COVID-19
ជាតិ
ស្នងការរងខេត្តព្រះវិហារម្នាក់ ស្លាប់ដោយសារកូវីដ-១៩
05, May 2021 , 1:34 pm        
រូបភាព
ភ្នំពេញ ៖ លោក ចៅ ស៊ីថុល ស្នងការរងនគរបាលខេត្តព្រះវិហារ បានស្លាប់កាលពីថ្ងៃទី៤ ឧសភា ដោយសារជំងឺកូវីដ-១៩។ នេះបើតាមលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ។


 
លោក សួស សុខដារ៉ា បានបញ្ជាក់ថា លោក ចៅ ស៊ីថុល អាយុ៥៦ឆ្នាំ បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយមរណភាពនេះ វេជ្ជបណ្ឌិត ថាច់ សុគីរីដា ធ្វើតេស្តលើសពលោក ចៅ ស៊ីថុល (Rapid Test) ដោយរកឃើញវិជ្ជមានកូវីដ-១៩។
 
តាមរយៈលិខិតស្នងការនគរបាលខេត្តព្រះវិហារ ធ្វើរបាយការណ៍ផ្ញើទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៤ ឧសភា បានបញ្ជាក់ដូច្នេះថា៖«បច្ចុប្បន្នសពត្រូវបានក្រុមគ្រូពេទ្យត្រៀមយកទៅបូជាតាមបច្ចេកទេសនៅកន្លែងបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩»។
 
របាយការណ៍លោក សួស សុខដារ៉ា បានបញ្ជាក់ទៀតថា កន្លងមកលោក ចៅ ស៊ីថុល ក៏មានជំងឺប្រចាំកាយទឹកនោមផ្អែម និងលើសឈាម ដែលបណ្ដាលឱ្យស្លាប់មួយចំហៀងខ្លួនផងដែរ ហើយត្រូវបានអង្គភាពអនុញ្ញាតឱ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើតនៅខេត្តសៀមរាប តាំងពីឆ្នាំ២០១៣មកម្ល៉េះ ។ ដោយសារតែស្ថានភាពទ្រុឌទ្រោមខ្លាំងនោះ ត្រូវបានប្អូនស្រីបង្កើត បញ្ជូនលោក ចៅ ស៊ីថុល ទៅព្យាបាលនៅភ្នំពេញ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦៩៧១ ករណី ក្នុងនោះអ្នកជាសះស្បើយ សរុប ៦០១៩នាក់ និងស្លាប់១១០នាក់៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com