កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ព្រមាន Chelsea ៖ Ramos និង Hazard នឹងប្រយុទ្ធស្លាប់រស់ជួយ Real ទៅវគ្គផ្តាច់ព្រ័ត្រ
05, May 2021 , 6:39 pm        
រូបភាព
លោក Zinedine Zidane មានទំនុកចិត្តខ្ពស់លើកូនក្រុម ជាពិសេស Eden Hazard និង Sergio Ramos ដែលសន្យាតស៊ូប្រយុទ្ធរហូតដល់ស្លាប់ ដើម្បីយកឈ្នះ Chelsea ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League។ Chelsea នឹងទទួលភ្ញៀវ Real Madrid ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី៥ ខែឧសភានេះ វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។


ម្ចាស់ជើងក្របខណ្ឌអឺរ៉ុបច្រើនជាងគេ១៣សម័យ របស់លោក Zidane បានដាក់គោលដៅចម្បងរួចស្រេចហើយក្នុងការទម្លាក់តោខៀវនៅឯ Stamford Bridge ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង បន្ទាប់អាក់ខានអស់រយៈពេល៣រដូវកាលមក។
 
ប្រធានក្រុម Ramos ក៏បានវិលត្រឡប់ទៅជួយក្រុមវិញ បន្ទាប់ពីមានបញ្ហាកំភួនជើងអស់មួយខែមក។ ស្របពេលគ្នានេះ Hazard អតីតខ្សែបម្រើឆ្នើម Chelsea ដែលញាំញីដោយសារបួសមួយរយៈធំទីបំផុតក៏បានជាសះស្បើយវិញ១០០ភាគរយ ខណៈរូបគេសន្យាថានឹងជួយក្រុមអធិរាជសទម្លាក់ក្រុមចាស់របស់ខ្លួនឱ្យបាន។
 
Zidane អ្នកចាត់ការឆ្នើមសញ្ជាតិបារាំងដែលធ្លាប់ជួយ Real លើកបាន Champions League ៣សម័យរួចមកហើយ អះអាងថាសមាជិកសំខាន់ដូចជា Toni Cross, Ramos និង Hazard ជាដើម បានត្រឡប់មកប្រក្រតីភាពវិញហើយ ដើម្បីស្វែងរកទម្រង់លេងដ៏អស្ចារ្យនៅលើដំណើរផ្លូវចាស់របស់ពួកគេ។
 
កាលពីជើងទី១នៅទឹកដីអេស្ប៉ាញ Real Madrid និងក្រុមរបស់លោក Thomas Tuchel បានបញ្ចាប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១។ តាមរយៈលទ្ធផលនេះ ក៏បានជួយឱ្យ Chelsea មានប្រៀបសម្រាប់ជំនួបជើងទី២នៅទឹកដីខ្លួន ដ្បិតមានគ្រាប់ចំណេញក្រៅដី១គ្រាប់។ Chelsea មានប្រៀបត្រង់ថា បើសិនពួកគេទប់បានស្មើ ០-០ នោះនឹងឡើងទៅតតាំងនឹងក្រុមអង់គ្លេសដូចគ្នា Manchester City នៅវគ្គផ្តាច់ព្រ័ត្រតែម្តង៕
 

Tag:
 Champions League
  Zinedine Zidane
© រក្សាសិទ្ធិដោយ thmeythmey.com