COVID-19
ជាតិ
អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ទៀត ជាគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាលមួយកន្លែងក្នុងក្រុងសៀមរាប
04, May 2021 , 12:50 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាយប់ថ្ងៃទី៣ ខែឧសភា បានប្រកាសពីការរកឃើញអ្នកវិជ្ជមានថ្មីម្នាក់ទៀត ដែលជាគ្រូពេទ្យ បម្រើការក្នុងមន្ទីរសម្រាកព្យាបាលមួយកន្លែង ដែលឆ្លងពីអ្នកជំងឺម្នាក់ដែលចូលទៅសម្រាកព្យាបាលមួយថ្ងៃមុនការរកឃើញនេះ។

 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ស្រ្ដីជាគ្រូពេទ្យខាងលើមានឈ្មោះ សួន សីហា អាយុ៣០ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II។ ចំពោះករណីនេះ គឺមានទំនាក់ទំនងជាមួយឈ្មោះ ឈួន សុជាតា ភេទស្រី ដែលត្រូវក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២ ឧសភា កន្លងទៅ ហើយមានប្រវត្តិចូលសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលខាងលើ។ 
 
ពាក់ព័ន្ធនឹងករណីនេះដែរ នៅយប់ថ្ងៃទី២ ឧសភា អាជ្ញាធរបានសម្រេចបិទមន្ទីរសម្រាកព្យាបាលខាងលើ ដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធបន្ត។
 
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៦នាក់  ស្លាប់១នាក់ (ដោយសារជំងឺតម្រងនោមធ្ងន់ធ្ងរ) និង៣០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com