អន្តរជាតិ
អ៊ីស្រាអែល បញ្ជូនជំនួយបន្ទាន់ទៅឱ្យឥណ្ឌាដើម្បីដោះស្រាយបញ្ហាកូវីដ-១៩
04, May 2021 , 6:29 pm        
រូបភាព
អ៊ីស្រាអែល ចាប់ផ្តើមបញ្ជូនជំនួយវេជ្ជសាស្រ្តបន្ទាន់ទៅឱ្យឥណ្ឌា នៅថ្ងៃទី៤ ខែឧសភា ដូចជាឧបករណ៍ផលិតអុកស៊ីសែនដែលត្រូវការជាចាំបាច់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជំងឺកូវីដ-១៩ ឥតឈប់ឈរក្នុងប្រទេសសអាស៊ីខាងត្បូងមួយនេះ។


ក្រសួងការបរទេសអ៊ីស្រាអែល បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៣ ខែឧសភា ថា ជំនួយនឹងត្រូវបានដឹកតាមយន្តហោះជាបន្តបន្ទាប់ពេញមួយសប្តាហ៍ទៅឱ្យឥណ្ឌាដែលរួមមាន ម៉ាស៊ីនផលិតអុកស៊ីសែនជាច្រើនពាន់គ្រឿង ឧបករណ៍ជំនួយដង្ហើម ឱសថ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងជាច្រើនទៀត។ 
 
«ការផ្តល់ជំនួយបន្ទាន់ ជាការបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសរបស់យើងនៅក្នុងគ្រាដែលឥណ្ឌាត្រូវការ» ។ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Gabi Ashkenazi បានបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ដែលផ្សយដោយទីភ្នាក់ងារព័ត៌មាន Reuters។
 
ជំនួយអន្ដរជាតិជាច្រើនបានដឹកជញ្ជូនទៅឥណ្ឌាស្របពេលដែលប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ កំពុងជួបបញ្ហាក្នុងការទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ។ អ៊ឺស្រាអែលជាប្រទេសចុងក្រោយគេដែលប្រកាសផ្តល់ជំនួយទៅឱ្យឥណ្ឌា បន្ទាប់ពីជប៉ុន។ អង់គ្លេស បានផ្តល់ជំនួយទៅដល់ឥណ្ឌាបាន២លើករួចមកហើយ ខណៈអាមេរិកក៏បញ្ជូនជំនួយបន្តបន្ទាប់ដែរ។
 
របាយការណ៍ពីករណីវិជ្ជមានកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌា ធ្លាក់ចុះនៅប៉ុន្មានថ្ងៃនេះ គឺចាប់ពីជាង៤០ម៉ឹនករណីនៅថ្ងៃទី៣០ ខែមេសា មកនៅជាង៣៥ម៉ឺននៅថ្ងៃទី៣ ខែឧសភា។ ប៉ុន្តែវានៅតែជាតួលេខឆ្លងដ៏ខ្ពស់ដែលធ្វើឱ្យឥណ្ឌាខ្វះសម្ភារវេជ្ជសាស្រ្តជាច្រើនដូចជាអុកស៊ីសែន គ្រែអ្នកជំងឺ បើទោះមានជំនួយបរទេសក៏ដោយ។ 
 
សូមបញ្ជាក់ថា ទោះស្ថានភាពឆ្លងកាន់តែធ្ងន់ធ្ងរ រដ្ឋាភិបាលឥណ្ឌា នៅមានការស្ទាក់ស្ទើរ លើការដាក់ប្រទេសក្នុងវិធានការបិទខ្ទប់ទាំងស្រុង ដោយបារម្ភពីសេដ្ខកិច្ចប្រជាជន។ ប៉ុន្តែឥណ្ឌាបានអនុវត្តវិធានការរឹតត្បិតយ៉ាងខ្លាំងដើម្បីទប់ស្កាត់ការឆ្លងលើរដ្ឋជិត១០រួមទាំង Maharashtra និងរដ្ឋធានីញូវដែលីជាដើម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com