កីឡាអន្តរជាតិ
អន្តរជាតិ
៨ថ្ងៃ Man Utd ត្រូវលេង៤ប្រកួត ដោយសារការតវ៉ានៅ Old Trafford សប្ដាហ៍មុន
06, May 2021 , 9:29 pm        
រូបភាព
ជំនួប Manchester United និង Liverpool ក្នុងក្របខណ្ឌ Premier League នឹងត្រូវធ្វើឡើងវិញនៅថ្ងៃទី១៣ ខែឧសភា បន្ទាប់ពីពន្យារពេលកាលពីសប្តាហ៍មុន ដោយសារអ្នកគាំទ្រអុកឡុកក្នុងកីឡដ្ឋាន Old Trafford។ Man Utd នឹងត្រូវធ្វើការធ្ងន់ដោយសារតែការពន្យារពេលនេះ ដោយត្រូវលេង៤ប្រកួតក្នុងរយៈពេល៨ថ្ងៃ។



ក្រុមបិសាចក្រហម នឹងត្រូវប្រកួត២លើកក្នុងរយៈពេល៥០ម៉ោង ដោយក្នុងនោះត្រូវស្វាគមន៍ Leicester City នៅយប់ថ្ងៃទី១២ ខែឧសភា មុនជួបហង្សក្រហមនៅ Old Trafford នៅរាត្រីថ្ងៃទី១៣ ខែឧសភា។
 
នៅមុនជំនួបទាំងពីរខាងលើ ក្រុមរបស់លោក Solskjaer ត្រូវធ្វើដំណើរទៅអ៊ីតាលីដើម្បីប្រកួតជាមួយ Roma សម្រាប់ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នៅរាត្រីថ្ងៃទី៦ ខែឧសភានេះ មុនទៅជួប Aston Villa ក្នុងការប្រកួតលីគ នៅយប់ថ្ងៃទី៩ ខែដដែលនេះ។ 
 
នេះមានន័យថា Man Utd មានត្រឹមរយៈពេល៨ថ្ងៃប៉ុណ្ណោះ ដើម្បីប្រកួតដល់ទៅ៤លើក ហើយសុទ្ធសឹងជាជំនួបសំខាន់។ ៤ប្រកួតក្នុងលីគចុងក្រោយ Man Utd បើទោះសល់ឱកាសតិចតួចតែត្រូវការឈ្នះទាំងអស់ ដើម្បីប្រជែងពានក្របខណ្ឌអង់គ្លេសជាមួយ Manchester City។ Europa League ក៏សំខាន់ដែរសម្រាប់ពួកគេ បើទោះជើងទី១ក្នុងដីខ្លួនឯង រកបានជ័យជម្នះ ៦-២ ហើយក្តី។
 
មូលហេតុដែលតម្រូវឱ្យ Man Utd ត្រូវមានការប្រកួតជាប់ៗគ្នាបែបនេះ គឺបណ្តាលមកពីអ្នកគាំទ្ររបស់ខ្លួនបានសម្រុកចូលទីលាន Old Trafford មុនការការប្រកួតជាមួយ Liverpool ដើម្បីតវ៉ាប្រឆាំងនឹងម្ចាស់ក្លិបរបស់គ្រួសារ Glazer។ ការតវ៉ានេះ ធ្វើឱ្យសប្តាហ៍ទី៣៤របស់ក្រុមទាំងពីរត្រូវពន្យារពេល។
 
ការតវ៉ានេះកើតឡើងដោយសារក្លិបបិសាចក្រហមរួមជាមួយក្លិប៥ទៀតរបស់ Premier League ប្រកាសចូលរួមគម្រោងបង្កើតពានរង្វាន់ថ្មី European Super League (ESL) កាលពីខែមុន បើទោះពួកគេបានដកខ្លួនចេញដ៏ដោយ។ អ្នកគាំទ្រតវ៉ាចង់ឱ្យគ្រួសារ Glazer ចាកចេញពីតំណែងម្ចាស់ភាគហ៊ុនរបស់ក្លិបបិសាចក្រហមថែមទៀត ដោយរិះគន់ថាក្លិបមានចំណូលច្រើនតែមិនអភិវឌ្ឍក្រុម តែមានជាយកលុយទៅដោះបំណុលក្រៅពីបាល់ទាត់ទៅវិញ។
 
គ្រួសារមហាសេដ្ឋីអាមេរិក Glazer បានទិញយកភាគហ៊ុនធំរបស់ក្លិប Man Utd មកកាន់កាប់កាលពីឆ្នាំ ២០០៥ ក្នុងតម្លៃ ៧៩០ លានផោន (១,០៩៨ ពាន់លានដុល្លារ)។ រយៈពេល១៦ឆ្នាំមកនេះ ត្រកូល Glazer ទទួលបានភាគលាភប្រចាំឆ្នាំរាប់រយលាន ប៉ុន្តែបំណុលកាន់តែកើនខ្ពស់៕
 

Tag:
 Manchester United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com