អន្តរជាតិ
ចិន ប្រាប់ហ្វីលីពីនកុំធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងកាន់តែស្មុគស្មាញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាព៖ Reuters
× ចិន នៅថ្ងៃទី៤ ខែឧសភា បានជំរុញឱ្យហ្វីលីពីនគោរពអធិបតេយ្យ និងយុត្តាធិការរបស់ខ្លួន លើដែនកោះ Huangyan នៃសមុទ្រចិនខាងត្បូងឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ ក្រុងប៉េកាំង ក៏បានប្រាប់រដ្ឋាភិបាលក្រុងម៉ានីលផងដែរថា ឈប់បង្កភាពស្មុគស្មាញនៅក្នុងតំបន់។
ទីក្រុងប៉េកាំង បានប្រតិកម្មនឹងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Teodoro Locsin ដែលប្រើពាក្យរិះគន់ខ្លាំងៗតាមបណ្តាញសង្គម Twitter ជុំវិញវត្តមានទូកនេសាទរបស់ចិន នៅក្នុងដែនទឹកហី្វលីពីនក្នុងសមុទ្រចិនខាងត្បូង។ លោក Locsin ទាមទារឱ្យចិនប្រមូលទូកនេសាទចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន។
ទាក់ទិននឹងបញ្ហាខាងលើ ក្រុងប៉េកាំង បានទាមទារឱ្យរដ្ឋាភិបាលក្រុងម៉ានីល គោរពដែនអធិបតេយ្យរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅថ្ងៃទី៤ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងថា កោះ Huangyan ដែលត្រូវបានស្គាល់ដោយឈ្មោះ Scarborough Shoal ជាទឹកដីរបស់ចិន ហើយដែនទឹកតំបន់នោះ ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ទៅប្រមុខការទូតហ្វីលីពីនថា សកម្មភាពការទូតជាសាធារណៈ គឺមិនអាចផ្លាស់ប្តូរការពិតបានឡើយ ប៉ុន្តែមានតែបំផ្លាញទំនុកចិត្តភាគីទាំងសងខាងតែប៉ុណ្ណោះ។ បើតាមលោក Wang ចិនសង្ឃឹមថា ហ្វីលីពីននឹងគោរពបានមូលដ្ឋាននៃពិធីការនៅពេលធ្វើសេចក្តីថ្លែងការណ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ដោយយោងសម្តីប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា ជម្លោះរវាងចិន និងហ្វីលីពីន លើបញ្ហាមួយចំនួន មិនអាចបំផ្លាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ បានទាំងស្រុងឡើយ។ ក្នុងន័យនេះ ចិននឹងគ្រប់គ្រងបញ្ហារវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អឡើង តាមរយៈកិច្ចពិភាក្សា និងជំនួយទៅហ្វីលីពីន ដើម្បីទប់ស្កាត់កូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ច។
បន្ទាប់ពីប្រើពាក្យសម្តីខ្លាំងៗ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បានសំទោសជំនួសវិញ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៤ ខែឧសភា អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បានអះអាងថា មុនពេលសន្និសីទសារព័ត៌មាននេះ ប្រមុខការទូតហ្វីលីពីនបានប្រាប់រូបលោកឱ្យសំទោសទៅកាន់អគ្គរដ្ឋទូតចិនផង។ រដ្ឋមន្រ្តីការប្រទេសហ្វីលីពីនរូបនេះ ក៏បានសុំទោសលោកវ៉ាង តាមរយៈTwitter ផងដែរ៕
Tag:
ចិន
ហ្វីលីពីន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com