COVID-19
អន្តរជាតិ
នាយករដ្ឋមន្រ្តីវៀតណាម៖ អាជ្ញាធរ ត្រូវរឹតបន្តឹងការពិន័យអ្នកបំពានវិធានប្រឆាំងកូវីដ-១៩
03, May 2021 , 10:29 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ។ រូបភាព៖ រដ្ឋាភិបាលវៀតណាម
លោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ។ រូបភាព៖ រដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិញ នៅថ្ងៃទី២ ខែឧសភា បានស្នើឱ្យអាជ្ញាធរ ដាក់ពិន័យលើបុគ្គល ឬស្ថាប័នឱ្យទទួលខុសត្រូវលើការបំពានវិធានទប់ស្កាត់កូវីដ-១៩។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីរូបនេះ ធ្វើឡើងបន្ទាប់ពីលោកឃើញថា ការរឹតបន្តឹងវិធានទប់ស្កាត់កូវីដ-១៩ របស់អាជ្ញាធរវៀតណាម នៅមានការខ្វះចន្លោះ។



 
វៀតណាម កំពុងប្រឈមមុខការផ្ទុះឡើងករណីឆ្លងកូវីដ-១៩ ជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់ជាងមួយខែ។ នៅក្នុងកិច្ចប្រជុំទប់ស្កាត់កូវីដ-១៩ នៅព្រឹកថ្ងៃទី២ ខែឧសភា លោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ បានអះអាងថា ស្របពេលកូវីដ-១៩ កំពុងផ្ទះឡើង ប្រជាជនវៀតណាម នៅក្នុងតំបន់មួយចំនួន មិនគោរពវិធានទប់ស្កាត់កូវីដ-១៩ ឡើយ ខណៈតំបន់ខ្លះចំណែកនៅតំបន់ផ្សេងទៀត មានដំណើរការយឺតក្នុងការរៀបចំកន្លែងធ្វើតេស្តកូវីដ-១៩ ។ 
 
ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីវៀតណាម អំពាវនាវឱ្យអាជ្ញាធររឹតបន្តឹងបម្រាមទប់ស្កាត់កូវីដ-១៩ ឱ្យបានល្អជាងមុខ។ «ប្រសិនបើអ្នក មិនប្រកាន់ខ្ជាប់ការទទួលខុសត្រូវឱ្យបានតឹងរ៉ឹង ប្រជាជននឹងខ្វះការប្រុងប្រយ័ត្ន ដែលនាំឱ្យមានផលវិបាកមិនអាចរំពឹងទុកបាន»។ លោក ផាម មិញឈិញ បានលើកឡើងបែបនេះ ដោយបន្ថែមថា បើប្រជាជនម្នាក់ ខ្វះការប្រុងប្រយ័ត្ន វានឹងនាំឱ្យសង្គមទាំងមូលទទួលរងផលវិបាក។ 
 
បើតាមលោកនាយករដ្ឋមន្រ្តី ផលវិបាកទាំងនោះ នឹងនាំឱ្យមានការប្រឈមលើជីវិតមនុស្ស, ការបាត់បង់ហិរញ្ញវត្ថុ,ឱកាសអភិវឌ្ឍ និងកេរ្តិ៍ឈ្មោះជាដើម។ 
 
ស្របពេលផ្ទុះឡើងកូវីដ-១៩ នៅក្នុងប្រទេសបែបនេះ វៀតណាម បានបញ្ជូនកម្លាំងយោធាជាច្រើននាក់ទៅតាមតំបន់ព្រំដែន ដើម្បីការពារ និងបង្ការការឆ្លងដែនខុសច្បាប់។ តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express វៀតណាម បានបញ្ជូនកម្លាំងយោធាចំនួន ៣១៤នាក់ មកតំបន់ព្រំដែនកម្ពុជា-វៀតណាម។ លើសពីនេះ វៀតណាម ក៏បានដាក់កម្លាំងការពារនៅតំបន់ព្រំដែន ចិន-វៀតណាមផងដែរ។ 
 
នៅថ្ងៃទី២ ខែឧសភា កន្លងទៅ វៀតណាម បានរាយការណ៍ករណីឆ្លងកូវីដ-១៩ ចំនួន ២៤ករណី។ ចុងលេខសរុបចុងក្រោយរបស់វៀតណាម មានចំនួន២៩៦២ ករណី និងអ្នកស្លាប់មានចំនួន ២៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៥៤៩នាក់។
 
គួររំលឹកថា តុលាការវៀតណាម នៅចុងខែមីនាកន្លងទៅ បានកាត់ទៅអ្នកបម្រើការលើយន្តហោះម្នាក់ ដែលបានបំពានវិធានចត្តាឡីស័ក និងចម្លងកូវីដ-១៩ ទៅអ្នកដទៃ ឱ្យជាប់ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ ប៉ុន្តែដោយសារមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងកត្តាផ្សេងទៀត អ្នកបម្រើការលើយន្តហោះរូបនោះ ត្រូវបានតុលាការសម្រេចឱ្យព្យួរទោសវិញ៕
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com