COVID-19
ជាតិ
លោក នួន ផារ័ត្ន អំពាវនាវឱ្យពលរដ្ឋបន្តចូលរួម ដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កំពុងផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ នាភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២
× ភ្នំពេញ៖ រសៀលថ្ងៃទី ៦ ឧសភា លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានចុះចែកអំណោយដល់ពលរដ្ឋរស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ដែលប្រែពីតំបន់ក្រហម មកតំបន់លឿងទុំ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ បានពន្យល់អំពីការងារគ្រប់គ្រង តំបន់ក្រហម និងតំបន់លឿងទុំ របស់អាជ្ញាធរមូលដ្ឋាន ការចែកជំនួយឧបត្ថម្ភ និងបានអំពាវនាវឱ្យពលរដ្ឋ បន្តចូលរួមរដ្ឋាភិបាល ដើម្បីកុំឱ្យមានរលកថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ។
ភូមិឫស្សី នៃសង្កាត់ស្ទឹងមានជ័យទី២ បានប្រែពីតំបន់ក្រហម មកតំបន់លឿងទុំវិញ ក្រោយមានការឆ្លងរាលដាលកម្រិតមធ្យម។ ទាក់ទងនឹងការចែកអំណោយក្នុងតំបន់លឿងទុំនេះ លោក ផារ័ត្ន បញ្ជាក់ថា តំបន់នេះ មិនទាន់ទទួលបានអំណោយនៅឡើយទេ ក្នុងអំឡុងពេលបិទខ្ទប់ជាតំបន់ក្រហម។ អភិបាលរងរូបនេះ បន្តថា រដ្ឋបាលរាជធានីភ្នំពេញមិនបានភ្លេចពលរដ្ឋនោះទេ ប៉ុន្តែដោយសារទំហំការងារ និងការខ្វះខាតរបស់ពលរដ្ឋមានច្រើន ទើបត្រូវការពេលវេលា ដើម្បីចែកជូនពលរដ្ឋគ្រប់ៗគ្នា។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដូចតទៅ៖
អំណោយប្រគល់ជូនពលរដ្ឋក្នុងពេលនេះ ជាការចុះស្រង់ឈ្មោះរបស់អាជ្ញាធរភូមិ និងសង្កាត់ ដែលផ្ដល់ជូនពលរដ្ឋខ្វះខាត។ អំណោយដែលផ្ដល់ជូនពលរដ្ឋខ្វះខាត ជាជំនួយរបស់រដ្ឋាភិបាល ដោយផ្ដល់បានប្រមាណ ២០ម៉ឺនកញ្ចប់ រួមនឹងជំនួយរបស់ថ្នាក់ដឹកនាំ, សប្បុរសជនក្រៅប្រទេស និងអង្កការក្រៅរដ្ឋាភិបាលនានា។
ដើម្បីកាត់ផ្ដាច់នៃការឆ្លងក្នុងតំបន់លឿងទុំ និងតំបន់ក្រហម ត្រូវការការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ លោក ផារ័ត្ន សង្ឃឹមក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ស្ថានភាពនឹងល្អប្រសើរឡើងវិញ ប្រសិនបើមានការសហការពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៦ ឧសភា កម្ពុជា មានអ្នកជំងឺសរុប ១៧,៦២១នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦៨៤៣នាក់ និងស្លាប់ចំនួន ១១៤នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com