COVID-19
ជាតិ
សង្គមជាតិ
អ្នកដំណើរអាចចេញចូលរាជធានី និងខេត្តបាន ប៉ុន្តែត្រូវគោរពវិធានអាជ្ញាធរតំបន់ទាំងនោះ
× ភ្នំពេញ៖ ពលរដ្ឋអ្នករាជធានីភ្នំពេញដែលរស់នៅក្នុងតំបន់លឿង អាចធ្វើដំណើរទៅតាមបណ្ដាខេត្តបាន ប៉ុន្តែពួកគេត្រូវគោរពវិធានការរបស់ខេត្តទាំងនោះ។
សម្រាប់ពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តដែលចង់ធ្វើដំណើរចូលមករាជធានីវិញ ពួកគេក៏អាចធ្វើដំណើរមកបានដែរ។ ប៉ុន្តែក្នុងករណីដែលពួកគេចេញពីតំបន់ឆ្លងមេរោគកូវីដ នៅក្នុងខេត្តរបស់ពួកគេនោះ អាជ្ញាធររាជធានីនឹងត្រូវយកសំណាក និងដាក់ពួកគេក្នុងចត្តាឡីស័កថែមទៀតដែរ។ ទាំងនេះគឺជាការពន្យល់របស់លោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៦ឧសភានេះ។
លោក កើត ឆែ លើកឡើងថា៖ «ពេលបងប្អូន(នៅភ្នំពេញដែលនៅតំបន់លឿង)ទៅខេត្ត ត្រូវគោរពតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលពីរ គឺលេខ០២និង០៣។ ហើយ ត្រូវគោរពវិធានការរបស់អាជ្ញាធរដែនដីនៅតំបន់នោះ...ចំពោះបងប្អូននៅតាមបណ្ដាខេត្តចូលរាជធានីក៏ចូលបានដែរ ព្រោះយើងអត់ដាក់ប៉ារ៉ាស់បាំងទេ។»។ អភិបាលរងរូបនេះសង្កត់ធ្ងន់ថា ករណីអ្នកចូលរាជធានីភ្នំពេញ ដែលមានប្រវត្តិពីតំបន់រាលដាលកូវីដ-១៩ខ្លាំងនិងប្រឈមហានិភ័យ គឺតម្រូវឲ្យធ្វើចត្តាឡីស័កកំហិត។
ក្រោយមានសេចក្តីសម្រេចថ្មីរបស់សាលារាជធានីដែលបង្រួមតំបន់ក្រហម ហើយពង្រីកតំបន់លឿងកាន់ធំ និងមានការអនុញ្ញាតឱ្យពលរដ្ឋរស់នៅក្នុងតំបន់លឿងអាចធ្វើដំណើរចេញទៅតាមបណ្ដាខេត្តបាន អាជ្ញាធរខេត្តមួយចំនួនដែលកំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏មានដាក់ចេញវិធានការដែរ។ អាជ្ញាធរខេត្តត្បូងឃ្មុំ ព្រៃវែង បាត់ដំបង និងពោធិ័សាត់ បានប្រកាសវិធានការរបស់ខ្លួន ដែលកម្រិតការធ្វើដំណើរពីរាជធានី និងខេត្តដទៃចូលក្នុងខេត្តទាំង៤ខាងលើនេះ។ វិធានការនោះ គឺតម្រូវឱ្យអ្នកដែលចូលក្នុងខេត្តទាំងន៤នោះ ធ្វើចត្តាឡីស័ក១៤ថ្ងៃ។
កាលពីថ្ងៃទី៤ឧសភានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសេចក្ដីណែនាំ ឲ្យអភិបាលរាជធានីខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញចូលភូមិសាស្ដ្រដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដែរ។ លើសពីនេះ គឺការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការររក្សាគម្លាតសុវត្ថិភាព និងការពង្រឹងវិធានការចត្តាឡីស័កជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com