អន្តរជាតិ
លោកប្ល៊ីងខិន ៖ ពិភពលោកត្រូវពន្លឿនការចាក់វ៉ាក់សាំង ហើយអាមេរិកនឹងរកផ្លូវជួយ
07, May 2021 , 2:59 pm        
រូបភាព
ដោយ ជា ពេជ្រដាឡែន
 
ប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន បានស្នើឱ្យពិភពលោកពន្លឿនការចាក់វ៉ាក់សាំងដើម្បីទប់ទល់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំង។ ក្នុងកិច្ចសម្ភាសមួយអំឡុងទស្សនកិច្ចនៅអ៊ុយក្រែន លោក ប្ល៊ីងខិន អះអាងថា អាមេរិក កំពុងស្វែងរកវិធីសាស្ត្រ និងត្រៀមខ្លួនបន្ថែមទៀតដើម្បីជួយកិច្ចការនេះ។

 
«ប្រសិនបើពិភពលោកទាំងមូល មិនបង្កើនល្បឿន ទាល់តែឆ្នាំ២០២៤ ទើបប្រជាជនទាំងអស់ទទួល បានវ៉ាក់សាំងគ្រប់ៗគ្នា។ យើងអាចពន្លឿនសកម្មភាពនេះ ហើយសម្រេចឱ្យបាននៅពេលខ្លីខាងមុខ។» រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន និយាយបែបនេះក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ MSNBC ខណៈលោកធ្វើទស្សនកិច្ចនៅអ៊ុយក្រែន។ 
 
មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ អះអាងថា រដ្ឋបាលក្រុងវ៉ាស៊ីតោន នឹងជួយជំរុញល្បឿនឱ្យប្រជាជននៅ លើពិភពលោកទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ព្រោះគ្មាននរណាមានសុវត្ថិភាពឡើយ បើនៅតែមានអ្នកមិនទាន់ទទួលបានវ៉ាក់សាំងនោះ។ 
 
ដើម្បីជំរុញការផ្ដល់វ៉ាក់សាំងនេះ ប្រធានាធិបតី ចូ បៃឌិន ក៏បានសន្យាផ្ដល់ជំនួយវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca រហូតដល់៦០លានដូសទៅឱ្យប្រទេសផ្សេងៗ។ លោកប្រធានាធិបតី បៃឌិន ក៏ប្រកាសគាំទ្រការព្យួរប៉ាតង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ ព្រោះវានឹងបង្កើនបរិមាណវ៉ាក់សាំងនៅទូទាំងពិភពលោក ដែលនឹងជួយដល់ការចាក់វ៉ាក់សាំងនៅលើពិភពលោក។ លោក ប្ល៊ីងខិន ចាត់ទុកការព្យួរនេះជាវិធីសាស្ត្រមួយដែលនឹងជួយឱ្យច្រវាក់ផលិតកម្មវ៉ាក់សាំងកើនឡើង។ 
 
ភ្លើងបៃតងពីរបស់អាមេរិក នឹងត្រួសត្រាយផ្លូវដល់កិច្ចចរចានៅអង្គការពាណិជ្ជកម្មពិភពលោកទាក់ទងការព្យួរសិទ្ធិប៉ាតង់ ទោះបីជាការចរចាមួយនេះអាចប្រើប្រាស់ពេលទៅដល់រាប់ខែក៏ដោយ។
 
គម្រោងការពន្លឿនចាក់វ៉ាក់សាំងនេះ កើតឡើងចំពេលផ្ទុះករណីឆ្លងខ្លាំងនៅឥណ្ឌា។ ករណីឆ្លងនៅឥណ្ឌាកាលពីសប្ដាហ៍មុន មានចំណែកដល់ទី៤៦ភាគរយនៃតួលេខអ្នកឆ្លងទូទាំងពិភពលោក។  ករណីឆ្លងនៅឥណ្ឌា ក៏បានចាប់ផ្ដើមរាលដាលដល់ប្រទេសជិតខាងដូចជានេប៉ាល់ និងស្រីលង្កាជាដើម៕
 
 
 
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com