កីឡាអន្តរជាតិ
អន្តរជាតិ
Verratti និង Herrera ចោទអាជ្ញាកណ្តាលប្រមាថពួកគេ ដោយប្រើពាក្យ F**K
05, May 2021 , 12:14 pm        
រូបភាព
Marco Verratti និង Ander Herrera ខ្សែបម្រើក្រុម Paris Saint-Germain បានចោទប្រកាន់អាជ្ញាកណ្តាលកាត់សេចក្តីលោក Bjorn Kuipers ថាបានជេរប្រមាថពួកគេលើទីលាន អំឡុងការប្រកួត Champions League ដែលក្រុមខ្លួនចាញ់ Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


 
PSG អស់ឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុប បន្ទាប់ពីចាញ់ Man City ទាំងពីរជើងក្នុងលទ្ធផល ៤-១។ នាជំនួបជើងទី២ នៅរាត្រីថ្ងៃទី៤ ខែឧសភា ក្រុមយក្សបារាំងបានចាញ់ក្រុមអង់គ្លេស ២-០ បន្ទាប់ពីបរាជ័យនៅជើងទី១ ក្នុងលទ្ធផល ២-១ រួចមក។
 
ក្រោយ Riyad Mahrez រកបាន ២ គ្រាប់ឱ្យ Man City ក្រុម PSG ត្រូវសល់គ្នាតែ១០នាក់នៅពាក់កណ្តាលតង់ទី២ បន្ទាប់ពី Angel Di Maria រងពិន័យកាតក្រហមដោយសារទាត់ជើង Fernandinho នៅនាទី៦៩។


 
Verratti និង Herrera បានប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដែលបណ្តេញ Di Maria ស្របពេលក្រុមក៏ពុងត្រូវបាននាំមុខ២គ្រាប់ផងនោះ។ ក្រោយចប់ការប្រកួតលោក Verratti ខ្សែបម្រើសញ្ជាតិអ៊ីតាលីបានប្រាប់កាសែត RMC Sport ថា៖ «អាជ្ញាកណ្តាលបាននិយាយមកកាន់ខ្ញុំ f*** you ពីរដង។ ជាការពិតខ្ញុំនិយាយច្រើនជាមួយអាជ្ញាកណ្តាលមែន ប៉ុន្តែខ្ញុំមិនដែលនិយាយអសុរសដូចនេះទេ»។
 
ដោយឡែក Herrera ក៏បានលឺអាជ្ញាកណ្តាលលោក Kuipers និយាយពាក្យ f*** you ទៅកាន់ Leandro Paredes មិត្តរួមក្រុមរបស់ PSG ផងដែរ។ អតីតខ្សែបម្រើ Man Utd រូបនេះបន្ថែមថា ប្រសិនបើរូបគេនិយាយដូច្នេះ នោះនឹងទទួលបានបម្រាម ៣ ឬ ៤ ប្រកួតមិនខាន។
 
ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២នេះ PSG គ្មានឱ្យកាសស៊ុតចំគោលទីរបស់ក្រុមលោក Pep Guardiola សូម្បីមួយជើង ខណៈក្រុមមេឃខៀវបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com