ភ្នំពេញ៖ ក្រោយរកឃើញអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីណែនាំ បន្តការបិទខ្ទប់ភូមិមួយចំនួន រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីណែនាំ ឲ្យអាជ្ញាធរមូលដ្ឋានតាមតំបន់ បន្តអនុវត្តការបិទខ្ទប់ភូមិមួយចំនួន ដែលរកឃើញករណីវិជ្ជមានកូវីដ-១៩ ដើម្បីទប់ស្កាត់ការចម្លងជំងឺ។
ក្នុងសេចក្ដីណែនាំនេះ ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរមូលដ្ឋានតាមស្រុក ឃុំ ភូមិទាំងអស់ត្រូវបន្តផ្សព្វផ្សាយ និងតាមដានការអនុវត្តវិធានសុវត្ថិភាព របស់រដ្ឋបាលខេត្ត។ រដ្ឋបាលភូមិ ឃុំ សង្កាត់ ក៏ត្រូវគ្រប់គ្រងការចេញចូល និងការស្នាក់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានខ្លួន ពិសេសតំបន់ក្រហម ដែលអាចបង្កហានិភ័យខ្ពស់ បើគ្មានការយកចិត្តទុកដាក់។ ក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ថ្មី រដ្ឋបាលស្រុកត្រូវបិទខ្ទប់ភូមិ ឬកំណត់ប្លុកតូចៗនោះឲ្យបានច្បាស់លាស់ រយៈពេល១៤ថ្ងៃ ដោយមិនត្រូវអនុញ្ញាតឲ្យពលរដ្ឋចេញ-ចូល ឬទាក់ទងគ្នាឡើយ។
រដ្ឋបាលស្រុក ត្រូវពង្រឹងការផ្សព្វផ្សាយឲ្យពលរដ្ឋក្នុងភូមិ ឃុំយល់ដឹង និងចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ ជៀសវាងការលួចនាំជនបរទេសចល័តចេញ-ចូល នៅមូលដ្ឋាននោះ។ ក្រៅពីនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ ក៏ត្រូវពិនិត្យឲ្យបានច្បាស់ពីការស្នាក់នៅរបស់ពលរដ្ឋ។ រាល់សកម្មភាពបំពាននឹងវិធានការបិទខ្ទប់នេះ ឬករណីគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
មន្ត្រីនគរបាលទាំងអស់តាមមូលដ្ឋានបិទខ្ទប់នីមួយៗ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ពង្រឹងការរឹតត្បិតលើការចេញ-ចូលរបស់ពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លើសពីនេះទៅទៀត រដ្ឋបាលស្រុកនីមួយៗ ក៏ត្រូវបន្តការស្វែងរកអ្នកបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីឲ្យទៅធ្វើសំណាក និងធ្វើចត្តាឡីស័ក។
ក្រៅពីរដ្ឋបាលស្រុក មន្ទីរទេសចរណ៍ខេត្តក៏មានតួនាទីណែនាំ និងគ្រប់គ្រង ម្ចាស់អាជីវកម្ម នៅតាមរមណីយដ្ឋានទេសចរណ៍ ទូទាំងខេត្តកំពង់ចាម ឲ្យចូលរួមអនុវត្តវិធានសុវត្ថិភាព នៅតាមទីកន្លែងរបស់ខ្លួនផងដែរ។ ចំពោះមន្ទីរពាណិជ្ជកម្មខេត្តក៏ត្រូវចុះពិនិត្យ ដេប៉ូលក់អាហារ និងគ្រឿងស្រវឹងគ្រប់ប្រភេទទូទាំងខេត្តផងដែរ។ បើសិនជាម្ចាស់អាជីវកម្មណាមួយ ល្មើសវិធានការរដ្ឋបាល អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ បន្ថែមទៀតនោះ រដ្ឋបាលស្រុក ត្រូវសហការជាមួយក្រុមការងារចុះជួយស្រុកខ្លួន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ស្បៀងក្នុងភូមិសាស្ត្របិទខ្ទប់ ពិសេសតំបន់ក្រហម។
ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តនេះ ក៏បានបញ្ជាក់ផងដែរថា អំឡុងពេលនៃការបិទខ្ទប់ ករណីមួយចំនួនក៏ត្រូវបានលើកលែង ដូចជាការ ជួបជុំលក្ខណៈគ្រួសារ ពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាល (សង្គ្រោះបន្ទាន់ ឬយកសំណាក) ការជួបជុំផ្គត់ផ្គង់ជំនួយ និងការជួបជុំរបស់នគរបាល ឬសាលាជម្រះក្ដីជាដើម។
គិតត្រឹមថ្ងៃទី៥ ខែឧសភា ខេត្តកំពង់ចាមមានអ្នកជំងឺកូវីដ-១៩ចំនួន១២០នាក់ ក្នុងនោះមាន៣៣នាក់បានជាសះស្បើយ និង៨៦នាក់កំពុងមសម្រាកព្យាបាល និងម្នាក់បានស្លាប់៕