COVID-19
អន្តរជាតិ
COVID-19៖ បែលហ្ស៊ិកឡើងដល់ជាង១លានករណី ខណៈអ្នកស្លាប់នៅអាមេរិកមានជិត៦០ម៉ឺននាក់
06, May 2021 , 3:36 pm        
រូបភាព
ដោយ: រួបរួម
បែលហ្ស៊ិក បានក្លាយជាប្រទេសទី២៧លើពិភពលោកដែលមានអ្នកឆ្លងកូវីដ-១៩លើស១លានករណី បន្ទាប់ពីបានរកឃើញករណីថ្មីជាង៤០០០ទៀត កាលពីថ្ងៃទី៥ ខែឧសភា។ គិតដល់ពេលនេះ បែលហ្ស៊ិក មានអ្នកកើតជាង១លាននាក់ និងស្លាប់ជិត២៥០០០នាក់ ហើយជាង៨៧ម៉ឺននាក់បានជាសះស្បើយ។

 
ក្នុងចំណោមអ្នកឆ្លងសរុបជាង១៥៥លាននាក់ សហរដ្ឋអាមេរិកឡើងដល់ជាង៣៣,៣លាននាក់ ឥណ្ឌាជាង២១លាននាក់ ប្រស៊ីលជិត១៥លាននាក់ និងបារាំងជាង៥,៧លាននាក់ ខណៈតួកគី និងរុស្ស៊ី ជិតឈានចូលដល់ខ្ទង់៥លានរៀងៗខ្លួន។
 
ចក្រភពអង់គ្លេស និងអ៊ីតាលី មានអ្នកឆ្លងជាង៤លាននាក់ដូចគ្នា ខណៈអេស្ប៉ាញ អាល្លឺម៉ង់ និងអាហ្សង់ទីន មានជាង៣លាននាក់។ កូឡុំប៊ី និងប៉ូឡូញ ជិតចូលដល់ចំនួន៣លាននាក់ ខណៈអ៊ីរ៉ង់ ម៉ិកស៊ិក និងអ៊ុយក្រែន មានជាង២លាននាក់
 
បណ្តាប្រទេសដែលមានជាង១លានករណី រួមមាន ប៉េរូ ឥណ្ឌូណេស៊ី ឆេក អាហ្វ្រិកខាងត្បូង ហូឡង់ កាណាដា ស៊ីលី អ៊ីរ៉ាក់ ហ្វីលីពីន រូម៉ានី និងបែលហ្ស៊ិក ហើយប្រដេញតាមពីក្រោយដោយស៊ុយអែត។
 
ក្នុងចំណោមអ្នកស្លាប់ជាង៣,២៥លាននាក់ សហរដ្ឋអាមេរិកមានជិត៦០ម៉ឺននាក់ ប្រេស៊ីលជាង៤១ម៉ឺននាក់ ឥណ្ឌាជាង២៣ម៉ឺននាក់ ម៉ិកស៊ិកជិត២២ម៉ឺននាក់ ចក្រភពអង់គ្លេស និងអ៊ីតាលី មានជាង១២ម៉ឺននាក់ រុស្ស៊ីជាង១១ម៉ឺននាក់ និងបារាំងជាង១០ម៉ឺននាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com