COVID-19
ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តបន្ធូរវិធានការចេញ-ចូលខេត្តឡើងវិញ ក្រោយធ្វើផ្ទុយពីការណែនាំ
06, May 2021 , 4:01 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តបន្ធូរបន្ថយវិធានការចេញ-ចូលខេត្តឡើងវិញ ដោយកុំបង្កើតរដ្ឋក្នុងរដ្ឋ។ នេះបើតាមសារពិសេសរបស់ប្រមុខរដ្ឋាភិបាល តាមបណ្ដាញតេឡេក្រាមជាង៧នាទី នៅរសៀលថ្ងៃទី៦ ឧសភា។


 
សម្ដេច ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យពលរដ្ឋចេញ-ចូលរាជធានី-ខេត្ត ធម្មតាវិញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កលើពលរដ្ឋណាម្នាក់ឡើយ ។ ប៉ុន្តែសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះ អាជ្ញាធរតាមបណ្ដាខេត្តខ្លះ អនុវត្តមិនបានត្រឹមត្រូវនោះទេ។
 
សម្ដេច សង្កេតឃើញថា អភិបាលខេត្តខ្លះ បានតម្រូវឱ្យពលរដ្ឋទាំងអស់ ដែលធ្វើដំណើរទៅកាន់ខេត្តសាមីនោះ ធ្វើចត្តាឡីស័ក ដែលផ្ទុយពីការណែនាំ។ បើតាមប្រមុខរដ្ឋាភិបាល ការធ្វើចត្តាឡីស័កលើពលរដ្ឋគ្រប់រូបបែបនេះ ហាក់ដូចជាបង្កើតរដ្ឋក្នុងរដ្ឋទៅវិញ។ បានន័យថា ការធ្វើបែបនេះ ប្រៀបដូចចែកកម្ពុជា ជា២៥ប្រទេស។
 
តាមរយៈសារពិសេសនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «នៅក្នុងខេត្តខ្លះ បានដាក់បម្រាមរហូតដល់កម្រិត(ដាក់)ប្រជាពលរដ្ឋកម្ពុជាខ្លួនឯង ដែលចូលទៅកាន់ខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋក្នុងរដ្ឋនោះទេ…។ បើធ្វើយ៉ាងដូច្នេះវាស្មើនឹងការបិទរដ្ឋឡើងវិញ »។
 
ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា ការធ្វើចត្តាឡីស័កលើពលរដ្ឋ ដែលធ្វើដំណើរចេញ-ចូលខេត្តនោះ គឺសម្រាប់តែអ្នកសង្ស័យ ថាមានជំងឺកូវីដ-១៩ ប៉ុណ្ណោះ ។
 
ត្រង់ចំណុចនេះលោកនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យអភិបាលខេត្ត ដែលអនុវត្តផ្ទុយពីការណែនាំរបស់សម្ដេចនោះ ត្រូវបន្ធូរបន្ថយវិធានការចេញ-ចូលខេត្តឡើងវិញ។«អភិបាលខេត្តណា ដែលចេញសេចក្តីសម្រេចហួសហើយ ត្រូវកែប្រែសេចក្តីសម្រេចនោះវិញ ជាបន្ទាន់ ដើម្បីសម្រួលឱ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ។ ហើយខ្ញុំនិយាយនេះ មិនមែនសំដៅមិនឱ្យទប់ស្កាត់ចំពោះអ្នកមានករណីសង្ស័យ ដែលយើងតម្រូវឱ្យយកសំណាក និងនាំទៅដល់ការធ្វើចត្តាឡីស័ក ដែលចៀសវាងមិនបាននោះទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានព្រលយថា អភិបាលខេត្តដែលធ្វើផ្ទុយពីការណែនាំនោះ រួមមាន អភិបាលខេត្តត្បូងឃ្មុំ និងព្រៃវែង។

អត្ថបទទាក់ទង


ក្រៅពីខេត្តទាំង២នេះ ក៏មានខេត្តបាត់ដំបង និងពោធិ័សាត់ បានប្រកាសវិធានការរបស់ខ្លួន ដែលកម្រិតការធ្វើដំណើរពីរាជធានី និងខេត្តដទៃចូលក្នុងខេត្តដែរ។ កាលពីថ្ងៃទី៤ឧសភានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសេចក្ដីណែនាំ ឲ្យអភិបាលរាជធានីខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញចូលភូមិសាស្ដ្រដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដែរ។ លើសពីនេះ គឺការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការររក្សាគម្លាតសុវត្ថិភាព និងការពង្រឹងវិធានការចត្តាឡីស័កជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com