ជាតិ
ក្រសួងឲ្យបញ្ឈប់ការចុះយកព័ត៌មាននៅតំបន់ហាមឃាត់ និងប្រដេញថត Live តាមហ្វេសប៊ុក
05, May 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានជាតិនិងបរទេសទាំងអស់ បញ្ឈប់ការចុះយកព័ត៌មាននៅតំបន់ក្រហម និងតំបន់ហាមឃាត់ផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់រាកដាលកូវីដ-១៩។ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ថា សេចក្ដីជូនដំណឹងនេះ ហាក់ដូចជាការព្រមាន និងរារាំងដល់ការធ្វើសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មាន។



ក្រសួងព័ត៌មាន បានសង្កេតឃើញពីសកម្មភាពអ្នកសារព័ត៌មាន ចុះយកព័ត៌មាននិងផ្សាយផ្ទាល់នៅតំបន់បិទខ្ទប់ និងតំបន់ហាមឃាត់ ដូចជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋ និងឯកជនជាដើម។ ពិសេសការប្រើយានជំនិះ ដេញតាមរថយន្តសង្គ្រោះបន្ទាន់ ហើយអត្ថាធិប្បាយដោយគ្មានមូលដ្ឋានច្បាស់លាស់។ ក្រសួងអះអាងថា សកម្មភាពទាំងនេះ បានធ្វើឲ្យសាធារណជនយល់ច្រឡំ ដែលបង្កការជ្រួលច្របល់ក្នុងសង្គម និងប្រឈមគ្រោះថ្នាក់នៃការឆ្លងរាលដាលកូវីដ-១៩កាន់តែធ្ងន់។ 
 
តាមរយៈសេចក្តីជូនដំណឹង ចុះថ្ងៃទី៤ ឧសភា ក្រសួងព័ត៌មាន ណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនេះ ហើយបើនរណាម្នាក់បំពានសេចក្ដីដំណឹងនេះ នឹងទទួលខុសត្រូវតាមច្បាប់។ 
ក្នុងន័យនេះ លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សកម្មភាពណា ដែលគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន គឺត្រូវហាមឃាត់។ «ក្នុងតំបន់ហាមឃាត់សកម្មភាពមួយចំនួន(ដូចការជូនដំណឹងរបស់ក្រសួង)គឺត្រូវបានហាមឃាត់ ហើយមានតែសកម្មភាពមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ក្នុងតំបន់ដែលត្រូវហាមឃាត់នោះ»។ នេះបើតាមលោក សោភ័ណ្ឌ។
 


លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន(រូបខាងឆ្វេង) និងលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(រូបខាងស្ដាំ)។ រូបពីក្រសួងព័ត៌មាននិងទំព័រហ្វេសប៊ុករបស់ CamboJA

ជុំវិញករណីនេះ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា «ខេមបូចា» យល់ថា គ្មានការចាំបាច់ណាមួយត្រូវចេញសេចក្ដីជូនដំណឹងនេះឡើយ ព្រោះរដ្ឋាភិបាលមានវិធានការរឹតបន្តឹងកន្លងមកហើយ។ លោកពន្យល់យ៉ាងដូច្នេះថា៖ «កន្លងមកក្រសួងព័ត៌មាននិងរដ្ឋាភិបាលបានរឹតត្បិតចំពោះកិច្ចការងាររបស់បងប្អូនអ្នកសារព័ត៌មានរួចមកហើយ តាមរយៈការមិនឲ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ក្នុងតំបន់ដែលមានការបិទខ្ទប់ លើកលែងតែអ្នកសារព័ត៌មានមានប័ណ្ណអនុញ្ញាតពីក្រសួងព័ត៌មានថ្មី មានកាតអ្នកសារព័ត៌មានទេ។ អ៊ីចឹង ហ្នឹងគឺជាការរឹតត្បិតមួយរួចទៅហើយ ដូចជាមិនចាំបាច់ការជូនដំណឹងអីបន្ថែមទៀតទេ»។ 
 
រីឯការផ្សាយផ្ទាល់វិញ ដូចជាផ្សាយប្រដេញតាមរថយន្តពេទ្យ លោក ណុប វី យល់ថា ករណីនេះពាក់ព័ន្ធនឹងក្រមសីលធម៌របស់អ្នកសារព័ត៌មាន ដែលជារឿងចាំបាច់  ក្នុងការចូលរួមអប់រំបន្ថែមដល់អ្នកសារព័ត៌មាន ដែលមិនទាន់មានចំណេះដឹងគ្រប់គ្រាន់។ លោកចាត់ទុកសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននេះ ជាការព្រមានវិធានការផ្លូវច្បាប់ និងគំរាមកំហែង ខណៈសេរីភាពសារព័ត៌មានកំពុងធ្លាក់ចុះរួចទៅហើយ។ 
 
«រឿងទាក់ទងនឹងការព្រមានចាត់វិធានការផ្លូវច្បាប់ម្ដងហើយម្ដងទៀត វាជាការគំរាមកំហែង ដែលជានិច្ចជាកាលតែងមានការអំពាវនាវសុំកុំឲ្យមានការគំរាមកំហែង ចំពោះការអនុវត្តការងាររបស់អ្នកសារព័ត៌មាន»។ នេះបើតាមលោក ណុប វី ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី៥ឧសភា ដោយបញ្ជាក់ថា ការគំរាមកំហែងចំពោះការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ធ្វើឲ្យពួកគេទទួលរងការភ័យខ្លាច ប៉ះពាល់សិទ្ធិ និងសេរីភាពសារព័ត៌មាន។ 
 
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាយល់ថា ការប្រព្រឹត្តបទឧក្រិដ្ឋជាបុគ្គល ដែលមិនទាក់ទងកិច្ចការអ្នកសារព័ត៌មាន គឺត្រូវប្រឈមផ្លូវច្បាប់ដោយបុគ្គលលើមនុស្សគ្រប់រូប។ ចំពោះ ករណីអ្នកសារព័ត៌មានប្រព្រឹត្តខុសក្រមសីលធម៌អ្នកសារព័ត៌មាន គឺត្រូវយកច្បាប់ដែលពាក់ព័ន្ធនឹងសារព័ត៌មានមកដោះស្រាយ ហើយណែនាំពីក្រមសីលធម៌។ 
ពាក់ព័ន្ធករណីនេះ លោកសង្ក់តធ្ងន់ថា ក្រសួងព័ត៌មាន គួរតែក្រើនរំឭកផ្នែកក្រមសីលធម៌ជាជាងចេញសេចក្ដីជូនដំណឹងបែបនេះ។ លើសពីនេះ ក្រសួងព័ត៌មានគួរតែរៀបចំឲ្យមានក្រុមបណ្ដាញអ្នកសារព័ត៌មាន ពិសេសសារព័ត៌មានអនឡាញ ជជែកគ្នាលើផ្នែកក្រមសីលធម៌។ ប្រសិនបើអ្នកសារព័ត៌មានណា រំលោភក្រមសីលធម៌វិជ្ជាជីវៈ នឹងរងការព្រមាន ហើយឈានដល់បញ្ឈប់អាជីពជាអ្នកសារព័ត៌មានជាដើម។ បើតាមលោក ណុប វី ការធ្វើបែបនេះ គឺវាមិនរំលោភបំពានការអនុវត្តតួនាទីរបស់អ្នកសារព័ត៌មាន៕ 
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com