អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីន ចាក់វ៉ាក់សាំងចិន Sinopharm
04, May 2021 , 2:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ទទួលវ់ាក់សាំងកូវីដ-១៩ លើកដំបូង។ រូបភាព៖ Xinhua
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ទទួលវ់ាក់សាំងកូវីដ-១៩ លើកដំបូង។ រូបភាព៖ Xinhua
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ដូសទីមួយ នៅយប់ថ្ងៃទី៣ ខែឧសភា។ វ៉ាក់សាំងរបស់ក្រុមហ៊ុនចិនមួយនេះ មិនទាន់ទទួលការយល់ព្រមឱ្យប្រើប្រាស់បន្ទាន់នៅឡើយទេ។

 
គិតត្រឹមថ្ងៃទី៣ ខែឧសភា ទីភ្នាក់ងារចំណីអាហារ និងឱសថហ្វីលីពីន (FDA) បានអនុម័តវ៉ាក់សាំងចំនួន ៦ប្រភេទ ដាក់ក្នុងបញ្ជីប្រើប្រាស់អាសន្ន។ វ៉ាក់សាំងទាំង៦ ប្រភេទ នោះមានដូចជា Pfizer, AstraZeneca, Sinovac, Sputnik V, Janssen និង វ៉ាក់សាំងឥណ្ឌា Covaxin ។ វ៉ាក់សាំងរបស់ Sinopharm មិនទាន់ទទួលបានការយល់ព្រមឡើយ។ 
 
ទោះជាបែបនេះ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ក៏សម្រេចចិត្តទទួលយកវ៉ាក់សាំង Sinopharm ដដែល។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានអះអាងយ៉ាងដូច្នេះថា៖ «ដូសដំបូងរបស់គាត់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់...ដោយទីភ្នាក់ងារចំណីអាហារ និងឱសថហ្វីលីពីន»។ 
 
ការចាក់វ៉ាក់សាំងសម្រាប់ប្រធានាធិបតីហ្វីលីពីន គឺធ្វើឡើងក្រោមលក្ខខណ្ឌពិសេសមួយ។ លក្ខខណ្ឌបែបនេះ ត្រូវបាន FDA ផ្ដល់ឱ្យក្រុមអង្គរក្សប្រធានាធិបតី (PSG) ប៉ុណ្ណោះ។ 
 
ក្នុងវីដេអូ ដែលត្រូវបានផុសក្នុងបណ្តាJសង្គមដោយសមាជិកព្រឹទ្ធសភា លោក Christopher Bong Go លោកឌូទើតេ ត្រូវបានរដ្ឋមន្រ្តីសុខាភិបាល ចាក់វ៉ាក់សាំងឱ្យនៅដៃខាងឆ្វេង។ បើតាមការអះអាងរបស់ប្រធានាធិបតីហ្វីលីពីនវ័យ៧៦ឆ្នាំ លោកមកទទួលវ៉ាក់សាំង ដើម្បីការពារខ្លួនពីកូវីដ-១៩។ ជាមួយគ្នានេះ លោក ឌូទើតេ ក៏បានលើកទឹកចិត្តឱ្យប្រជាជនហ្វីលីពីនទៅទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផងដែរ។ 
 
គួរបញ្ជាក់ថា តួលេខកូវីដ-១៩ សរុបរបស់ហ្វីលីពីនគិតត្រឹមថ្ងៃទី៣ ខែឧសភា បានកើនដល់ជាង ១លានករណី និងអ្នកស្លាប់មានចំនួន ១៧៥២៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ៩៧ម៉ឺននាក់៕
 

Tag:
 ហ្វីលីពីន
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com