COVID-19
ជាតិ
តំណាងរាស្រ្តនៅឯណា?
03, May 2021 , 9:59 pm        
រូបភាព
ប្រជាពលរដ្ឋមួយចំនួន ក្នុងរាជធានីភ្នំពេញ បាននាំគ្នាសរសេរបដាថា «ភូមិខ្ញុំដាច់បាយហើយ» និងប្រមូលផ្តុំគ្នា កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីសុំឲ្យអាជ្ញាធរជួយផ្តល់ស្បៀងជាបន្ទាន់។
ប្រជាពលរដ្ឋមួយចំនួន ក្នុងរាជធានីភ្នំពេញ បាននាំគ្នាសរសេរបដាថា «ភូមិខ្ញុំដាច់បាយហើយ» និងប្រមូលផ្តុំគ្នា កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីសុំឲ្យអាជ្ញាធរជួយផ្តល់ស្បៀងជាបន្ទាន់។
ខណៈប្រជាពលរដ្ឋមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលជាភូមិសាស្រ្តបិទខ្ទប់ កំពុងជួបទុក្ខលំបាក ការសួររកតំណាងរាស្រ្ត ក៏ផុសផុលឡើង ជាពិសេសសំដៅដល់តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញតែម្តង។ ការសួររកនេះ គឺដោយសារគេ ហាក់មិនបានឃើញសកម្មភាពតំណាងរាស្រ្ត ចុះជួយប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាក ក្នុងតំបន់បិទខ្ទប់។



រូបថតតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញទាំង១២រូប ដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្ទរបស់ពួកគាត់ផងនោះ ត្រូវបានគេយកទៅបង្ហោះលើបណ្តាសង្គម ដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់។ អ្នកខ្លះ ជំរុញឲ្យប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាក ទាក់ទងទៅតំណាងរាស្រ្តទាំង១២រូបនោះ ដើម្បីឲ្យចុះទៅសួរសុខទុក្ខនិងជួយពួកគាត់។ ជាមួយគ្នានេះ ក៏មានការស្នើឲ្យតំណាងរាស្រ្តទាំងនោះ ចុះទៅជួបប្រជាពលរដ្ឋដែរ។ 
 
លោក អ៊ូ វីរៈ អ្នកតាមដានស្ថានការណ៍សង្គម បានបង្ហោះរូបតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញទាំង១២រូប ដោយអមជាមួយនឹងសំណេរថា៖«តំណាងរាស្ត្រមានកាតព្វកិច្ច ប្រជារាស្ត្រក៏មានកាតព្វកិច្ចជាពលរដ្ឋដែរ។ សូមបងប្អូន ទំនាក់ទំនង [ទៅតំណាងរាស្រ្ត] ជាពិសេសអ្នកមានបញ្ហានៅតំបន់ក្រហម»។

អ្នកស្រី ឡោក ខេង តំណាងរាស្រ្ត១រូប ក្នុងចំណោមតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញទាំង១២រូប បានចូលទៅសរសេរសារឆ្លើយតបយ៉ាងវែងអន្លាយ ក្នុងប្រអប់ឆ្លងឆ្លើយ (Comment) របស់លោក អ៊ូ វីរៈ។ អ្នកស្រី សរសេរថា អ្នកស្រី បានទទួលការហៅទូរស័ព្ទជាច្រើនពីប្រជាពលរដ្ឋតាមខណ្ឌផ្សេងៗ ក្នុងរាជធានីភ្នំពេញ។ អ្នកស្រី បន្តថា អ្នកស្រី នឹងហៅទូរស័ព្ទទៅតំណាងរាស្ត្រផ្សេងទៀត រួមទាំងប្រធានក្រុមការងារទទួលបន្ទុកតាមខណ្ឌ អភិបាលខណ្ឌ ឬ ចៅសង្កាត់ ដើម្បីសុំឲ្យជួយធ្វើអន្តរាគមន៍ដល់ប្រជាពលរដ្ឋ។ 
 
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្លះ បានប្រាប់អ្នកស្រី ឡោក ខេង ថា ពួកគាត់ បានទទួលជំនួយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួចហើយ តែដោយសារពួកគាត់ បារម្ភខ្លាចមានការបិទខ្ទប់យូរទៀត ទើបពួកគាត់ ចង់សុំជំនួយបន្ថែម ដើម្បីយកទៅទុកបម្រុង។ នេះជាការអះអាងរបស់អ្នកស្រីតំណាងរាស្រ្តដដែល។ 
 
អ្នកស្រី ប្រាប់ប្រជាពលរដ្ឋថា មិនបាច់ត្រៀមទុកច្រើននោះទេ។ អ្នកស្រី ធានាជូនប្រជាពលរដ្ឋដូច្នេះថា៖«បើមុនអស់៣ថ្ងៃ តេមកចុះ ខ្ញុំ នឹងប្រាប់ទៅក្រុមការងារខណ្ឌភ្លាម គឺដាច់ខាតមិនឲ្យបងប្អូនណាដាច់បាយឡើយ»។
 
តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញទាំង១២រូប រួមមាន អ្នកស្រី ឡោក ខេង អ្នកស្រី គឹម សុវណ្ណា អ្នកស្រី ម៉ាណ ណាវី អ្នកស្រី ម៉ក់ វណ្ណស៊ីថា អ្នកស្រី គ្រួច សំអាន លោក កែប ជុតិមា លោក សួន រិនឌី លោក ឃុត ចាន់ដារ៉ា លោក ហ៊ូ ស្រ៊ី លោក ជៀប ស៊ីវន លោក ពេជ្រ គឹមស្រ៊ាង និង លោក លី ឆេង។ តំណាងរាស្រ្តក្នុងនីតិកាលទី៦នេះ មាន១២៥រូប ហើយសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់។  
 
លោក យ៉ង សាំងកុមារ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ចេញយោបល់លើទំព័រហ្វេសប៊ុកថា៖«ពេលប្រទេស កំពុងជួបវិបត្តិកូវីដ-១៩ តំណាងស្របច្បាប់និងពេញសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសតំណាងរាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និង សមាជិកក្រុមប្រឹក្សាខេត្តរាជធានី គួរតែជួបជុំគ្នាជួយតម្រង់ទិសការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ ជាពិសេសវិធានការដោះស្រាយផលប៉ះពាល់ខាងជីវភាពនិងសេដ្ឋកិច្ច»។
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈទំព័រហ្វេសប៊ុកដែរនោះ បានចោទជាសំណួរថា តើអ្នក ដែលបង្ហោះរូបតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញទាំង១២រូប ហើយទាមទារឲ្យចុះទៅជួយប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម គឺសុទ្ធតែបានបោះឆ្នោតឲ្យតំណាងរាស្រ្តទាំងនោះ ឬគ្រាន់តែចង់បណ្តុះបង្អាប់?
 
បើតាមការគិតរបស់លោក អ្នកទាមទារទាំងនោះ មិនប្រាកដថា បានបោះឆ្នោតឲ្យតំណាងរាស្រ្តទាំង១២រូបនោះទេ។ តែយ៉ាងណា លោក នៅតែចាត់ទុកតំណាងរាស្រ្ត ថាជាតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។ 
 
ទន្ទឹមនឹងនេះ មន្រ្តីច្បាប់ជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ខាងលើ បានបកស្រាយពីវិធានការបិទខ្ទប់។ លោក អធិប្បាយបែបនេះថា៖«នៅក្នុងតំបន់ក្រហម វិធានរឹតត្បិតតឹងរ៉ឹង រាល់ការធ្វើដំណើរនិងសកម្មភាពនានា ត្រូវបានហាមឃាត់ រួមទាំងតំណាងរាស្រ្តផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ដូច្នេះ រាល់ជំនួយរបស់តំណាងរាស្រ្ត អាចផ្តល់ឲ្យ តាមរយៈកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការបិទខ្ទប់ ដែលមានសិទ្ធិចេញចូលឆ្លងកាត់តំបន់ក្រហមនោះ»។
 
ក្នុងប្រអប់ឆ្លងឆ្លើយរបស់លោក អ៊ូ វីរៈ អ្នកស្រីតំណាងរាស្រ្ត ឡោក ខេង ក៏បានលើកហេតុផលដែរថា ថ្វីបើមានអភ័យឯកសិទ្ធិ ប៉ុន្តែ តំណាងរាស្រ្ត មិនអាចយកអភ័យឯកសិទ្ធិនេះ ទៅរំលោភលើវិធានសុខាភិបាល វិធានរដ្ឋបាល ឬ វិធាននានា ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណ: និងដល់សន្តិសុខជាតិឡើយ។ អ្នកស្រី ស្នើសុំបែបនេះថា៖«សូមបងប្អូន ពិនិត្យឲ្យច្បាស់ពីវិធានការនៅតំបន់ក្រហម និងលឿងទុំ កុំឲ្យមានការវាយតម្លៃខុសនាំឲ្យមានមហន្តរាយដល់សង្គមជាតិនិងអាយុជីវិតបងប្អូនយើងឲ្យសោះ»។
 
ក្រោយបិទខ្ទប់ រាជធានីភ្នំពេញ ត្រូវបានបែងចែកជា៣តំបន់ គឺតំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង។ តំបន់ក្រហម ត្រូវបានរឹតត្បិតខ្លាំងជាងគេ ដោយប្រជាពលរដ្ឋ មិនត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះជាដាច់ខាត ហើយរាល់ការធ្វើដំណើរត្រូវបានផ្អាកទាំងស្រុង។ តំបន់លឿងទុំ មានលក្ខណៈតឹងរ៉ឹងល្មម ដោយប្រជាពលរដ្ឋ មានសេរីភាពខ្លះៗ ក្នុងការធ្វើដំណើរ ដូចជា ចេញទៅផ្សារឬកន្លែងលក់ដូរ ជាដើម។ តំបន់លឿង មានលក្ខណៈធូររលុងជាងគេ ដោយប្រជាពលរដ្ឋ អាចធ្វើដំណើរបានជាធម្មតា។
 
ការបិទខ្ទប់នេះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ជាពិសេសប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម ជួបការលំបាក ដូចជា ការខ្វះខាតស្បៀងអាហារ ជាដើម។ ទោះជារដ្ឋាភិបាល និងអាជ្ញាធរ យកចិត្តទុកដាក់ខ្លាំងក្នុងការដើរចែកស្បៀងដល់ប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ក្តី តែនៅតែមានប្រជាពលរដ្ឋខ្លះ អះអាងថា ពួកគាត់ មិនទាន់ទទួលបានស្បៀង និងទទូចសុំឲ្យអាជ្ញាធរ ជួយផ្តល់ស្បៀងដល់ពួកគាត់។
 
ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺចាប់ផ្តើមតាំងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១មក ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ហើយការបិទខ្ទប់ភូមិសាស្រទាំង២នេះ នឹងត្រូវបន្តរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ (ផុតថ្ងៃទី៦ ខែឧសភា)។ កាលពីថ្ងៃទី២ ឧសភា ម្សិលមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានចូលទៅស្នើសុំក្នុងប្រអប់ឆ្លងឆ្លើយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា៖«សម្តេច ថ្ងៃទី៥ [ខែឧសភា ឆ្នាំ២០២១នេះ] សូមសម្តេច បើកផ្លូវវិញមែនទែនមក»។
 
ប្រមុខរដ្ឋាភិបាល ឆ្លើយតបថា៖«ពុំមានហេតុផលបន្តបិទទេ យើង នឹងបើកវិញ តែខេត្តឬរាជធានី អាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្ត ដើម្បីកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។ 

ប្រមុខរដ្ឋាភិបាល បានចេញសេចក្តីសម្រេចហើយ នៅថ្ងៃទី៣ ខែឧសភានេះ ដោយសម្រេចថា ចាប់ពីថ្ងៃទី៦ ខែឧសភាតទៅ ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល នឹងត្រូវបញ្ចប់។ វា មានន័យថា ពីថ្ងៃទី៦ ខែឧសភាទៅ ប្រជាពលរដ្ឋ នឹងអាចធ្វើដំណើរចេញចូលរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ជាប្រក្រតីឡើងវិញ លើកលែងតែតំបន់ឬផ្នែកណាមួយ ដែលគណៈអភិបាលរាជធានីភ្នំពេញឬគណៈអភិបាលខេត្តកណ្តាល នៅបន្តបិទខ្ទប់។

សេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាល បានឲ្យដឹងថា ការបិទខ្ទប់ផ្នែកណាមួយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឬការបិទខ្ទប់ផ្នែកណាមួយក្នុងភូមិសាស្រ្តក្រុងតាខ្មៅ គឺជាដែនសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញ ឬជាដែនសមត្ថកិច្ចរបស់គណៈអភិបាលខេត្តកណ្តាល៕
 
 
 

Tag:
 COVID-19
  បិទខ្ទប់
  តំណាងរាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com