ជាតិ
សង្គមជាតិ
ពេលកូវីដធូរស្រាល តើកម្ពុជា អាចបន្តកាត់បន្ថយការផ្សាយ ការលក់ ការពិសាគ្រឿងស្រវឹងដែរឬទេ?
07, May 2021 , 9:51 am        
រូបភាព
ផ្ទាំងប៉ាណូពាណិជ្ជកម្មស្រាបៀ នៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ។ រូប ថតចេញ (Screenshot) ពីវីដេអូរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដែលបង្ហោះលើយូធូប កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
ផ្ទាំងប៉ាណូពាណិជ្ជកម្មស្រាបៀ នៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ។ រូប ថតចេញ (Screenshot) ពីវីដេអូរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដែលបង្ហោះលើយូធូប កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
សង្គមស៊ីវិលនិងបញ្ញវន្ត ចង់ឲ្យរដ្ឋាភិបាលកម្ពុជា លុបបំបាត់ការផ្សាយគ្រឿងស្រវឹងទាំងស្រុងជារៀងរហូតតែម្តង មិនមែនគ្រាន់តែផ្អាកក្នុងអំឡុងការផ្ទុះជំងឺកូវីដ-១៩នោះទេ។ ប៉ុន្តែ វាជាការលំបាកសម្រាប់រដ្ឋាភិបាល ក្នុងការហាមឃាត់វិស័យឯកជន មិនឲ្យផ្សាយគ្រឿងស្រវឹងទាំងស្រុងបែបនេះ។


 
ជំងឺកូវីដ-១៩ ពិតជាបានរុកកួនការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមែន ប៉ុន្តែគេក៏ឃើញមានចំណុចវិជ្ជមានខ្លះដែរ។ នោះគឺការផ្អាកបានស្ទើរទាំងស្រុងនូវការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹង។ ការកាត់បន្ថយការផ្សាយគ្រឿងស្រវឹងយ៉ាងដេរដាសនេះ អាចចាត់ទុកថា ជាក្តីប្រាថ្នារបស់មនុស្សទូទៅនៅក្នុងសង្គមកម្ពុជា។ 
 
គេ មិនរំពឹងថា ក្រោយជំងឺកូវីដ-១៩ ធូរស្រាលទៅវិញ ការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងនៅកម្ពុជា នឹងត្រូវបន្តផ្អាកបានស្ទើរទាំងស្រុង ដូចស្ថានភាពជំងឺកូវីដ-១៩ កំពុងវាយលុកបច្ចុប្បន្ននេះទេ។ អាចនិយាយម្យ៉ាងទៀតថា មិនមែនតែកម្ពុជាឡើយ ប្រទេសដទៃលើពិភពលោក ក៏មិនអាចហាមការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងឲ្យបាន១០០ភាគរយដែរ។ 
 
អ្វី ដែលគេ រំពឹងចង់បាននោះ គឺកម្ពុជា អាចកាត់បន្ថយឲ្យបានច្រើនតាមតែអាចធ្វើទៅបាន នូវការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹង។ អង្គការសង្គមស៊ីវិល៣៨ ​​បានចេញសេចក្តីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដោយបង្ហាញការគាំទ្រលើរដ្ឋាភិបាលកម្ពុជា ដែលបានចេញបញ្ជាឲ្យផ្អាកការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងអំឡុងប្រទេស កំពុងមានការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកផ្តើមមុនគេ ក្នុងការចេញសារឲ្យផ្អាកការលក់និងការទទួលទានគ្រឿងស្រវឹងនៅទូទាំងប្រទេស ហើយក្រោយមក អភិបាលរាជធានី-ខេត្ត ក៏ចាប់ផ្តើមចេញសារជាបន្តបន្ទាប់ ឲ្យផ្អាកការលក់និងការទទួលទានគ្រឿងស្រវឹង។ ក្រៅពីនេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតប្រាប់ទៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយឲ្យផ្អាកការផ្សាយគ្រឿងស្រវឹងរយៈពេល១១ថ្ងៃទី គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ 
 
ការណែនាំរបស់លោក ខៀវ កាញារីទ្ធ ឲ្យគ្រប់ស្ថាប័នសារព័ត៌មាន ផ្អាកការផ្សាយគ្រឿងស្រវឹង គឺស្ថិតក្នុងពេល ដែលរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ តែក្រោយផុតថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាល បានបន្តបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅរយៈពេល៧ថ្ងៃទៀត គឺរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះទៅ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ បានបញ្ចប់ការបិទខ្ទប់ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានជាធម្មតាឡើងវិញ។ 
 
មិនមែនតែរាជធានីភ្នំពេញនិងក្រុងតាខ្មៅទេ ខេត្តផ្សេងខ្លះទៀត ក៏ត្រូវបានបិទខ្ទប់និងហាមឃាត់ការធ្វើដំណើរចេញចូលដែរ។ តែពេលនេះ ខេត្តទាំងនោះ ក៏ដូចរាជធានីភ្នំពេញនិងក្រុងតាខ្មៅដែរ គឺត្រូវបានបើកឲ្យធ្វើដំណើរឆ្លងកាត់វិញហើយ ប៉ុន្តែតំបន់តូចៗមួយចំនួន ក្នុងរាជធានី-ខេត្ត ដែលប្រឈមនឹងហានិភ័យខ្ពស់នៃឆ្លងជំងឺកូវីដ-១៩ នៅតែត្រូវបន្តបិទខ្ទប់និងហាមការធ្វើដំណើរឆ្លងកាត់។  
 
ថ្វីបើរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ត្រូវបានបើកឲ្យដំណើរការឡើងវិញ តែការលក់ដូរនិងការទទួលទានគ្រឿងស្រវឹង នៅតែត្រូវបានរឹតត្បិត ដោយមិនទាន់អាចលក់និងទទួលទានគ្រឿងស្រវឹងដោយសេរីដូចដើមឡើយ។ រដ្ឋាភិបាល យល់ថា ការផ្អាកការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងនេះ គឺអាចរារាំងមិនឲ្យមនុស្សជួបជុំគ្នា ហើយការមិនជួបជុំគ្នា គឺជាវិធានការមួយ ដែលអាចទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
 
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការសង្គមស៊ីវិលទាំង៣៨ មិនមែនគ្រាន់តែគាំទ្រនោះទេ តែគោលបំណងសំខាន់ជាងនេះ គឺស្នើឲ្យរដ្ឋាភិបាលកម្ពុជា បន្តផ្អាកការផ្សាយគ្រឿងស្រវឹងជាអចិន្រ្តៃយ៍តែម្តង ទាំងនៅតាមប្រព័ន្ធផ្សព្វផ្សាយនិងនៅតាមផ្ទាំងប៉ាណូធំៗ។ មានន័យថា ទោះក្រោយស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាធូរស្រាលទៅវិញក្នុងពេលណាមួយ ក៏អង្គការសង្គមស៊ីវិលទាំងនោះ នៅតែចង់ឲ្យរដ្ឋាភិបាល ផ្អាកការផ្សាយគ្រឿងស្រវឹង រួមទាំងរឹតត្បិតការលក់ដូរ និងការទទួលទានគ្រឿងស្រវឹង។ 
 
អង្គការសង្គមស៊ីវិលទាំង៣៨ បានផ្តល់យោបល់រួមគ្នាជូនទៅរដ្ឋាភិបាលដូច្នេះថា៖«ការបិទការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាអចិន្ត្រៃយ៍ នឹងជួយកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផង និងជួយដល់ប្រជាពលរដ្ឋ បន្ទាប់ពីជំងឺកូវីដ-១៩ផុតរលត់ផង ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពសង្គម ក៏ដូចជាសន្សំថវិកា ដោះស្រាយវិបត្តិបំណុល ក៏ដូចជាការកាត់បន្ថយកំណើននៃភាពក្រីក្រនៅក្នុងសង្គម»។
 
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលខាងលើ ការប្រើប្រាស់គ្រឿងស្រវឹងជាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើន ដល់សុខភាពនិងសុខុមាលភាពសង្គម ដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និង បង្កជំងឺដល់ទៅជាង២០០មុខឯណោះ។ 
 
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍ជាមួយអង្គការទាំង៣៧ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការផ្អាកផ្សាយគ្រឿងស្រវឹងជាអចិន្ត្រៃយ៍ គឺអាចជួយទាំងសេដ្ឋកិច្ចជាតិ ទាំងសេដ្ឋកិច្ចគ្រួសារ។ លោក បញ្ជាក់ថា៖«ការហាមឃាត់ការផ្សាយពាណិជ្ជកម្ម [គ្រឿងស្រវឹង] គឺមានផលប្រយោជន៍ច្រើនណាស់ទៅដល់ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ»។ 
 
លោកវេជ្ជបណ្ឌិតរូបនេះ លើកឧទាហរណ៍ថា ការជួយសេដ្ឋកិច្ចជាតិ ដូចជា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយគ្រឿងស្រវឹង ហើយការជួយសេដ្ឋកិច្ចគ្រួសារ ដូចជា ប្រជាពលរដ្ឋ បង្វែរថវិកា ដែលធ្លាប់ចំណាយទៅលើគ្រឿងស្រវឹង ទៅចំណាយលើអ្វី ដែលមានប្រយោជន៍ ជាដើម។  
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនឆ្លើយតបឡើយទៅនឹងសំណើរបស់អង្គការសង្គមស៊ីវិល ដោយលោក ទុកតួនាទីនេះ ជូនទៅក្រសួងពាណិជ្ជកម្មនិងក្រសួងព័ត៌មាន ជាអ្នកឆ្លើយតបវិញ។ 
 
សារព័ត៌មានថ្មីៗ បានដាក់សំណួរតាមបណ្តាញទំនាក់ទំនងតេឡេក្រាមទៅកាន់ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថា តើរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងពាណិជ្ជកម្ម អាចធ្វើតាមសំណើរបស់អង្គការសង្គមស៊ីវិលដែរឬទេ ដែលស្នើឲ្យបន្តផ្អាកផ្សាយគ្រឿងស្រវឹងជាអចិន្ត្រៃយ៍? បើរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាណិជ្ជកម្ម ចាត់វិធានការផ្អាកផ្សាយគ្រឿងស្រវឹងជាអចិន្ត្រៃយ៍មែន តើអាចនឹងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចឬវិស័យពាណិជ្ជកម្មក្នុងផ្នែកណាមួយដែរឬទេ? 
 
លោក ស៊ាង ថៃ ពុំបានឆ្លើយនឹងសំណួរនេះឡើយ តែលោក បានសួរត្រឡប់មកសារព័ត៌មានថ្មីៗវិញថា៖«តើជាសំណួរអ្នកណាឲ្យប្រាកដ?»។ ចោទសួរត្រឡប់មកវិញបែបនេះហើយ លោក ពុំបានសរសេរអ្វីទៀត មកកាន់សារព័ត៌មានថ្មីៗនោះទេ។ 
 
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា កម្ពុជា មិនទាន់មានច្បាប់ស្តីពីការត្រួតពិនិត្យផលិតគ្រឿងស្រវឹងឡើយ ដូច្នេះ រដ្ឋាភិបាល ក៏ដូចជា ក្រសួងព័ត៌មាន មានការលំបាក ក្នុងការហាមមិនឲ្យផ្សាយគ្រឿងស្រវឹង ជាពិសេសការហាមមិនឲ្យផ្សាយគ្រឿងស្រវឹងជាអចិន្ត្រៃយ៍។ លោក ថ្លែងមកកាន់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា៖«រហូតមកដល់ពេលនេះ គឺយើង មិនអាចសម្រេចបានឬយ៉ាងណានៅឡើយទេថា តើ [ការផ្សាយគ្រឿងស្រវឹង] នឹងត្រូវបញ្ឈប់ជាអចិន្ត្រៃយ៍ ឬក៏មិនបញ្ឈប់ ដោយសារតែយើង មិនទាន់មានច្បាប់ស្តីពី [ការត្រួតពិនិត្យផលិតផល] គ្រឿងស្រវឹង ដូចច្បាប់ស្តីពី [ការត្រួតពិនិត្យផលិតផល] ថ្នាំជក់ទេ»។ 
 
បន្ថែមពីនេះ លោក បង្ហាញហេតុផលមួយទៀតថា ក្រសួងព័ត៌មាន តែងទទួលបានការត្អួញត្អែរពីម្ចាស់ស្ថាប័នសារព័ត៌មាននានា អំពីការប៉ះពាល់ចំណូលរបស់ពួកគេ នៅពេលណាក្រសួងព័ត៌មាន ស្នើឲ្យស្ថាប័នសារព័ត៌មានរបស់ពួកគេ ផ្អាកផ្សាយគ្រឿងស្រវឹង។ លោក បន្តថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាផ្នែកមួយ នៃការទទួលបានប្រាក់ចំណូល ដើម្បីធានាពីនិរន្តភាពនៃដំណើរការស្ថាប័នសារព័ត៌មានទាំងនោះ។  លោក មានប្រសាសន៍ថា៖«អ៊ីចឹងហើយ យើង ត្រូវតែពិនិត្យពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយទៅលើទិដ្ឋភាពនេះ»។ 
 
យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់ក្រសួងព័ត៌មានរូបនេះ អះអាងថា ក្រសួងព័ត៌មាន តែងយកចិត្តទុកដាក់លើការផ្សព្វផ្សាយគ្រឿងស្រវឹង និងតែងណែនាំទៅបណ្តាស្ថាប័នសារព័ត៌មាន ឲ្យពិនិត្យមើលខ្លឹមសារនៃការផ្សព្វផ្សាយ ជាពិសេសមិនត្រូវប្រើប្រាស់ខ្លឹមសារ ដែលមានលក្ខណៈជំរុញទឹកចិត្តឲ្យប្រជាពលរដ្ឋ ចង់ទទួលទានគ្រឿងស្រវឹងឡើយ។ លោក បន្ថែមថា ជាងនេះទៅទៀត ក្នុងឱកាស ដែលកម្ពុជា ប្រារព្ធពិធីបុណ្យធំៗ ក្រសួងព័ត៌មាន តែងណែនាំឲ្យគ្រប់ស្ថាប័នសារព័ត៌មាន ផ្អាកផ្សាយគ្រឿងស្រវឹងជាបណ្តោះអាសន្ន។ 
 
អ្នកប្រើប្រាស់បណ្តាញសង្គម រួមទាំងក្រុមបញ្ញវន្តផង ដូចជា បណ្ឌិតវ័យ៧៥ឆ្នាំ លោក ឡៅ ម៉ុងហៃ និង អ្នកជំនាញសេដ្ឋកិច្ច លោក ច័ន្ទ សុផល ជាដើម បានបង្ហាញការគាំទ្រលើអង្គការសង្គមស៊ីវិលទាំង៣៨ ដែលស្នើឲ្យរដ្ឋាភិបាលកម្ពុជា បិទការផ្សាយគ្រឿងស្រវឹងគ្រប់រូបភាពជាអចិន្ត្រៃយ៍ និងរឹតត្បិតការលក់គ្រឿងស្រវឹង។ 
 
លោក ឡៃ ម៉ុងហៃ មិនមែនទើបតែបង្ហោះសារគាំទ្រចំពោះការស្នើឲ្យបិទការផ្សាយគ្រឿងស្រវឹងលើកនេះទេ ដោយកន្លងមកលោក ក៏ធ្លាប់បង្ហោះសារជុំវិញការផ្អាកផ្សាយគ្រឿងស្រវឹងដែរ។ ជាក់ស្តែង លោក បានបង្ហោះសារម្តងរួចមកហើយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ គឺក្នុងអំឡុងពេលក្រសួងព័ត៌មាន ប្រាប់ឲ្យគ្រប់ស្ថាប័នសារព័ត៌មាន ផ្អាកផ្សាយគ្រឿងស្រវឹង ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។  
 
សំណេររបស់បណ្ឌិតចាស់វស្សារូបនេះ សរសេរថា៖«កុំគ្រាន់តែផ្អាក សុំបញ្ឈប់លែងឲ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងរហូតទៅ។ ការបញ្ឈប់នេះ មិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកផឹកទេ។ អត់មានការផ្សព្វផ្សាយឲ្យគេដឹង ក៏អ្នកផឹកគ្មានការលំបាកនឹងដឹង និងរកទិញឡើយ»។
 
អ្នកតាមដានស្ថានការណ៍សង្គមស្ទើរមិនដាច់រូបនេះ លើកទឡ្ហីករណ៍ថា ថៃ និងស្រីលង្កា មានច្បាប់ហាមឃាត់មិនឲ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព។ 
 
ចំណែក លោក ច័ន្ទ សុផល វិញ ក្រៅពីបង្ហាញការគាំទ្រលើសំណើសុំបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព លោក បានរំលេចការយល់ឃើញផ្ទាល់ខ្លួនថា៖«ការគ្រប់គ្រងគ្រឿងស្រវឹង នឹងជួយរួមចំណែកដល់ការទប់ស្កាត់បញ្ហាជាច្រើន រួមមាន គ្រោះថ្នាក់ចរាចរណ៍ ជំងឺប្រចាំកាយ និង អំពើហិង្សាមួយចំនួន បន្ថែមលើការទប់ទល់នឹងការរាតត្បាតជំងឺកូវីដ-១៩ទៀតផង»។
 
រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង តាំងពីឆ្នាំ២០១៤-២០១៥ មកម្ល៉េះ ប៉ុន្តែមកដល់ឆ្នាំ២០២១នេះ សេចក្តីព្រាងច្បាប់នេះ មិនទាន់ត្រូវបានអនុម័តនិងប្រកាសឲ្យប្រើប្រាស់នោះទេ។ សេចក្តីព្រាងច្បាប់នេះ ចែងថា នៅកម្ពុជា អ្នក ដែលអាចទទួលទានគ្រឿងស្រវឹងបាន គឺត្រូវមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ហើយការលក់គ្រឿងស្រវឹង ត្រូវបានហាមឃាត់ ក្នុងចន្លោះពីម៉ោង១២យប់ ទៅម៉ោង៦ព្រឹក។ 
 
របាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កម្ពុជា មានមនុស្សស្លាប់២៥០នាក់ ដោយសារការបើកបរក្រោមឥទ្ធពលនៃគ្រឿងស្រវឹង ហើយថវិកាប្រមាណ៤៤លានដុល្លារ ត្រូវបានខាតបង់ដោយសារការខូតខាតទ្រព្យសម្បត្តិសាធារណៈ។ អង្គការចលនាដើម្បីសុខភាពកម្ពុជា ផ្សាយលើគេហទំព័ររបស់ខ្លួន កាលពីឆ្នាំ២០១៩ថា ការប្រើប្រាស់គ្រឿងស្រវឹង គឺជាមូលហេតុទី២ ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍៕ 
 
 

Tag:
 សង្គមស៊ីវិល
  គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com