កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Chelsea ទម្លាក់ Real ឡើងទៅជួប Man City វគ្គផ្តាច់ព្រ័ត្រ
06, May 2021 , 8:11 am        
រូបភាព

Chelsea បានកៅអីទៅដណ្តើមពានរង្វាន់ UEFA Champions League ជាមួយ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់ Real Madrid នៅវគ្គ៤ក្រុមចុងក្រោយ។ ក្រោយឈ្នះនៅជើងទីពីរនៅ Stamford Bridge ២-០ សរុបលទ្ធផលទាំង២ជើង Chelsea ឈ្នះ Real ៣-១។


relate 103348, 103379
Timo Werner និង Mason Mount ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះតោខៀវ នាជំនួបជើងទី២ នៅរាត្រីថ្ងៃទី៥ ខែឧសភា។ អ្នកចាំទី Edouard Mendy បានក្លាយជាវីរបុរសរបស់ក្រុមលោក Thomas Tuchel តាមរយៈការសង្គ្រោះបាល់ដ៏អស្ចារ្យចំនួន២លើកពីការស៊ុតរបស់ Karim Benzema ខ្សែប្រយុទ្ធ Real Madrid។

កាលពីជើងទី១នៅទឹកដីអេស្ប៉ាញក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ១-១ ដូច្នេះសរុបទាំងពីជើង Chelsea ឈ្នះអធិរាជសរ ៣-១។ តាមរយៈលទ្ធផលនេះ គ្រប់គ្រាន់ដើម្បីនាំ Chelsea ឡើងទៅដណ្តើមពានកំពូលអឺរ៉ុបរដូវកាល ២០២០-២១ ជាមួយក្រុមអង់គ្លេសដូចគ្នា Man City ដែលធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី នារាត្រីថ្ងៃទី២៩ ខែឧសភា។

សម្រាប់ Chelsea នេះជាការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី៣របស់ខ្លួន ក្នុងនោះចំណោមពីរលើកដំបូងពួកគេរងជើងឯកមួយលើកនៅឆ្នាំ២០០៨ ក្រោយចាញ់ Manchester United ដោយបាល់ប៉េណាល់ទី និងឈ្នះជើងឯកនៅឆ្នាំ២០១២ តាមរយៈការទាត់ប៉េណាល់ទីលើក្រុម Bayern Munich។

ដោយឡែក Real Madrid ដែលជាម្ចស់ជើងឯកច្រើនជាង១៣សម័យឯនោះវិញ បន្ទាប់ពីធ្លាក់ក្រោមថ្វីជើងក្រុមអង់គ្លេសនេះ មានន័យថាក្រុមលោក Zinedine Zidane ខកខានឱកាស់ឈានដល់វគ្គផ្តាច់ព្រ័ត្រ៤លើកជាប់ៗគ្នាចុងក្រោយ៕


 

 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com