ជាតិ
ឆ្លាក់ស្ពាន់បានកម្រៃម៉ឺនដុល្លារ តែជាការងារដែលលោក ជា យុទ្ធា ប្រើពេលផ្ចិតផ្ចង់រាប់ខែ
×
ដោយ៖ ប៉ូ សុភា
កណ្តាល៖ វត្ថុតាំងលម្អគេហដ្ឋាន និងវត្ថុអនុស្សាវរីយ ឆ្លាក់ពីស្ពាន់ របស់លោក ជា យុទ្ធា អាចមានតម្លៃចាប់ពី ១០០ដុល្លារ រហូតដល់១ម៉ឺនដុល្លារ តាមក្បាច់រចនា ប្រភេទចម្លាក់ និងរយៈពេលឆ្លាក់។ ចម្លាក់ស្ពាន់ទាំងនោះ មិនមែនមានតម្លៃថ្លៃ ដោយសាច់ស្ពាន់ ឬទម្ងន់នោះទេ ប៉ុន្តែគេឱ្យតម្លៃខ្លាំងទៅលើតម្លៃស្នាដៃ និងភាពប្រណីត ដែលកើតចេញពីការផ្ចិតផ្ចង់របស់លោក ជា យុទ្ធា ដែលមានវ័យ៦៧ឆ្នាំនោះ។ ទោះជាទទួលបានកម្រៃខ្ពស់ពិតមែន ប៉ុន្តែលោក ជា យុទ្ធា បានចំណាយរាប់ខែ ដល់ឆ្នាំផងក៏មាន ផ្ចិតផ្ចង់ដាប់ ឆ្លាក់ ចម្លាក់ស្ពាន់ជូនអតិថិជនរបស់ខ្លួន។
លោក ជា យុទ្ធា គឺជាជាងចម្លាក់ស្ពាន់ដែលមានទឹកដៃដ៏ចំណានមួយរូប នៅក្នុងភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ លោក យុទ្ធា បានចាប់អាជីពជាជាងចម្លាក់ស្ពាន់នេះ តាំងពីឆ្នាំ១៩៦៧មកម្ល៉េះ។ បច្ចុប្បន្ន បុរសវ័យ៦៧ឆ្នាំរូបនេះ កំពុងមមាញញឹកខ្លាំងស្ទើរគ្មានពេលសម្រាក លើការងារដាប់ ឆ្លាក់ ភាជនៈ ប្រអប់ ចាន ស្លាបព្រា ថាស ស្រោមដាវ ស្រោមព្រះខ័ឌ្គ និងវត្ថុលម្អច្រើនប្រភេទទៀត ជូនអតិថិជនរបស់ខ្លួន ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត និងមួយចំនួនតូចជាអ្នករស់នៅក្រៅប្រទេស ដូចជាអូស្ដា្រលី អាមេរិក និងបារាំងជាដើម។
លោក ជា យុទ្ធា បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmeythmeyថា លោកត្រូវចំណាយពេលពី ៦ខែទៅ ១ឆ្នាំ ក្នុងការដាប់ ឆ្លាក់ ផ្តិលស្ពាន់ ឬប្រអប់ និងវត្ថុតាំងលម្អផ្សេងទៀត ដែលមានក្បាច់ចម្លាក់ ដែលស្រង់ចេញពីជញ្ជាំងប្រាង្គប្រាសាទ។ លោក យុទ្ធា ក៏ទទួលបានកម្រៃខ្ទង់ម៉ឺនដុល្លារ ពីការងារដែលចំណាយពេលយូរ និងផ្ចិតផ្ចង់ដូចនេះ។ លោក ជា យុទ្ធា ពន្យល់បន្ថែមថា៖ «វត្ថុមួយៗ ដែលខ្ញុំឆ្លាក់ចេញមិនគិតតម្លៃ តាមទម្ងន់របស់ស្ពាន់ទេ ប៉ុន្ដែខ្ញុំគិតជាចំនួន។ ភាគច្រើន អតិថិជនគេឱ្យឆ្លាក់ក្បាច់ប្រណីតៗ មានតម្លៃមិនក្រោមម៉ឺនដុល្លារឡើយ»។
ដ្បិតមានតម្លៃខ្ពស់នៅលើទីផ្សារ ប៉ុន្ដែចម្លាក់ប្រភេទនេះ នៅតែពេញនិយមសម្រាប់អ្នកដែលស្រឡាញ់ និងឱ្យតម្លៃក្បាច់ចម្លាក់ និងអ្នកមានជីវភាពធូរធារផងដែរ។ លោក យុទ្ធា បន្តថា តម្លៃមិនមែនជាបញ្ហារបស់អ្នកស្រឡាញ់ចម្លាក់ស្ពាន់ ដែលចេញពីស្នាដៃរបស់លោកនោះទេ សំខាន់អតិថិជនគេទទួលបានទំនិញដែលត្រូវចិត្ត និងមានគុណភាព។ តាមលោក ជា យុទ្ធា មានអតិថិជនថ្មីចាស់ៗជាច្រើន មិនព្រមជ្រើសរើសសេវាកម្ម ដែលឆ្លាក់ពីជាងផ្សេងនោះទេ ដោយសុខចិត្តរង់ចាំ ពីរ ទៅបីឆ្នាំ ឱ្យតែបានចម្លាក់ស្ពាន់ ដែលដាប់ ឆ្លាក់ ដោយទឹកដៃរបស់លោក។ «ពេលខ្ញុំឆ្លាក់មិនទាន់ អ្នកថ្មីៗបានត្រឹមកត់ឈ្មោះទុកសិន។ មានអតិថិជនចាស់មួយចំនួន បញ្ជាទិញរួចហើយ ពីរ ទៅបីឆ្នាំទើបទទួលបានទំនិញ ប៉ុន្ដែពួកគេនៅតែចាំ ដោយនិយាយថា ពិបាករកជាងទង ដែលអាចឆ្លាក់នូវចម្លាក់ប្រណិត និងកម្រដូចខ្ញុំ»។ លោក យុទ្ធា បញ្ជាក់ដូច្នេះ។
ចង់បន្សល់ស្នាដៃចម្លាក់របស់ខ្លួន នៅនឹងចម្លាក់ស្ពាន់
ឈានចូលដល់វ័យ ជាង៦០ឆ្នាំ ជាងចម្លាក់ស្ពាន់ ជា យុទ្ធា បានដឹងច្បាស់ថា ពេលវេលារបស់ខ្លួន នៅសល់ក៏មិនច្រើន រីឯកម្លាំងកំហែងក៏ចុះខ្សោយ។ ហេតុដូច្នេះហើយ ទើបចាប់តាំងពីឆ្នាំ ២០១៨ មក លោក ជា យុទ្ធា ចាប់ផ្តើមសិក្សា និងឆ្លាក់ចម្លាក់លើវត្ថុលម្អពីស្ពាន់ ដែលដកស្រង់ចេញពីជញ្ជាំងប្រាសាទនានា ហើយដែលកម្រមានអ្នកឆ្លាក់។ បើទោះជាមានពិសោធន៍រាប់ឆ្នាំ ហើយឆ្អិននឹងការងារឆ្លាក់ស្ពាន់ហើយក៏ដោយ ក៏លោក ជា យុទ្ធា នៅតែទទួលស្គាល់ថា ការឆ្លាក់ក្បាច់ និងរូបចម្លាក់ ដែលដក់ស្រង់ចេញពីប្រាសាទបុរាណ មិនងាយស្រួលនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏លោក ជា យុទ្ធា ក៏នៅខិតខំឆ្លាក់ដោយផ្ចិតផ្ចង់ ដើម្បីបង្ហាញពីភាពល្អឯកនៃក្បាច់ចម្លាក់ខ្មែរ ជាពិសេសបុរសវ័យ ៦៧ឆ្នាំរូបនេះ ចង់បន្សល់ស្នាដៃរបស់ខ្លួន នៅនឹងវត្ថុលម្អទាំងនោះ។
«សម្រាប់រូបខ្ញុំ បច្ចុប្បន្នលុះត្រាក្បាច់ប្រណីត យកចេញពីប្រាសាទ និងក្បាច់កម្រ ទើបទទួលធ្វើ។ ខ្ញុំគិតថា ចង់បន្សល់ទុកស្នាដៃល្អ ដល់ក្មេងជំនាន់ក្រោយបានឃើញ ពីភាពល្អឯក និងប្រកបដោយតម្លៃនៅក្នុងសង្គម។ ខ្ញុំនិយាយបែបនេះ មិនមែនមានន័យថា មិនឱ្យតម្លៃក្បាច់ធម្មតាទេ ប៉ុន្ដែខ្ញុំផ្ទាល់ ចង់ចំណាយពេលសល់បន្តិចបន្តួច បង្ហាញពីភាពអត់ធ្មត់ និងការខំប្រឹងសិក្សាកន្លងមក ទុកតាមវត្ថុទាំងនោះ»។ នេះជាអះអាងបន្ថែមរបស់ លោក ជា យុទ្ធា ប្រាប់សារព័ត៌មាន Thmeythmey។
ការងារឆ្លាក់ស្ពាន់ កាន់តែមមាញឹក ក្នុងអំឡុងកូវីដ-១៩
សព្វថ្ងៃ លោក ជា យុទ្ធា កំពុងផ្ទេរចំណេះ និងជំនាញសិល្បៈចម្លាក់នេះ ទៅឱ្យកូនប្រុសបង្កើត និងចៅប្រុសទាំងពីរបស់ខ្លួន។ ដោយលោក ទទួលធ្វើតែក្បាច់ប្រណីតៗ ឬក្បាច់ចម្លាក់ដែលស្រង់ចេញពីជញ្ជាំងប្រាសាទ ហើយការងារចម្លាក់ស្ពាន់ដទៃទៀត ត្រូវធ្លាក់ទៅកូន និងចៅ របស់ខ្លួន។ លោក វ៉េន រ៉ាម៉ូ ដែលជាកូនប្រុសបង្កើតរបស់ លោក យុទ្ធា បានថ្លែងប្រាប់អ្នកសារព័ត៌មាន Thmeythmeyបន្ថែមថា អាជីវកម្មចម្លាក់ស្ពាន់លក្ខណៈគ្រួសាររបស់លោក គ្មានផលប៉ះពាល់ទេ នៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ផ្ទុយទៅវិញ គឺកាន់តែមមាញញឹក ព្រោះមានអ្នកបញ្ជាទិញច្រើនជាងមុន។ មានអតិថិជនច្រើនជាមុន ព្រោះតែលោក រ៉ាម៉ូ បានធ្វើទីផ្សារ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដូចជាការផ្សព្វផ្សាយរូបភាព និងវីដេអូ អំពីស្នាដៃចម្លាក់របស់ខ្លួន និងឪពុក។ លោក វ៉េន រ៉ាម៉ូ បន្ថែមថា៖ «ពេលខ្ញុំបង្ហោះរូបសន្លឹក និងវីដេអូ មានអ្នកចាប់អារម្មណ៍ច្រើន និងត្រូវបានគេចែករំលែកជាបន្តបន្ទាប់។ ខណៈពេលល្បីនៅលើបណ្ដាញសង្គម យ៉ាងតិចណាស់ក៏មានអ្នកបញ្ជាទិញម្នាក់ ឬ២នាក់ក្នុងមួយថ្ងៃ មិនដែលស្ងាត់ទេ»។
តាមបុរសវ័យ៤០ឆ្នាំរូបនេះ បច្ចុប្បន្ននៅមានឈ្មោះភ្ញៀវថ្មីជាង២០០ឈ្មោះទៀត ដែលមិនទាន់ទទួលបានទំនិញរបស់ខ្លួននៅឡើយ។ លោក រ៉ាម៉ូ បន្ថែមថា អតិថិជនទាំងអស់ ត្រូវរង់ចាំរហូតដល់លេខរៀងរបស់ពួកគេ ទើបជាង ទាក់ទងទៅពិភាក្សាពីក្បាច់ និងតម្លៃដែលត្រូវចំណាយ៕
Tag:
ចម្លាក់
ស្ពាន់
ជា យុទ្ធា
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com