COVID-19
ជាតិ
រដ្ឋាភិបាល នៅតែបន្តរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ-១៩ ទោះបញ្ចប់ការបិទខ្ទប់ភ្នំពេញ និងតាខ្មៅ
× ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅម៉ោង០០ ថ្ងៃទី៦ ឧសភាខាងមុខ រដ្ឋាភិបាល នឹងបន្តពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ សេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៤ ឧសភា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន១៤ចំណុច សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី- ខេត្ត។
តាមសេចក្ដីណែនាំខាងលើ សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល បន្តសម្របសម្រួល និងគាំទ្រដល់គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងការជំរុញការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង។ លើសពីនេះ ដើម្បីពង្រឹងការអនុវត្តវិធានការ រដ្ឋាភិបាល ក៏បានជំរុញដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើការកំណត់ជាតំបន់ក្រហម, លឿងទុំ និងលឿង រួមទាំងពង្រឹងការធ្វើដំណើរចេញចូល ឬឆ្លងកាត់ភូមិសាស្ត្របិទខ្ទប់។
ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងក្នុងភូមិសាស្ត្របិទខ្ទប់ គណៈអភិបាលរាជធានី-ខេត្ត ត្រូវត្រៀមបម្រុងទុកជាមុន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្ដល់ជំនួយដល់ពលរដ្ឋក្រីក្រ និងជួបការលំបាក ពិសេសតំបន់ក្រហម។ ជាមួយគ្នានេះ អាជ្ញាធរតាមច្រកនីមួយៗទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស រួមទាំងគណៈអភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការសហការ និងយកសំណាកអ្នកដំណើរ ដោយពង្រឹងការធ្វើចត្តាឡីស័ក។
សេចក្ដីណែនាំដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន បន្តថា គណៈអភិបាលរាជធានី-ខេត្ត ត្រូវត្រួតពិនិត្យ និងរឹតបន្តឹងរាល់ការជួបជុំ ឬសកម្មភាពការងារ អាជីវកម្ម ដែលមានហានិភ័យខ្ពស់។ ដោយឡែក បម្រាមគោចរពីម៉ោង២០ដល់ម៉ោង៣ព្រឹក គណៈអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំសម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយ។
បន្ថែមលើនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវហាមឃាត់ ឬផ្អាកសកម្មភាពការងារ មុខរបរ អាជីវកម្ម ពិសេសតំបន់ផ្សារ ឬទីកន្លែងលក់គ្រឿងឧបភោគបរិភោគ ដែលរកឃើញ និងសង្ស័យមានការឆ្លងរាលដាល។ រដ្ឋាភិបាល ក៏រំឭកដល់ក្រសួងស្ថាប័នមានសមត្ថកិច្ច និងគណៈអភិបាលរាជធានី-ខេត្ត បន្តបង្កើនកិច្ចសហការ ដើម្បីចាត់វិធានការទាន់ពេលវេលា ដោយកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងៗទៀត៕
Tag:
COVID-19
បិទខ្ទប់
តំបន់ក្រហម
តំបន់លឿងទុំ
តំបន់លឿង
© រក្សាសិទ្ធិដោយ thmeythmey.com