អន្តរជាតិ
ជប៉ុន គ្រោងពន្យារពេលភាពអាសន្នរហូតដល់ចុងខែឧសភា
07, May 2021 , 11:18 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋាភិបាលជប៉ុន ចង់ពន្យាពេលដាក់ទីក្រុងតូក្យូ អូសាកា ក្យូតូ និង Hyogo ឱ្យបន្តនៅក្រោមស្ថានភាព អាសន្នរហូតដល់ចុងខែឧសភា ដើម្បីទប់ស្កាត់ការកើនឡើងករណីកូវីដ-១៩ ។ ករណីឆ្លងនៅជប៉ុន បន្តកើនឡើង ខណៈព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូកាន់តែខិតមកដល់។


នៅថ្ងៃទី២៣ ខែមេសាកន្លងទៅ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូរួមទាំងខេត្តបីផ្សេងទៀត ឱ្យស្ថិតនៅក្រោមស្ថានភាពអាសន្នចាប់ពីថ្ងៃទី២៥ ខែមេសាដល់ថ្ងៃទី១១ ខែឧសភា។ ជប៉ុនសង្ឃឹមថា ការដាក់ប្រទេសក្រោមស្ថានភាពអាសន្នរយៈពេលខ្លី តែតឹងរ៉ឹង អាចទប់ទល់រលកទី៤ នៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ ករណីឆ្លងនៅតំបន់ទាំងនេះ នៅតែមានកម្រិតខ្ពស់ដដែល ដែលតម្រូវឱ្យ រដ្ឋាភិបាលជប៉ុនសម្លឹងមើលជម្រើសបន្តភាពអាសន្ននេះទៀត។
 
រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន Yasutoshi Nishimura បានលើកឡើងថា ករណីវិជ្ជមានថ្មីនៅក្នុងទីក្រុងតូក្យូ និងអូសាកានៅតែស្ថិតក្នុងកម្រិតខ្ពស់ ទោះជាស្ថិតក្រោមភាពអាសន្នក្ដី។ ដើម្បីទប់ស្កាត់ការរីរាលដាល ករណីកូវីដ-១៩ថ្មី រដ្ឋាភិបាលជប៉ុន ចង់បន្តការដាក់ភាពអាសន្នរហូតដល់ថ្ងៃទី៣១ ខែឧសភាតែម្តង។ 
 
លើសពីនេះ ខេត្ត Aichi និង Fukuoka ក៏នឹងត្រូវបញ្ចូលក្នុងតំបន់ឱ្យស្ថិតក្រោមស្ថានភាពអាសន្ន ផងដែរ។ ឯកោះ Hokkaido ស្ថិតនៅភាគខាងជើង និងតំបន់ពីរផ្សេងទៀត នឹងត្រូវដាក់ចូលជាតំបន់ ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៀតផង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ 
 
អំឡុងពេលស្ថានភាពអាសន្ននេះ  រដ្ឋាភិបាលជប៉ុននឹងណែនាំឱ្យបារ ភោជនីយដ្ឋាន ហាងខារ៉ាអូខេ និងកន្លែងផ្សេងទៀតដែលបម្រើគ្រឿងស្រវឹងបន្តបិទទ្វារ។ ចំណែកប្រជាជននឹងត្រូវបានស្នើសុំឱ្យ បន្តចៀសវាងការធ្វើដំណើរចេញក្រៅ បើមិនមានការចាំបាច់។ 
 
ការពន្យាពេលស្ថានភាពអាសន្នឱ្យដល់ចុងខែឧសភានេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ទ្រង់ទ្រាយធំ មុននឹងព្រឹត្តិការណ៍អូឡាំពិកដែលចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។ ទាំងជប៉ុន ទាំងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅតែអះអាងថា ព្រឹត្តការណ៍អូឡាំពិក នឹងបន្តទៅ មុខដដែល។ ទស្សនិកជនបរទេស ត្រូវបានហាមឃាត់មិនឱ្យចូលរួមឡើយ ឯការចូលរួមដោយ ទស្សនិកជនក្នុងស្រុក នៅមិនទាន់មានការសម្រេចយ៉ាងណាឡើយ។
 
ស្របពេលកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីរាលដាលជំងឺកូវីដ-១៩ យុទ្ធនាការចាក់ វ៉ាក់សាំងរបស់ប្រទេសអាស៊ីខាងកើតមួយនេះ ក៏មានភាពយឺតយ៉ាវទៅទៀត។ គិតត្រឹមថ្ងៃទី៧ ខែ ឧសភា ជប៉ុនមានករណីវិជ្ជមានកូវីដ-១៩ សរុបជាង៦០ម៉ឺនករណី និងអ្នកស្លាប់មានជាង១ម៉ឺននាក់។ ឯចំនួនប្រជាជនជប៉ុនដែលបានចាក់វ៉ាក់សាំង ពេញលេញមានប្រមាណជាជាង១លាននាក់ប៉ុណ្ណោះ៕ 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com