អន្តរជាតិ
វៀតណាម ពង្រីករយៈពេលចត្តាឡីស័កដល់២១ថ្ងៃ ក្រោយការផ្ទុះករណីឆ្លងសហគមន៍
06, May 2021 , 11:59 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
វៀតណាម សម្រេចបន្ថែមរយៈពេលធ្វើចត្តាឡីស័កដល់បីសប្ដាហ៍ បន្ទាប់ពីការផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ដែលមានប្រភពចេញពីអ្នកដែលធ្វើចត្តាឡីស័ក១៤ថ្ងៃរួច តែត្រូវរកឃើញមានវិជ្ជមានវិញ។ វៀតណាមក៏បារម្ភពីការរាលដាលជំងឺនេះពីប្រទេសជិតខាងរបស់ខ្លួនផងដែរ។

 
ជាមួយវិធានការចត្តាឡីស័កតឹងរ៉ឹង និងការតាមរកអ្នកពាក់ព័ន្ធរហ័ស វៀតណាមអាចគ្រប់គ្រងជំងឺកូវីដ-១៩ បានដោយមានករណីឆ្លងជាង៣០០០នាក់ និងអ្នកស្លាប់៣៥នាក់។ ប៉ុន្តែប្រទេសនេះ មានករណីផ្ទុះក្នុងសហគមន៍ជាលើកដំបូងកាលពីសប្ដាហ៍មុន ហើយក៏បន្តមានបណ្ដុំករណីឆ្លងផ្សេងទៀតកើតឡើងបន្តបន្ទាប់។
 
ករណីឆ្លងជាច្រើន មានពាក់ព័ន្ធនឹងអ្នកធ្វើដំណើរត្រឡប់មកពីបរទេសវិញ ដែលបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែក៏មានវិជ្ជមាននៅពេលក្រោយទៅវិញ។ រដ្ឋមន្រ្តីសុខាភិបាលវៀតណាម Nguyen Thanh Long នៅថ្ងៃទី៥ ខែឧសភា ក៏ប្រកាសការបន្ថែមរយៈពេលធ្វើចត្តាឡីស័កកាតព្វកិច្ចសម្រាប់អ្នកដំណើរចូលវៀតណាម និងអ្នកដែលពាក់ព័ន្ធករណីវិជ្ជមាន។ រយៈពេលចត្តាឡីស័កថ្មី គឺ២១ថ្ងៃ។
 
ស្របពេលករណីឆ្លងសហគមន៍កើនឡើង ការរាលដាលក៏ត្រូវរកឃើញបន្តបន្ទាប់ដែរ។ នៅថ្ងៃទី៥ ខែឧសភា មន្ទីរពេទ្យធំមួយនៅរដ្ឋធានីហាណូយ ត្រូវបានបិទខ្ទប់ក្រោយវេជ្ជបណ្ឌិតម្នាក់មានតេស្តវិជ្ជមាន។ មនុស្ស១៤នាក់ផ្សេងទៀត ក៏ត្រូវរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ដែរ។ បុគ្គលិកពេទ្យប្រមាណ៨០០នាក់ អ្នកជំងឺ និងសាច់ញាតិពួកគេ ត្រូវស្នាក់នៅមន្ទីរពេទ្យនេះចំនួន២សប្ដាហ៍។
 
គិតពីថ្ងៃទី២៧ ខែមេសា វៀតណាមរកឃើញករណីឆ្លងសហគមន៍ថ្មី៣៨ករណី។ ខេត្ត Ha Nam និង Vinh Phuc មានករណីឆ្លង១៤រៀងៗខ្លួន ឯរដ្ឋធានីហាណូយមាន៤ករណីផងដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Vietnam Express ។
 
លោករដ្ឋមន្ត្រី Long បានបញ្ជាឱ្យទីតាំងធ្វើចត្តាឡីស័កទាំងអស់ពង្រឹងវិធានការឱ្យរឹងមាំ និងណែនាំឱ្យមន្រ្តីថ្នាក់តំបន់ធ្វើតេស្តច្បោលៗលើជនបរទេសដែលទើបចូលវៀតណាម ក៏ដូចជាការអ្នកបម្រើការនៅកន្លែងកម្សាន្ត និងទីតាំងម៉ាស្សាផងដែរ៕ 
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com