COVID-19
ជាតិ
សម្តេច ហ៊ុន សែន ឲ្យបន្តចាក់វ៉ាក់សាំងដូសទី១ដល់ពលរដ្ឋ​ប្រមាណ៥២ម៉ឺននាក់នៅតំបន់ក្រហម
05, May 2021 , 8:27 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM
ដោយ: រួបរួម
ក្នុងសារជាសំឡេងមួយ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់បន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទីមួយឲ្យដល់ពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ប្រមាណ៥២ម៉ឺននាក់។



សម្តេចបានលើកឡើងថា រដ្ឋាភិបាល មិនដើរចោលប្រជាជនមួយណាឡើយ ប៉ុន្តែពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ពិតជាមានស្ថានភាពលំបាកច្រើន ដូច្នេះពួកគាត់គួរទទួលបានប្រយោជន៍មុនគេ។

កន្លងមក យុទ្ធនាការចាក់វ៉ាក់សាំងដូសទី១នៅតំបន់ក្រហម គ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ដោយសារតែវ៉ាក់ដែលត្រៀមមានប្រមាណ៤៥ម៉ឺនដូសប៉ុណ្ណោះ។ សម្តេចបានស្នើឲ្យសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្តយុទ្ធនាការ ដោយសារតែកម្ពុជានឹងទទួលាន៥០ម៉ឺនដូសទៀតនៅថ្ងៃទី១១ និង៥០ម៉ឺនដូសទៀតនៅថ្ងៃទី១៥ ខែឧសភា។

ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅតំបន់ក្រហម បានបញ្ចប់តាមផែនការនោះ ចំនួនពលរដ្ឋកម្ពុជាដែលចាក់វ៉ាក់សាំងនឹងកើនឡើងដល់២០ភាគរយក្នុងចំណោមពលរដ្ឋសរុប។ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងបន្ថែមទៀតថា ពលរដ្ឋទាំងអស់នឹងទទួលបានវ៉ាក់សាំង គ្រាន់តែជារឿងមុន និងក្រោយប៉ុណ្ណោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com