ជាតិ
អំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត ប៉ះពាល់ដល់ផ្លូវចិត្តស្ត្រីអ្នកសារព័ត៌មាន!
03, May 2021 , 8:39 pm        
រូបភាព
កញ្ញា កាន់ វិច្ឆិកា ជាអ្នកសារព័ត៌មាន នៃវិទ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ)
កញ្ញា កាន់ វិច្ឆិកា ជាអ្នកសារព័ត៌មាន នៃវិទ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ)
ភ្នំពេញ៖ ការប្រមាថ ការជេរ ការលែបខាយ ការគំរាមកំហែង ការបញ្ចេញមតិលើអនឡាញ ជាអំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត ដែលអ្នកសារព័ត៌មានស្រ្តី កំពុងជួបប្រទះ។ នេះជាការលើកឡើងរបស់ កញ្ញា កាន់ វិច្ឆិកា អ្នកសារព័ត៌មាន។



៣ ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ក្នុងទិវានេះ អ្នកសារព័ត៌មានអបអរសាទរ និង និយាយពីបញ្ហា ដែលខ្លួនជួបប្រទះ។ កញ្ញា កាន់ វិច្ឆិកា អ្នកសារព័ត៌មានឯករាជ្យ បានលើកយកបញ្ហាអំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត ដែលអ្នកសារព័ត៌មានស្រ្តី កំពុងជួបប្រទះ មកបកស្រាយ។ 
 
បច្ចុប្បន្ន កញ្ញា កាន់ វិច្ឆិកា ជាអ្នកសារព័ត៌មានឯករាជ្យ នៃវីអូអេ។ អ្នកសារព័ត៌មានស្រ្តីរូបនេះ ចាប់អាជីពជាអ្នកសារព័ត៌មានរយៈពេល ៧ឆ្នាំមកហើយ ដោយផ្ដោតលើបញ្ហានយោបាយ, សិទ្ធិមនុស្ស, បរិស្ថាន និងបទយកការណ៍ស៊ីជម្រៅ។ 


 
បើតាមកញ្ញា វិច្ឆិកា រូបភាពនៃអំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត កើតឡើងតាមរយៈការបៀតបៀន ការជេរប្រទេច ការលែបខាយ ការគំរាមកំហែង និងការសើចលេងលើប្រព័ន្ធអនឡាញ។ កញ្ញា កាន់ វិច្ឆិកា អះអាងថា អ្នកដែលប្រព្រឹត្តអំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត ជាអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមាននិន្នាការនយោបាយ និងជាអ្នកដែលគិតថាអត្ថបទព័ត៌មានចេញផ្សាយនោះ ប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។ លើសពីនេះ ក៏មានបុគ្គលដែលប្រើប្រាស់គណនីហ្វេសប៊ុកពិត និងក្លែងក្លាយ បានបញ្ចេញមតិមិនសមរម្យ មកលើកញ្ញា វិច្ឆិកាផងដែរ។ 
 
អ្វីដែលអ្នកសារព័ត៌មានស្រ្តីវ័យ ២៩ឆ្នាំរូបនេះ ធ្លាប់ឆ្លងកាត់ក្នុងអាជីពសារព័ត៌មាន គឺការឌឺដង, ការប្រមាថ, ការគំរាមកំហែង និងការបៀតបៀន ដែលមិនមែនជាការរិះគន់ស្ថាបនានោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត។ កញ្ញា វិច្ឆិកា រៀបរាប់បែបនេះ៖ «៧ឆ្នាំមុន នៅពេលដែលខ្ញុំចាប់ផ្ដើមជាអ្នកសារព័ត៌មាន ខ្ញុំបានជួបករណីនៃការត្រូល ឬការប្រមាថជាច្រើននៅតាមបណ្ដាញសង្គម ឬអ៊ីនធឺណិត។ ហើយពេលនោះ ខ្ញុំចង់ប្ដូរការងារ ខ្ញុំអត់ចង់ធ្វើការងារជាអ្នកកាសែតទៀតទេ។ វាធ្វើឱ្យខ្ញុំបាក់ទឹកចិត្ត និងប៉ះពាល់ដល់អារម្មណ៍ខ្ញុំខ្លាំង»។


 
ទោះជួបបញ្ហាទាំងនេះ កញ្ញា វិច្ឆិកា មិនបានបោះបង់ការងារដែលស្រឡាញ់នោះទេ។ កញ្ញា កាន់ វិច្ឆិកា គិតថាអ្នកទាំងនោះគ្រាន់តែជាមនុស្សមួយចំនួនតូច និងមិនអាចធ្វើឱ្យកញ្ញាលាឈប់ពីការងារ ដោយសារពួកគេឡើយ។ អ្នកសារព័ត៌មានឯករាជ្យរូបនេះ ព្យាយាមលើកទឹកចិត្តខ្លួនឯង និងបន្តធ្វើការងារនេះ រហូតដល់បច្ចុប្បន្ន។ 
 
រាល់ពេលដែលជួបបញ្ហានេះ កញ្ញា វិច្ឆិកា ទទួលបានការលួងលោមពីសហការី ដែលប្រាប់កុំឱ្យគិតពីរឿងនេះច្រើនពេក។ សម្រាប់កញ្ញា វិច្ឆិកា ករណីនេះ មិនមានជាដំណោះស្រាយសម្រាប់អ្នកសារព័ត៌មានស្រ្តីនោះទេ។ អ្នកសារព័ត៌មានស្រ្តីដែលប្រឡូកការងាររយៈពេល៧ឆ្នាំមកនេះ តែងតែយកបញ្ហានេះ អំពាវនាវទៅតាមរយៈវិទ្យុ ឬអត្ថបទព័ត៌មាន ដើម្បីសុំជំនួយគាំទ្រដល់ស្ត្រីសារព័ត៌មាន។ ប៉ុន្តែកញ្ញា មិនដែលទទួលបានការឆ្លើយតបពីក្រសួង ឬស្ថាប័នពាក់ព័ន្ធឡើយ។ 
 
អ្នកសារព័ត៌មានប៉ិនប្រសប់ស្ទាត់ជំនាញក្នុងវោហាររូបនេះ និយាយដូច្នេះ៖ «ខ្ញុំមើលឃើញថា ប្រហែលជាមិនសូវមានអ្នកនិយាយបានច្រើនពាក់ព័ន្ធនឹងការបៀតបៀនទាំងអស់ហ្នឹង។ មួយវិញទៀត ប្រហែលជាពួកគាត់ទាំងអស់នោះ គិតថាករណីនោះមិនធ្ងន់ធ្ងរ»។ 
 
ដោយឡែកចំពោះដំណោះស្រាយវិញ កញ្ញា វិច្ឆិកា យល់ថាក្រសួងពាក់ព័ន្ធ គួរតែចាត់វិធានការពីឥឡូវ និងកុំចាំរហូតមានស្រ្តីអ្នកសារព័ត៌មានជាច្រើនទៀតប្រឈម ទើបចាត់វិធានការ ដែលនាំឱ្យវត្តមានអ្នកសារព័ត៌មានជាស្រ្តីថយចុះ។ 
 
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងព័ត៌មាន លើកឡើងថា ក្រសួងព័ត៌មាន និងរដ្ឋាភិបាល តែងយកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះអ្នកប្រកបវិជ្ជាជីវៈព័ត៌មាននៅកម្ពុជា ជាពិសេសស្រ្តី។ អ្នកនាំពាក្យរូបនេះ សង្កេតឃើញថា អ្នកសារព័ត៌មានស្រ្តី ត្រូវបានលើកទឹកចិត្ត និងទទួលបានការចាប់អារម្មណ៍ រួមទាំងការផ្ដល់ឱកាសជាច្រើន។
 


ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទ ឬការបៀតបៀនផ្សេងៗលើអ្នកសារព័ត៌មានស្រ្តី លោក មាស សុភ័ណ្ឌ អះអាងថា រហូតមកដល់ពេលនេះ ក្រសួងព័ត៌មាន ពុំដែលទទួលបាននូវពាក្យស្នើសុំជំនួយ ឬពាក្យបណ្ដឹង ដើម្បីស្នើសុំការការពារណាមួយពីអ្នកសារព័ត៌មានស្រ្តីនោះទេ។
 
បើតាម UN ប្រចាំកម្ពុជា អំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត គឺជាគ្រោះថ្នាក់នៅកន្លែងការងារដ៏ធ្ងន់ធ្ងររបស់ អ្នកសារព័ត៌មានស្រ្តី។ UN បន្តថា អំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត កើតឡើងតាមរយៈការបំពេញការងារ ជារឿយៗ អ្នកសារព័ត៌មានស្រ្តី ត្រូវបានគេយាយី រំលោភបំពាន និងគំរាមកំហែងឥតឈប់ឈរ។ UN អំពាវនាវដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងរដ្ឋាភិបាល ត្រូវតែការពារអ្នកសារព័ត៌មានស្ត្រី ពីអំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត ព្រោះបញ្ហានេះប៉ះពាល់ដល់យើងទាំងអស់គ្នា។
 
កញ្ញា កាន់ វិច្ឆិកា ជំរុញដល់អ្នកសារព័ត៌មានស្រ្តីវ័យក្មេង ត្រូវមានភាពក្លាហាន ធ្វើការងារដែលខ្លួនស្រឡាញ់ និងកុំបារម្ភពីបញ្ហាប្រឈម ឬគ្រោះថ្នាក់ ដែលបញ្ហានេះ កើតឡើងស្ទើរគ្រប់វិស័យ។ កញ្ញា បន្ថែមថា បញ្ហាទាំងនេះ កើតឡើងស្ទើរគ្រប់វិស័យ មិនអាចចៀសផុតបានទេ ប៉ុន្តែអ្នកសារព័ត៌មានស្រ្តី ត្រូវធ្វើការងារដោយល្អ និងការងារដែលផ្ដល់ប្រយោជន៍ដល់សង្គម។ ម៉្យាងវិញទៀត ហ៊ាននិយាយនៅពេលដែលជួបបញ្ហា៕
 

Tag:
 សារព័ត៌មាន
  កាសែត
  កាន់ វិច្ឆិកា
  អំពើហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com