កីឡាអន្តរជាតិ
អន្តរជាតិ
Emery មានមោទកភាពដែល Villarreal ទម្លាក់ Arsenal ឡើងវគ្គផ្តាច់ព្រ័ត្រ Europa League
07, May 2021 , 1:59 pm        
រូបភាព
លោក Unai Emery បង្ហាញមោទកភាព និងពេញចិត្តចំពោះក្រុម Villarreal បន្ទាប់ពីបានសងសឹកអតីតក្លិប Arsenal ហើយឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ជាលើកដំបូង។

ក្រោមការចាត់ការបស់លោក Emery ក្រុមអេស្ប៉ាញ Villarreal បានឈានជើងចូលវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត តាមរយៈការទម្លាក់ក្រុម Arsenal ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផលសរុបទាំងពីរជើង ២-១។
 
លោក Emery ធ្លាប់បានដឹកនាំ Arsenal ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League ក្នុងឆ្នាំ ២០១៩ មុនពេលអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវក្រុមកាំភ្លើងធំបញ្ចប់តំណែងនៅខែវិច្ឆិកា ឆ្នាំដដែលនោះ ហើយជំនួសវិញដោយ Mikel Arteta។
 
ក្រោយទទួលបានជ័យជម្នះនេះ លោក Emery ញញឹមបិទមាត់មិនជិតឡើយ ដ្បិតបានទម្លាក់ក្រុមចាស់ដែលខ្លួនធ្លាប់ដឹកនាម និងជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផង។
 
ក្រោយចប់ការប្រកួតលោក Emery បានប្រាប់អ្នកយកព័ត៌មានថា៖ « Villarreal បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ១លើក និងបីលើកនៅ Europa League ប៉ុន្តែសុទ្ធតែខកខាន។ ពេលនេះយើងមានមោទកភាពដែលអាចឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង»។ 
 
ក្រុមអេស្ប៉ាញ នឹងត្រូវជួបក្លិបយក្សរបស់អង់គ្លេស Manchester United នៅវគ្គផ្តាច់ព្រ័ត្រ Europa League ដែលធ្វើឡើងនៅក្នុង Gdansk ប្រទេសប៉ូឡូញ នាថ្ងៃទី ២៦ ខែឧសភា។ លោក Emery សន្យាថានឹងធ្វើឱ្យក្រុមអង់គ្លេសទាំងពីរមានវាសនាដូចគ្នា៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com