អន្តរជាតិ
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ប្តេជ្ញាសហការជាមួយគ្នាដោះស្រាយបញ្ហាកូរ៉េខាងជើង
06, May 2021 , 2:47 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនៅទីក្រុងឡុងដ៍។ រូបថត AFP
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនៅទីក្រុងឡុងដ៍។ រូបថត AFP
ប្រមុខការទូតអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃទី៥ ខែឧសភា បានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហារំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ អាមេរិក ដែលនឹងចេញគោលនយោបាយថ្មីទាក់ទងកូរ៉េខាងជើង ត្រូវការសម្ពន្ធមិត្តទាំងពីរនេះត្រូវគ្នាដើម្បីអាចដោះស្រាយសំណុំរឿងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។

 
ពីទីក្រុងឡុងដ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានរៀបចំកិច្ចប្រជុំដោយផ្ទាល់មួយជាលើកដំបូង ស្របពេលកូវីដ-១៩ នៅតែបន្តរីកសាយទូទាំងពិភពលោក។ ក្នុងកិច្ចប្រជុំ ដែលត្រូវបានរៀបចំកន្លែងអង្គុយរាងអក្សរ U ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន បានជជែកពីបញ្ហាជាច្រើនទាក់ទិននឹងកិច្ចសហប្រតិបត្តិការត្រីភាគី ជាមួយសមភាគីកូរ៉េខាងត្បូង លោក ជុង អ៊ីយ៉ុង (Chung Eui-yong) និងសមភាគីជប៉ុន លោក តូស៊ីមីស៊ឺ ម៉ូតេហ្គី  (Toshimitsu Motegi)។ 
 
ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ជារបៀបវារៈដ៏សំខាន់មួយផងដែរ នៅក្នុងជំនួបត្រីភាគីនេះ។ តាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក កិច្ចប្រជុំនេះ ជាការពង្រឹងសាមគ្គីភាពត្រីភាគី និងពិភាក្សាពីគោលនយោបាយរបស់អាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន ដែលចង់ចាប់ផ្តើមកិច្ចចរចាជាមួយកូរ៉េខាងជើងឡើងវិញ។ 
 
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានអះអាងយ៉ាងដូច្នេះថា៖ «លោកប្ល៊ីងខិន ជាមួយសមភាគី លោក ម៉ូតេហ្គី និងលោក ជុង អ៊ីយ៉ុង បានអះអាងពីការប្តេជ្ញាចិត្តលើកិច្ចសហប្រតិបត្តិការត្រីភាគី ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ»។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ ភាគីទាំងបី ក៏បានឯកភាព ដោះស្រាយបញ្ហាផ្សេងទៀត ដែលជាផលប្រយោជន៍ទៅវិញទៅមកផងដែរ។ 
 
ស្រដៀងអាមេរិកដែរ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍បញ្ចាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការត្រីភាគី អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង និងបន្តធ្វើការជាមួយគ្នា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទន្ទឹមគ្នានេះ ភាគីទាំងបី ក៏បានអំពាវនាវឱ្យកូរ៉េខាងជើង គោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ដែលទាមទារឱ្យក្រុងព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ 
 
កិច្ចពិភាក្សាលើបញ្ហាកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីអាមេរិកបានបញ្ចប់ការត្រួតពិនិត្យគោលនយោបាយការបរទេសខ្លួន នៅចំពោះមុខកូរ៉េខាងជើង ដោយក្រុងវ៉ាស៊ីនតោន នឹងស្វែងរកទំនាក់ទំនងការទូតជាមួយក្រុងព្យុងយ៉ាងជាថ្មី បន្ទាប់ពីរាំងស្ទះតាំងពីឆ្នាំ២០១៩ មក៕
 

Tag:
 ចិន
  ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com