អន្តរជាតិ
សហភាពអឺរ៉ុប គាំទ្រការពិភាក្សាលើការព្យួរប៉ាតង់វ៉ាក់សាំង-១៩ តែក្រុមហ៊ុនឱសថខ្លះជំទាស់
07, May 2021 , 12:29 pm        
រូបភាព
ប្រធានគណៈក_ម្មការអឺរ៉ុប Ursula von der Leyen ។ រូបថត AFP
ប្រធានគណៈក_ម្មការអឺរ៉ុប Ursula von der Leyen ។ រូបថត AFP
សហភាពអឺរ៉ុប នៅថ្ងៃទី៦ ខែឧសភា បានសម្រេចគាំទ្រសំណើអាមេរិក ក្នុងការពិភាក្សាលើការព្យួរចោលប៉ាតង់ (Patent) វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាសកល។ ប៉ុន្តែរដ្ឋាភិបាលមួយចំនួន និងក្រុមហ៊ុនផលិតឱសថ បានអះអាងថា ការព្យួរវ៉ាក់សាំងមិនអាចជួយឱ្យពិភពលោក ដើរចេញពីបញ្ហាខ្វះវ៉ាក់សាំងចាក់ឡើយ។

 
និន្នាការជំរុញឱ្យព្យួរវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហាក់ចាប់ផ្តើមទទួលបានគាំទ្រខ្លាំង ជាពិសេសពីបណ្តាប្រទេសធំៗ។ ក្នុងនោះ អាមេរិកក៏បានប្តូរជំហររបស់ខ្លួន មកគាំទ្រឱ្យព្យួរវ៉ាក់សាំងជាសកល ដើម្បីជួយប្រទេសក្រីក្រផងដែរ។   សហភាពអឺរ៉ុបបានបង្ហាញពីឆន្ទៈចរចាលុបចោលប៉ាតង់វ៉ាក់សាំងកូវីដ-១៩។ 
 
ថ្លែងនៅក្នុងសន្និសីទតាមប្រព័ន្ធវីដេអូដែលរៀបចំដោយសកលវិទ្យាល័យ European University Institute លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា អឺរ៉ុប បើកចំហរក្នុងការពិភាក្សាលើវិបត្តិប្រកបដោយប្រសិទ្ធភាព និងភាពជាក់ស្តែង។ 
 
«អឺរ៉ុប បានត្រៀមខ្លួនរួចហើយ ក្នុងការពិភាក្សា ជុំវិញការបោះបង់ចោលកម្មសិទ្ធិបញ្ញាលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ អាចជួយបានរបៀបណា»។ លោកស្រី Ursula von der Leyen បានបន្ថែមបែបនេះ។ 
 
ចំណែករដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន ក៏បញ្ជាក់ជាថ្មីជំហររបស់អាមេរិកដែលចង់ឃើញវ៉ាក់សាំងត្រូវបានចែកចាយទូលំទូលាយ។ បើតាមប្រមុខការទូតអាមេរិក បញ្ហាសំខាន់នៅពេលនេះ គឺបង្កើនការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រសិនបើមនុស្សជាច្រើនមិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ទេ មនុស្សជាច្រើនផ្សេងទៀត នឹងមិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយ។ 
 
ប៉ុន្តែសំណើខាងលើត្រូវបានប្រទេសមួយចំនួន និងក្រុមហ៊ុនផលិតឱសថបដិសេធ។ ក្រុមហ៊ុនផលិតឱសថមួយចំនួននិយាយការពារថា ការលុបចោលប៉ាតង់កូវីដ-១៩ ជារឿងងាយស្រួល ប៉ុន្តែដំណើរការផលិត ជាបញ្ហាស្មុគស្មាញ។ ក្រុមហ៊ុនផលិតឱសថ Pfizer ដែលផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ អះអាងថា ប្រទេសជាច្រើន នឹងបន្តទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ព្រោះក្រុមហ៊ុនផ្សេងទៀត ដែលមានសិទ្ធិផលិតវ៉ាក់សាំង មិនអាចបង្កើនការផលិតវ៉ាក់សាំងដូចការគ្រោងទុក ខណៈនីតិវិធីក៏ស្មុគស្មាញថែមទឿត។ 
 
លោក Michael Yee អ្នកវិភាគមួយរូប បានបញ្ជាក់ថា បញ្ហានៅពេលនេះ មិនមែនប៉ាតង់ឡើយ ប៉ុន្តែវាជាការខ្វះធាតុកម្រ និងសម្ភារសម្រាប់ផលិត។ 
 
នៅអាល្លឺម៉ង់វិញ កំពុងមានការខ្វែងគំនិតគ្នានៅក្នុងជួររដ្ឋាភិបាល ជុំវិញប៉ាតង់វ៉ាក់សាំងកូវីដ-១៩។ រដ្ឋមន្រ្តីសុខាភិបាល លោក Jens Spahn បានប្រកាសគាំទ្រគោលដៅរបស់លោកប្រធានាធិបតីអាមេរិក ក្នុងការផ្តល់វ៉ាក់សាំងទៅប្រទេសផ្សេងទៀត។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៦ ខែឧសភា ថា ការការពារកម្មសិទ្ធិបញ្ញា ជាប្រភពនៃគំនិតឆ្នៃប្រឌិត និងត្រូវតែការពារ នៅពេលអនាគត។  
 
ការចរចាលើការលុបចោលប៉ាតង់កូវីដ-១៩ អាចនឹងចំណាយពេលយូរ ព្រោះនៅក្នុងប្រព័ន្ធអង្គការពាណិជ្ជកម្មពិភពលោក (WTO) វាទាមទារឱ្យមានការឯកភាពពីប្រទេសចំនួន១៦៤ដែលជាសមាជិក។ ម្យ៉ាងវិញទៀត ការចរចា គឺមានលក្ខណៈស្មុគស្មាញច្រើនតទៅទៀត។ 
 
គួររំលឹកថា សំណើឱ្យបោះបង់ប៉ាតង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រូវបានស្នើដោយឥណ្ឌា និងអាហ្រ្វ៊ិកខាងត្បូង រួមទាំងប្រទេសជាច្រើនផ្សេងទៀត នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ការព្យួរចោលប៉ាតង់ មានន័យថា ប្រទេសផ្សេងទៀត អាចផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បាន តាមរយៈការចែករំលែករូបមន្តផលិតវ៉ាក់សាំងពីក្រុមហ៊ុនផលិតវ៉ាក់សាំង៕
 

Tag:
 អឺរ៉ុប
  អាមេរិក
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com