ជាតិ
ការវិនិយោគលើឆ្មប ជាការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងទារក
05, May 2021 , 1:19 pm        
រូបភាព
ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានសម្រាលទារកឱ្យស្រ្តីដែលមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២ ឧសភា។ រូបភាពពីហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានសម្រាលទារកឱ្យស្រ្តីដែលមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២ ឧសភា។ រូបភាពពីហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
ភ្នំពេញ៖ ការវិនិយោគលើឆ្មប ជាការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងទារក។ នេះជាការលើកឡើងរួមគ្នារបស់អ្នកជំនាញផ្នែកគាំពារសុខភាពមាតា និងទារក សមាគមឆ្មបកម្ពុជា រួមទាំងតំណាងរបស់UNFPA ប្រចាំកម្ពុជា ក្នុងទិវាឆ្មបអន្តរជាតិ ៥ ឧសភា។ អ្នកជំនាញដដែលបន្តបញ្ជាក់ថា ដើម្បីវិនិយោគលើឆ្មបឱ្យប្រកបដោយគុណភាព មិនត្រូវបង្កើនតែចំនួននោះទេ តែត្រូវបង្កើនគុណភាពនៃការអប់រំ និងបណ្តុះបណ្តាលបន្ត ការគ្រប់គ្រង និងបង្កើតបរិយាកាសល្អប្រសើរក្នុងការបំពេញការងារ។


នៅឆ្នាំនេះទិវាឆ្មបអន្តរជាតិ នឹងប្រារព្ធឡើងក្រោមប្រធានបទ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគ លើការងារឆ្មប» ដែលប្រធានបទឆ្នាំនេះ គឺដើម្បីបង្ហាញអំពីតួនាទីដ៏សំខាន់របស់ឆ្មបដែលជាមូលដ្ឋានដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខភាពមាតាដើម្បីសម្រេចបានគោលដៅអភិវឌ្ឍសុខាភិបាលជាតិ និងការប្តេជ្ញាចិត្តនៃសន្ធិសញ្ញាអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ព្រមទាំងសម្រេចបាននូវគោលដៅប្រកបដោយចីរភាពត្រឹមឆ្នាំ២០៣០ ។  
 
ក្នុងឱកាសនេះ អ្នកជំនាញផ្នែកគាំពារសុខភាពមាតា និងទារក សមាគមឆ្មបកម្ពុជា រួមទាំងតំណាងរបស់UNFPA ប្រចាំកម្ពុជា បានជំរុញរួមគ្នា ឱ្យមានការវិនិយោគលើឆ្មបបន្ថែមទៀត ដើម្បី ចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងទារក បានកាន់តែច្រើនបន្ថែមទៀត។ 
 
ទន្ទឹមនឹងការជំរុញឱ្យមានការវិនិយោគលើឆ្មប អ្នកជំនាញនៃស្ថាប័នទាំង៣នេះ ក៏បានបង្ហាញលទ្ធផលនៃការស្រាវជ្រាវជុំវិញការកាត់បន្ថយអត្រាមរណភាពកុមារ និងមាតាដោយឆ្មបជំនាញផងដែរ។ ការស្រាវជ្រាវនោះបានបង្ហាញថា ការវិនិយោគលើឆ្មប នឹងអាចជួយសង្គ្រោះជីវិតរហូតដល់ ៤.៣ លាននាក់រៀងរាល់ឆ្នាំ ដោយបន្ថយអត្រាមរណភាពមាតាចំនួន ៦៧% មរណៈទារក ចំនួន៦៤% និងទារកមិនទាន់កើត ចំនួន៦៥%។ ការកើនឡើងនៃការគ្រប    ដណ្តប់ នៃអន្តរាគមន៍លើការសម្រាលដោយឆ្មបជំនាញ ឱ្យបាន២៥% រៀងរាល់៥ឆ្នាំ អាចបញ្ជៀសការស្លាប់របស់មាតាចំនួន៤១% ការស្លាប់របស់ទារក៣៩% ការស្លាប់របស់ទារកនៅក្នុងផ្ទៃរហូត ដល់២៦%ត្រឹមឆ្នាំ២០៣៥។ នេះមានន័យថា ការស្លាប់ចំនួន ២.២លាននាក់ ត្រូវបានបញ្ជៀសក្នុងមូយឆ្នាំ។
 
លើសពីនេះ ទោះស្ថិតនៅក្នុងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ ឆ្មបនៅទូទាំងពិភពលោក នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យសុខាភិបាល  ដោយបានឈរនៅជួរមុខក្នុងការថែទាំសុខភាព និងការផ្តល់សេវាដល់ ស្ត្រី និងទារក ដើម្បីការពារ និងជួយសង្រ្គោះជីវិតដល់ម្ដាយនិងកូនក្នុងផ្ទៃ។ ស្របពេលនេះ ឆ្មបកម្ពុជា ក៏បានផ្តល់សេវាថែទាំដល់ស្ត្រី កុមារ និងយុវវ័យនៅក្នុងសហគមន៍តាមទីកន្លែងដែលខ្លួនរស់នៅ ជាពិសេសគឺក្នុងអំឡុងពេលជំងឺរាតត្បាត ដែលអាចចូលរួមចំណែកកាត់បន្ថយបន្ទុករបស់មូលដ្ឋានសុខាភិបាល។ 
 
គួរកត់សម្គាល់ថា ជាសម្រេចបានកាត់បន្ថយនូវអត្រាមរណភាព របស់មាតា  ប្រហែល ៦៥% ពី៤៧២នាក់ ទៅ១៧០នាក់ ក្នុង១០០,០០០ កំណើតរស់ រវាងឆ្នាំ២០០៥ និងឆ្នាំ២០១៤ ហើយការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះ ពី១២៤នាក់ ក្នុង១,០០០កំណើតរស់ នៅឆ្នាំ២០០០ ទៅ៣៥នាក់ ក្នុង១០០០កំណើតរស់ នៅឆ្នាំ២០១៤។ តាមអ្នកជំនាញ លទ្ធផលនេះសម្រេចបានដោយសារមានការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ការអប់រំ និងកំណើនឡើងនៃសេវាសាវ័ន្តនៃសុខភាពផ្លូវភេទ បន្តពូជ និងមាតា ដូចជាផែនការគ្រូសារ ការពិនិត្យផ្ទៃពោះ ការសម្រាលដោយសុវត្ថិភាព ការសង្គ្រោះបន្ទាន់ផ្នែកសម្ភព ការថែទាំក្រោយសម្រាល និងសេវាសំខាន់ៗផ្សេងទៀត។
 
ទោះយ៉ាងណា អត្រាមរណភាពមាតានៅកម្ពុជា នៅតែមានកម្រិតខ្ពស់ បើធៀបជាមួយប្រទេសនៅក្នុងតំបន់។ អត្រាខ្ពស់នេះ ក៏ព្រោះតែការប្រើមធ្យោបាយពន្យារកំណើតទំនើបនៅមានកម្រិតទាប ជាពិសេសមនុស្សវ័យក្មេង ដែលនាំឱ្យអត្រាមានផ្ទៃពោះវ័យក្មេង មានការកើនឡើង។ ជាមួយគ្នានេះ ការផ្ដល់សេវាពិគ្រោះពីគ្រូពេទ្យ នូវសេវាសុខភាពផ្លូវភេទ បន្តពូជ និងសុខភាពមាតា នៅតាមតំបន់ខ្លះនូវមានកម្រិតនៅឡើយ។ 
 
បើតាមលិខិតចេញរួមគ្នារបស់អ្នកជំនាញខាងលើ ដើម្បីវិនិយោគលើឆ្មបឱ្យប្រកបដោយគុណភាព មិនត្រូវតែបង្កើនតែចំនួននោះទេ តែត្រូវបង្កើនគុណភាពនៃការអប់រំការបណ្តុះបណ្តាលបន្ត ការគ្រប់គ្រងនិងបរិយាកាសការងារដើម្បីឱ្យមានភាពល្អប្រសើរឡើង។ 
 
គួរជម្រាបថា នៅឆ្នាំ២០១៩នេះកម្ពុជាមានបុគ្គលិកសុខាភិបាលចំនួន ២៦,០៣៧នាក់ ដែលក្នុងនោះ មានឆ្មបបរិញ្ញាប័ត្រចំនួន៣២១នាក់ ឆ្មបមធ្យម ៤,៦២១នាក់ និងឆ្មបបឋម ២,១៨៦នាក់៕ 
 
 

Tag:
 ឆ្មប
  ទិវាឆ្មបអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com