អន្តរជាតិ
ឥណ្ឌូណេស៊ី បង្ក្រាបករណីយកដងសំឡីប្រមូលសំណាកទៅកែច្នៃ ហើយប្រើម្តងទៀត
07, May 2021 , 8:29 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ជា ពេជ្រដាឡែន 
 
នៅឥណ្ឌូណេស៊ី បុគ្គលិកក្រុមហ៊ុនឱសថគ្រប់គ្រងដោយរដ្ឋ Kimia Farma ជាច្រើន ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ប្រមូលសំណាករកជំងឺកូវីដ-១៩ ឡើងវិញ។ អាជ្ញាធរឥណ្ឌូណេស៊ី បញ្ជាក់ថា ដងសំឡីដែលត្រូវប្រើដើម្បីប្រមូលសំណាកពីអ្នកដំណើរនៅអាកាសយានដ្ឋាន Medan ត្រូវបានលាងសម្អាត ហើយដាក់លក់ឡើងវិញ។ អ្នកដំណើរប្រមាណ៩០០០នាក់ ត្រូវជឿថា ត្រូវបានធ្វើ តេស្តដោយឧបករណ៍យកសំណាកដែលប្រើប្រាស់រួចនោះ។

 
ការតេស្តរកជំងឺកូវីដ-១៩ មុនទៅបរទេស ជាតម្រូវការដែលអ្នកដំណើរត្រូវតែធ្វើសឹងតែគ្រប់ប្រទេស ទៅហើយ ដើម្បីទប់ស្កាត់នាំចូលវីរុស។ នៅឥណ្ឌូណេស៊ី អ្នកដំណើរតម្រូវឱ្យតេស្តជាមួយលទ្ធផលអវិជ្ជមានដែរ។ រឿងគួរឱ្យភ្ញាក់ផ្អើលនោះ ប៉ូលិសឥណ្ឌូណេស៊ី ទើបបង្ក្រាបករណីប្រើប្រាស់របារត្បាល់ច្រមុះដើម្បីប្រមូលសំណាកដែលត្រូវបានលាងសម្អាត ហើយប្រើប្រាស់ឡើងវិញ។ រឿងរ៉ាវកើតឡើងនៅអាកាសយានដ្ឋានទីក្រុង Medan លើកោះស៊ូម៉ាត្រា។  
 
នៅអាកាសយានដ្ឋាននេះ ឧបករណ៍តេស្តរហ័សរកកូវីដ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនឱសថ Kimia Farma ដែលគ្រប់គ្រងដោយរដ្ឋ។ 
 
បើតាមបណ្តាញព័ត៌មានក្នុងស្រុក Detik ប៉ូលិសឥណ្ឌូណេស៊ី កាលពីសប្ដាហ៍មុន ទទួលបានពាក្យបណ្ដឹងពីអ្នកដំណើរដែលទទួលតេស្តវិជ្ជមានក្លែងក្លាយ។ ប៉ូលិសក៏បាន បញ្ជូនមន្រ្តីសម្ងាត់ម្នាក់បន្លំធ្វើ ជាអ្នកដំណើរ។ នៅពេលដែលប៉ូលិសនោះត្រូវបានធ្វើតេស្ត ហើយចេញលទ្ធផលវិជ្ជមាន ប៉ូលិសឯ ទៀត ក៏ឆ្មក់ចូលកន្លែងតេស្ត និងរកឃើញឧបករណ៍តេស្តដែលត្រូវបានកែច្នៃសម្រាប់ប្រើឡើងវិញ។
 
មនុស្ស៥នាក់ដែលរួមបញ្ចូលអ្នកចាត់ការក្រុមហ៊ុន Kimia Farma ម្នាក់ផង ត្រូវបានចាប់ខ្លួន។ ពួកគេត្រូវចោទថា បំពានច្បាប់សុខាភិបាលដោយសម្អាតរបាររុកច្រមុះដើម្បីប្រើប្រាស់ឡើងវិញ។ ប៉ូលិសឥណ្ឌូណេស៊ី បានប្រមូលព័ស្តុតាងពីអ្នកដំណើរ២៣នាក់ និងស៊ើបអង្កេតករណីនេះដែលមានប្រាក់ចំណេញជាង១២ម៉ឺនដុល្លារ ព្រោះរឿងនេះទំនងកើតតាំងពីខែធ្នូ ឆ្នាំ២០២០មក។ ចំណែកអ្នកដំណើរពីរនាក់ដែលជាមេធាវីឆ្លងកាត់ព្រលានយន្តហោះនេះញឹកញាប់ ក៏ដាក់ទារសំណងឱ្យអ្នកដំណើរឯទៀតដែរ។ 
 
 
គួរបញ្ជាក់ថា Kimia Farma ដែលមានទីស្នាក់ការកណ្តាលនៅរដ្ឋធានីហ្សាការតា បានបញ្ឈប់ បុគ្គលិកដែលពាក់ព័ន្ធ និងបានសន្យារឹតបន្តឹងការគ្រប់គ្រងផ្ទៃក្នុង។ 
 
ឥណ្ឌូណេស៊ី ជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតនៅអាស៊ីគ្នេយ៍ដោយមានករណីវិជ្ជមានជាង១,៧លាននាក់ និងមានមនុស្សស្លាប់ជាង៤៦០០០នាក់៕
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com