីដជនជាតិចិន ជាករណីដំបូងគេ ដែលត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលវះកាត់កូនប្រុសដោយសុវត្ថិភាព។ ចាប់តាំងពីពេលនោះមក ក្រុមគ្រូពេទ្យ ក៏បានជួយសម្រាលកូន ឱ្យស្រ្តីមានផ្ទៃពោះវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់។  
  

រូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 

បើតាមហ្វេសប៊ុករបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី ៣ ឧសភានេះ បានប្រកាសថា មានទារកពីរនាក់បន្ថែមទៀត បានសម្រាលពីម្ដាយមានវិជ្ជមានកូវីដ-១៩។ វត្តមានទារកថ្មីនេះ នាំឱ្យមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មានទារកចំនួន៩នាក់ហើយ ដែលបានសម្រាលពីម្តាយមានវិជ្ជមានកូវីដ-១៩។
 
ក្នុងចំនួនសរុបទាំង៩នាក់នោះ មានស្រ្តីសម្រាលដោយធម្មជាតិចំនួន៦នាក់ និងវះកាត់ចំនួន៣នាក់។ ទោះបីខាងមន្ទីរពេទ្យមិនបានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ពីម្ដាយទៅទារកក្ដី ប៉ុន្តែមន្ទីរពេទ្យខាងលើ បានប្រកាសថា រាល់ការសម្រាលទាំងអស់សុទ្ធតែទទួលបានជោគជ័យ និងសុវត្ថិភាពទាំងម្ដាយ និងទារក។ លើសពីនេះ ក្រៅពីជួយសម្រាលកូន ជូនស្រ្តីផ្ទុកកូវីដ-១៩  ក្រុមគ្រូពេទ្យក៏បានជួយវះកាត់ខ្នែងពោះវៀនជូនអ្នកជំងឺកូវីដ-១៩ម្នាក់ ដោយជោគជ័យ ផងដែរ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៥,៣៦១ករណី ក្នុងនោះ ១៤,៨០៦នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ អ្នកជាសះស្បើយសរុបមានចំនួន ៥,៤៣០នាក់។ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៩,៨១៨នាក់ និងស្លាប់កើនឡើងដល់ ១០៦នាក់៕
 


រូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 

រូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 


Tag:
 កូវីដ-១៩
 ទារក
  ស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com