កីឡាជាតិ
ជាតិ
បទសម្ភាសន៍
ដំណើរឆ្ពោះទៅស៊ីហ្គេមនៅកម្ពុជាសល់២ឆ្នាំទៀត! ៥សំណួរទៅកាន់លោក វ៉ាត់ ចំរើន
05, May 2021 , 4:05 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC។ រូបថត CAMSOC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC។ រូបថត CAMSOC
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១  ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាខួបរាប់ថយក្រោយ២ឆ្នាំពេញ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ជាព្រឹត្តិការណ៍កីឡាថ្នាក់ដំបូងដ៏ធំបំផុតទីពីរដែលត្រូវរៀបចំនៅកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍កីឡា «ហ្គាណេហ្វូ» អាស៊ីលើកទី១នៅកម្ពុជា កាលពីឆ្នាំ១៩៦៦។



ពីពេលនេះ រហូតដល់៧៣០ថ្ងៃទៀត តើកម្ពុជាសម្រេចបានអ្វីខ្លះ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស? លោក អ៊ឹង ចំរើន នៃសារព័ត៌មានថ្មីៗ បានធ្វើបទសម្ភាសមួយជាមួយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដូចខាងក្រោម៖

លោក អ៊ឹង ចំរើន៖ តើពីពេលនេះរហូតដល់ពីរឆ្នាំទៅមុខ កម្ពុជាសម្រេចបានដល់ណាហើយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ?

លោក វ៉ាត់ ចំរើន៖
CAMSOC មានយន្តការ និងផែនការសកម្មភាពជាលក្ខណៈយុទ្ធសាស្ត្រច្បាស់លាស់ក្នុងដំណើរការត្រៀមរៀបចំកីឡាស៊ីហ្គេម២០២៣។ ចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធ មិនមានការរាំងស្ទះ ឬអាក់ខាននោះឡើយ ដោយពហុកីឡដ្ឋានជាតិមរតកតេជោនឹងចប់សព្វគ្រប់អំឡុងខែឧសភា ឬខែមិថុនានេះ។ ការកសាងបានចប់៩៥ភាគរយហើយ នៅតែ៥ភាគរយដូចជាការកសាងទីលានកីឡាតូចៗមួយចំនួនទៀត។

ជាមួយគ្នានេះ យើងបានរៀបចំរួចរាល់នូវទីតាំងប្រកួតកីឡាស៊ីហ្គេម ដោយនៅភ្នំពេញ សម្រាប់ប្រភេទកីឡាធំមួយចំនួន ហើយក្រៅពីនោះ មាននៅខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ហើយក៏មាននៅគិរីរម្យផងដែរ។ បច្ចុប្បន្នយើងកំពុងពិនិត្យនៅសៀមរាបដែលជាគោលដៅទេសចរណ៍ ដោយមានកីឡាមួយចំនួននឹងត្រូវលេងនៅទីនោះផងដែរ។ អ៊ីចឹង ហេដ្ឋារចនាសម្ព័ន្ធទាំងអស់បានរៀបចំ និងគ្រោងរួចរាល់អស់ហើយដោយមិនមានការព្រួយបារម្ភនោះឡើយ។

លោក អ៊ឹង ចំរើន៖ ចុះចំពោះការអភិវឌ្ឍធនធានមនុស្ស?
លោក វ៉ាត់ ចំរើន៖
កីឡាករ-កីឡាការិនីជាតួឯកនៅក្នុងការប្រកួតកីឡាស៊ីហ្គេមរបស់យើង។ យើងផ្តោតទៅលើការហ្វឹកហាត់របស់ពួកគាត់ដើម្បីឲ្យបានកម្រិតគុណផលខ្ពស់។ តែជាក្តីបារម្ភរបស់យើង គឺការកសាងសមត្ថភាពជំនាញ។ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ពេលមានលុយ គឺធ្វើកើតភ្លាម ប៉ុន្តែការកសាងធនធានមនុស្សមានលុយតែមួយមុខ ក៏មិនអាចធ្វើកើតដែរ។ យើងត្រូវការពេលវេលាគ្រប់គ្រាន់ ត្រូវមានកម្មវិធីបណ្តុះបណ្តាល ត្រូវមានអ្នកបណ្តុះបណ្តាលដែលមានជំនាញកីឡាច្បាស់លាស់ និងត្រូវមានការចង្អុលបង្ហាញចំទិស។ ប៉ុន្តែយើងសង្កេតឃើញថា កីឡាករ-កីឡាការិនី ប្រឹងប្រែងយ៉ាងខ្លាំង ដោយស្រមៃឃើញតែ “ស៊ីហ្គេម ស៊ីហ្គេម”។ យើងបន្តជំរុញឲ្យគាត់ធ្វើការហ្វឹកហាត់ផង និងសិក្សាស្រាវជ្រាវផង។ មួយទៀត គឺការបណ្តុះបណ្តាលមន្ត្រីកីឡា មានចៅក្រម គ្រូបង្វឹក និងមន្ត្រីជំនាញបច្ចេកទេសដោយយើងតែងតែបើកវគ្គសិក្សា និងជំរុញឲ្យមានការស្រាវជ្រាវជាបន្តបន្ទាប់។

ធនធានមនុស្សរៀបចំការប្រកួតយើងមាន CAMSOC ដែលមានសមាសភាពមន្ត្រីជំនាញនៅគ្រប់ទាំង១៤គណៈកម្មការជំនាញរបស់ CAMSOC។ ពួកគាត់ ត្រូវបានបណ្តុះបណ្តាល និងប្រគល់តួនាទីភារកិច្ចទទួលខុសត្រូវអស់ហើយ។ ការអភិវឌ្ឍធនធានមនុស្ស ធនធានមន្ត្រីរៀបចំមិនជាបញ្ហាទេ ប៉ុន្តែធនធានជំនាញកីឡាករ-កីឡាការិនីនៅមានកម្រិតដោយយើងស្វែងរកយុទ្ធសាស្ត្របន្ត ចុចឲ្យចំចំណុចខ្សោយ ពង្រឹងចំណុចខ្លាំង ជាពិសេសការត្រៀមបញ្ជូនទៅហ្វឹកហាត់ទៅក្រៅប្រទេសច្រើននាចុងឆ្នាំ២០២១ និងឆ្នាំ២០២២ និងការប្រកួតជាច្រើនទៀត។

សរុបមកវិញក្នុងការធ្វើដំណើរពីរឆ្នាំទៅមុខទៀតនេះ ហេដ្ឋារចនាសម្ព័ន្ធយើងមានទំនុកចិត្ត១០០ភាគរយ បញ្ហាកសាងធនធានមនុស្សយើងនៅទទួលបានពី៥០ ទៅ៦០ភាគរយទេ ចំណែកការកសាងធនធានមនុស្សផ្នែករៀបចំព្រឹត្តិការណ៍ (Games Management) យើងបាន៧០ ទៅ៨០ភាគរយ ហើយ។ អាចទៅរួចហើយ។ យើងវាយតម្លៃបានប៉ុណ្ណឹង។

លោក អ៊ឹង ចំរើន៖ តើវិបត្តិកូវីដ-១៩ នាពេលបច្ចុប្បន្ន នេះ ជះឥទ្ធិពលយ៉ាងណាខ្លះដល់ការត្រៀមខ្លួនធ្វើជាម្ចាស់កីឡាស៊ីហ្គេមរបស់កម្ពុជា?

លោក វ៉ាត់ ចំរើន៖
នេះជារឿងសកលដែលកំពុងរាំងស្ទះដល់ចលនាអូឡាំពិកទូទាំងពិភពលោក ជាពិសេសការហាត់ហ្វឹកហ្វឺន និងការបំពាក់បំប៉ន។ សម្រាប់កូវីដ-១៩នេះ ទោះមិនប៉ះពាល់ផ្ទាល់ ប៉ុន្តែវាប៉ះពាល់ដល់ផ្លូវអារម្មណ៍ បង្កស្ត្រេស៍ របស់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងអ្នកជំនាញ។ វាប៉ះពាល់ច្រើនដល់ពេលវេលា និងការអភិវឌ្ឍជំនាញរបស់ពួកគាត់ ក៏ប៉ុន្តែយើងនៅពង្រឹងតាមបរិបទនៃស្ថានភាពកូវីដ-១៩នេះ យើងរក្សា Stay Strong គឺនៅតែរក្សាភាពខ្លាំង ភាពមុះមត់ ភាពអង់អាច រក្សាបច្ចេកទេសកម្លាំងកាយឲ្យមាននិរន្តភាព ថាមពល ផ្លូវកាយ ផ្លូវចិត្ត។

យើងបានដឹងហើយថា វិបត្តិកូវីដ-១៩ ប៉ះពាល់ដល់ការហ្វឹកហាត់ ជាពិសេសអំឡុងពេលបិទខ្ទប់ ដូច្នេះយើងឲ្យកីឡាករ-កីឡាការិនី ហ្វឹកហាត់តាមផ្ទះ ដោយខ្លួនឯង។ នារយៈពេល២ឆ្នាំចុងក្រោយនេះ កូវីដ-១៩ ប៉ះពាល់ដល់ការចូលរួមប្រកួតអន្តរជាតិ ការចូលរួមប្រកួតសាកល្បងបច្ចេកទេស ការចូលរួមប្រកួត កម្រិតជើងឯកផ្សេងទៀត។ នេះជាការដែលយើងមិនអាចវាស់ស្ទង់សមត្ថភាព និងវិភាគស្វែងរកចំណុចខ្លាំង ចំណុចខ្សោយទៅលើកម្រិតបច្ចេកទេស និងភាពគត់មត់ក្នុងការប្រើប្រាស់បច្ចេកទេសរបស់យើងបាន។ តែវាជាការប៉ះពាល់សកល លើកីឡាកម្រិតខ្ពស់ទាំងអស់។

លោក អ៊ឹង ចំរើន៖ ព្រឹទ្ធាចារ្យកីឡាមួយចំនួនបានទទួលមរណភាព ដោយកន្លងមកពួកគាត់ជាអ្នកត្រួសត្រាយផ្លូវ ជំរុញ និងលើកទឹកចិត្តក្នុងដំណើររៀបចំស៊ីហ្គេមលើកដំបូងនៅកម្ពុជា តើ CAMSOC ក៏ដូចជា NOCC មានការនឹករលឹកគុណពួកគាត់យ៉ាងណាដែរ?

លោក វ៉ាត់ ចំរើន៖
លោកគ្រូ ហែម ថុន លោក កែវ ថុន វេជ្ជបណ្ឌិត ស្តើង ជា រួមទាំងព្រឹទ្ធាចារ្យ និងអ្នកមានគុណូបការៈដល់ចលនាអូឡាំពិក ពោលគឺវិស័យកីឡាជាតិយើង ពួកគាត់តែងតែមានក្តីស្រមៃចង់ឃើញ កម្ពុជា បើកកីឡាស៊ីហ្គេម ប៉ុន្តែគួរឲ្យសោកស្តាយ ពួកគាត់បានទទួលមរណភាពដោយសារជរាពាធ និងដោយជំងឺផ្សេងៗ។ យើងមានការនឹករលឹកគុណដ៏ជ្រាលជ្រៅជានិច្ច ចំពោះព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំទាំងអស់ដែលបានជ្រោមជ្រែងដល់កីឡាជាតិរបស់យើង។ ក្រុមការងាររបស់យើងបានធ្វើជាខ្សែវីដេអូ ដើម្បីបង្ហាញពីការដឹងគុណ និងគោរពវិញ្ញាណក្ខន្ធចំពោះពួកគាត់ នាពិធីបើកការប្រកួតកីឡា និងព្រឹត្តិការណ៍កីឡាផ្សេងៗ។


លោក អ៊ឹង ចំរើន៖ លោកចង់និយាយអ្វីខ្លះទៅកាន់បណ្តាសហព័ន្ធ​កីឡា​ទាក់ទងនឹងការត្រៀមខ្លួនសម្រាប់ពីឆ្នាំទៀត?
លោក វ៉ាត់ ចំរើន៖
ពីរឆ្នាំគត់បន្តទៅមុខទៀតដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ក៏ដូចជា ASEAN Para Games  សូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសហព័ន្ធកីឡាជាតិ យកចិត្តទុកដាក់ជំរុញ Performance កីឡា។ ដោយសារតែកូវីដ-១៩ ការអភិវឌ្ឍបច្ចេកទេសរបស់យើងធ្វើដំណើរទៅយឺត ហើយមានការអាក់ខាន ដូច្នេះសូមឲ្យទាំងអស់គ្នាយកគ្រោះទៅជាឱកាសនៃការពង្រឹងស្មារតីប្រយុទ្ធ និងការហ្វឹកហាត់ឡើងវិញ។

បន្ទាប់ពីស្ថានភាពធូរស្រាល សូមរកគ្រប់មធ្យោបាយដើម្បីឆ្ពោះទៅកសាងសមត្ថភាព ប្រសិទ្ធភាពកីឡាពិតប្រាកដ។ សូមអំពាវនាវឲ្យមានសាមគ្គីភាពក្នុងរង្វង់គ្រួសារកីឡាជាតិ ដាក់ចិត្ត ដាក់កាយ នាំគ្នាឆ្ពោះទៅស៊ីហ្គេម២០២៣ ដែលរដ្ឋាភិបាល និងថ្នាក់ដឹកនាំកីឡាទាំងអស់តម្រង់ទិស និងបង្ហាញនូវភាពកក់ក្តៅដល់អ្នកជំនាញ ប្រតិបត្តិករទាំងអស់មានទំនុកចិត្ត។ យើងរួមគ្នាជំរុញឲ្យស្ថានភាពនៃវិបត្តិឆ្ពោះទៅជោគជ័យទាំងអស់គ្នា៕

© រក្សាសិទ្ធិដោយ thmeythmey.com