COVID-19
ជាតិ
រកឃើញអ្នកវិជ្ជមានកូវីដថ្មី៤នាក់បន្ថែមទៀតនៅខេត្តសៀមរាប
05, May 2021 , 10:57 am        
រូបភាព
រូបពីរដ្ឋបាលខេត្តសៀមរាប
រូបពីរដ្ឋបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានពីករណីបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត។

 
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនាយប់ថ្ងៃទី៤ ឧសភា ករណីទាំង៤ខាងលើ ២ករណីជាការនាំចូល និង២ករណីទៀត ឆ្លងបន្តពីករណីចាស់ដែលរកឃើញប៉ុន្មានថ្ងៃមុន។ ករណីទី១ ឈ្មោះ ក្រៀល ហឿត ភេទប្រុស អាយុ៣៩ឆ្នាំ បុគ្គលិកលក់ឆ្នោត អាសយដ្ឋាននៅភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលទើបវិលត្រឡប់ពីរាជធានីភ្នំពេញ។ ទី២ ឈ្មោះ លីស ជី ភេទស្រី អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត សង្កាត់គោកចក ជាបុគ្គលិកបម្រើការងារនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II  ដែលផ្ទុះករណីជំងឺកូវីដ និងត្រូវអាជ្ញាធរសម្រេចបិទបណ្ដោះអាសន្នកាលពីថ្ងៃទី២ ឧសភា។ 
 
ទី៣ ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ ៤០ឆ្នាំ អាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ដែលបានជូនប្រពន្ធទៅព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II។ និងទី៤ ករណីកុមារម្នាក់ អាយុ២ឆ្នាំ អាសយដ្ឋាននៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ទើបវិលត្រឡប់ពីខេត្តកោះកុងជាមួយគ្រួសារ ដោយធ្វើដំណើរតាមរថយន្តក្រុង ហើយបច្ចុប្បន្នអ្នកបើកបរ និងអ្នកដំណើររួមគ្នា បានយកសំណាក និងកំពុងធ្វើចត្តាឡីស័កនៅខេត្តសៀមរាប លើកលែង៤នាក់បានបន្តដំណើរទៅខេត្តព្រះវិហារ។
 
គិតត្រឹមថ្ងៃទី៤ ឧសភា ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ៥១នាក់ ក្នុងនោះបានជាសះស្បើយ១៦នាក់ ស្លាប់ម្នាក់ និង៣៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com