អន្តរជាតិ
លោក Bill Gates និងភរិយា លែងលះគ្នា បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ២៧ឆ្នាំ
04, May 2021 , 9:58 am        
រូបភាព
លោកស្រីMelinda (ខាងឆ្វេង) និងលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft។ រូបភាព៖ AP
លោកស្រីMelinda (ខាងឆ្វេង) និងលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft។ រូបភាព៖ AP
មហាសេដ្ឋីលោក Bill Gates និងភរិយា លោកស្រី Melinda Gates បានសម្រេចលែងលះ ជាមួយគ្នា បន្ទាប់ពីរួមរស់បានរយៈពេល ២៧ឆ្នាំ។ ទោះអ្នកទាំងពីរលះលែងគ្នាក៏ដោយ ប៉ុន្តែការងារមួយចំនួន លោកBill Gates និង លោកស្រី Melinda នៅតែបន្តកិច្ចការងារ រួមគ្នាដដែល។


នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter នៅថ្ងៃទី៤ ខែឧសភា លោកBill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានសរសេរយ៉ាងដូច្នេះថា៖ «បន្ទាប់ពីមានគំនិត និងធ្វើកិច្ចការជាច្រើនរួមគ្នា យើងបានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់យើង»។ ការលះលែងនេះ ដោយសារអ្នកទាំងពីរជឿថា មិនអាចរស់នៅជាមួយគ្នាបាន នៅពេលបន្ទាប់។
 
ដ្បិតអ្នកទាំងពីរបានសម្រេចចិត្តលែងលះគ្នាមែន ប៉ុន្តែកិច្ចការមួយចំនួន លោកBill Gates និងលោកស្រីMelinda នៅតែបន្តធ្វើការជាមួយដដែល។ ក្នុងបណ្តាញសង្គមTwitter ដដែល លោក Bill Gate បានបន្តថា លោក និងអតីតភរិយា នឹងបន្តកិច្ចការរបស់ខ្លួននៅក្នុងមូលនិធិBill and Melinda Gates។ 
 
បើតាមសហស្ថាបនិកMicrosoft ក្នុងរយៈពេល ២៧ឆ្នាំមកនេះ លោក និងអតីតភរិយា បានចិញ្ចឹមកូនចំនួន ៣រូប និងបង្កើតមូលនិធិមួយ ដែលធ្វើការនៅជុំវិញពិភពលោក និងផ្តល់ឱ្យមនុស្សជាច្រើនមានសុខភាពល្អ និងជីវិតដ៏ល្អមួយ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកទាំងពីរក៏បានស្នើឱ្យតុលាការយល់ព្រមលើកិច្ចព្រមព្រៀងបែងចែកទ្រព្យសម្បត្តិផងដែរ ប៉ុន្តែបញ្ហាទាំងនោះ មិនត្រូវបានគេបង្ហាញឱ្យបានលម្អិតឡើយ។ 
 
មូលនិធិ Bill and Melinda Gates ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ គឺមូលនិធិសប្បុរសជនឯកជន ដែលមានទំហំទឹកប្រាក់ច្រើនជាងគេបំផុត។ គិតត្រឹមឆ្នាំ២០១៩ មូលនិធិ Bill and Melinda Gates មានទំហំទ្រព្យសម្បតិ្តចំនួន ៤៣,៣ ពាន់លានដុល្លារ។
 
គួររំលឹកថា លោកBill Gates និងលោកស្រី Melinda បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា នៅក្នុងឆ្នាំ ១៩៩៤ រយៈពេល ៧ឆ្នាំបន្ទាប់ពីលោកស្រីMelinda ចូលធ្វើការងារនៅក្នុងក្រុមហ៊ុន Microsoft ជាអ្នកគ្រប់គ្រងផលិតផល៕ 
 

Tag:
 អាមេរិក
  Bill Gates
© រក្សាសិទ្ធិដោយ thmeythmey.com