កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើងនឹងមិនចូលរួមប្រកួតជម្រុះ World Cup ដែលនៅកូរ៉េខាងត្បូង ក្រោមហេតុផលបារម្ភកូវីដ-១៩
04, May 2021 , 10:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងជើង គ្រោងមិនចូលរួមប្រកួតវគ្គជម្រុះ World Cup ដែលរៀបចំនៅកូរ៉េខាងត្បូងនៅខែក្រោយឡើយ ដោយបារម្ភពីការឆ្លងជំងឺកូវីដ-១៩។ សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) ប្រកាសដូច្នេះនៅថ្ងៃទី ៣ ខែឧសភា។



បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Lee Jae-chul អ្នកនាំពាក្យ KFA បាននិយាយថា សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងជើង (PRKFA) បានផ្ញើលិខិតមួយកាលពីថ្ងៃទី៣០ ខែឧសភាទៅកាន់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ដោយប្រកាសថា ក្រុមពួកគេនឹងមិនចូលរួមក្នុងវគ្គជម្រុះជុំទី២ទេ។
 
យ៉ាងណាក៏ដោយ លោក Lee បន្ថែមថា AFC កំពុងស្នើសុំឱ្យភាគីកូរ៉េខាងជើងពិចារណាឡើងវិញជុំវិញការសម្រេចចិត្តខាងលើនេះ។
ការប្រកួតជម្រុះព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ជុំទី២ នៅទូទាំងទ្វីបអាស៊ី បានរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ ចំណោមការប្រកួតទាំងអស់មានតែ៣ប្រកួតដែលត្រូវប្រកួតនៅខែមីនា ត្រូវពន្យារពេលរហូតដល់ខែមិថុនា។
 
AFC បានប្រកាសនៅថ្ងៃទី១២ ខែមេសាថា ដើម្បីមានភាពងាយស្រួល ជាជាងការប្រកួតនៅឆ្ងាយ ក្រុមនីមួយៗនៃប្រទេសទាំង ៥ នឹងលេងនៅក្នុងប្រទេសម្ចាស់ផ្ទះតែមួយ។ កូរ៉េខាងត្បូងត្រូវបាន AFC ដាក់ឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល H ដែលរួមមានកូរ៉េទាំងពីរ តួកម៉េនីស្ថាន លីបង់ និងស្រីលង្កា។
 
គម្រោងមិនចូលរួមប្រកួតជម្រុះ World Cup នៅទឹកដីកូរ៉េខាងត្បូង ពីសំណាក់កូរ៉ខាងជើង ទំនងជាបណ្តាលមកពីបញ្ហានយោបាយ។ ការសម្រេចចិត្តរបស់កូរ៉េខាងជើងនេះកើតឡើងជិតមួយខែ បន្ទាប់ពីពួកបានប្រកាសផងដែរថានឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ដោយសារតែព្រួយបារម្ភអំពីជំងឺឆ្លងកូវីដ-១៩៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com