វ៉ាស៊ីនតោន — មរណភាពរបស់ប្រធានាធិបតីឆាដលោក Idriss Deby អាចជាការបង្អាក់ដ៏ធំមួយចំពោះកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅក្នុងតំបន់ Sahel នៅទ្វីបអាហ្រិ្វក។ នេះបើយោងតាមការបញ្ជាក់របស់សកម្មជនឆាដ អ្នកនយោបាយនៅទ្វីបអាហ្វ្រិក និងអ្នកជំនាញផ្នែកសន្តិសុខ។
មេដឹកនាំដែលកាន់តំណែងយូរអង្វែង វ័យ ៦៨ ឆ្នាំ របស់ប្រទេសឆាដរូបនេះ បានស្លាប់កាលពីថ្ងៃទី ១៩ ខែមេសាកន្លងទៅនេះ ដោយសារលោកបានរងរបួសនៅពេលលោកចុះទៅសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្ធជាមួយនឹងក្រុមឧទ្ទាមរណសិរ្សដើម្បីការផ្លាស់ប្ដូរនិងការរួបរួមនៅប្រទេសឆាដ (Front for Change and Concord in Chad (FACT)) ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីប៊ី។ ក្រុមឧទ្ទាមនេះបានរំកិលមកកាន់រដ្ឋធានីយ៉ាមេណា ប្រទេសឆាដ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
នៅក្រោយមរណភាពរបស់លោក Deby ក្រុមឧត្តមសេនីយ៍បានបង្កើតនូវក្រុមប្រឹក្សាយោធាមួយដើម្បីដឹកនាំប្រទេស និងបានចាត់តាំងលោកឧត្តមសេនីយ៍ Mahamat Idriss Deby Itno អាយុ ៣៧ ឆ្នាំ ដែលជាកូនប្រុសរបស់លោក Deby ឲ្យធ្វើជាប្រធានាធិបតីស្តីទី។
ក្រុមអ្នកតាមដានស្ថានការណ៍ក្នុងប្រទេសឆាដបាននិយាយថា ភាពចលាចលនយោបាយអាចឈានទៅដល់បញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសដែលស្ថិតនៅភាគកណ្តាលនៃទ្វីបអាហ្រ្វិកមួយនេះ។
អ្នកស្រី Delphine Djiraibe ដែលជាមេធាវីសិទ្ធិមនុស្សនិងជាស្ថាបនិកមជ្ឈមណ្ឌលច្បាប់ដើម្បីប្រយោជន៍សាធារណៈ (Public Interest Law Center) និងដែលរស់នៅក្នុងរដ្ឋធានីយ៉ាមេណា បាននិយាយថា៖ «ប្រទេសឆាដមានបញ្ហាប្រឈមផ្នែកសន្តិសុខជាច្រើននៅពេលឥឡូវនេះ»។
អ្នកស្រីបានថ្លែងប្រាប់ VOA ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម លោកប្រធានាធិបតី Deby គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងប្រទេសបារាំងនិងបណ្តាប្រទេសមហាអំណាចផ្សេងទៀត។ ដូច្នេះការស្លាប់របស់លោក នឹងបង្កជាចន្លោះប្រហោងមួយ។ ទោះបីជាលោកដឹកនាំបែបផ្តាច់ការក៏ដោយ ក៏សមិទ្ធផលរបស់លោកនៅក្នុងយុទ្ធនាការប្រឆាំងនឹងភេរវកម្មនៅក្នុងតំបន់គឺជាកត្តាចម្បងដែលបណ្តាប្រទេសទាំងនោះគាំទ្ររូបលោក»។
លោក Deby បានដឹកនាំប្រទេសឆាដចាប់តាំងពីបានចូលកាន់អំណាច បន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងឆ្នាំ ១៩៩០ មក។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកនិងយោធារបស់លោកបានក្លាយជាតួអង្គសំខាន់ នៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅក្នុងតំបន់ Sahel និងតំបន់ Lake Chad Basin ដែលជាកន្លែងដែលក្រុមបូកូហារ៉ាំ (Boko Haram) និងក្រុមឥស្លាមជ្រុលនិយមដទៃទៀតធ្វើសកម្មភាពនៅតាមបណ្តាប្រទេសមួយចំនួន។
អ្នកស្រី Kaltuoma Makaila ពលរដ្ឋក្រុងយ៉ាមេណា វ័យ ៤១ ឆ្នាំ បាននិយាយថា៖ «លោក [Deby] អាចរក្សាប្រទេសយើងឲ្យមានសុវត្ថិភាពពីការគំរាមកំហែងភេរវកម្ម ក៏ដូចជាបានជួយបណ្តាប្រទេសដទៃទៀតនៅក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងភេរវកម្មផងដែរ»។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «នៅពេលដែលលោក Deby បានស្លាប់ទៅ ខ្ញុំមិនច្បាស់ថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសរបស់យើងនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែយើងនឹងពិតជាត្រូវឆ្លងកាត់ដំណាក់កាលមិនច្បាស់លាស់មួយ»។