អន្តរជាតិ
ចិន និងរុស្ស៊ី ប្រកាសគាំទ្រការលុបចោលការការពារប៉ាតង់វ៉ាក់សាំងកូវីដ-១៩
07, May 2021 , 5:11 pm        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី  វ៉្លាឌីមៀ ពូទីន។ រូបភាព៖ Getty Images
លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបភាព៖ Getty Images
ចិន និងរុស្ស៊ី នៅថ្ងៃទី៦ ខែឧសភា បានប្រកាសគាំទ្រការពិភាក្សាលើការលុបចោលការការពារប៉ាតង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីជួយប្រទេសក្រីក្រ និងការទទួលបានវ៉ាក់សាំងដោយស្មើភាព។ ការអះអាងរបស់ចិន និងរុស្ស៊ីធ្វើឡើង បន្ទាប់ពីអាមេរិក និងសហភាពអឺរ៉ុបគាំទ្រការពិភាក្សាលើសំណើព្យួរប៉ាតង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។

 
ក្តីសង្ឃឹមសម្រាប់ប្រទេសតូចៗ និងប្រទេសអ្នកមានមួយចំនួន ក្នុងការផលិតវ៉ាក់សាំងដោយខ្លួនឯង កាន់តែមានច្រើនឡើង បន្ទាប់ពីប្រទេសធំៗបណ្តាក់គ្នា ប្រកាសគាំទ្រ ការចរចាក្នុងការព្យួរចោលប៉ាតង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ បន្ទាប់ពីអាមេរិក សហភាពអឺរ៉ុប និងបារាំង ចិន និងរុស្ស៊ី ដែលជាប្រទេសផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផងនោះ ក៏បានប្រកាសគាំទ្រការពិភាក្សាលើការលុបចោលប៉ាតង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផងដែរ។ 
 
នៅក្នុងកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្រ្តីរុស្ស៊ីនៅថ្ងៃទី៦ ខែឧសភា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានប្រកាសច្បាស់ៗថា រុស្ស៊ីគាំទ្រគំនិតព្យួរចោលការការពារប៉ាតង់វ៉ាក់សាំងកូវីដ-១៩ ។ ការប្រកាសរបស់លោកពូទីនបែបនេះ ធ្វើឡើងស្របពេលរុស្ស៊ីចុះបញ្ជីវ៉ាក់សាំងទីបួនរបស់ខ្លួន ដែលត្រូវបានហៅថា «Sputnik Light»។ 
 
«រុស្ស៊ី ពិតប្រាកដណាស់ នឹងគាំទ្រចំណាត់ការបែបនោះ»។ ប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លោកនឹងឱ្យលោកស្រីឧបនាយករដ្ឋមន្រ្តីរុស្ស៊ី Tatiana Golikova ទទួលបន្ទុកលើកិច្ចការងារខាងលើ។ 
 
ទន្ទឹមគ្នានេះ លោកពូទីន បានបន្តថា ប្រទេសផលិតវ៉ាក់សាំង មិនគួរគិតតែពីប្រាក់ចំណេញកម្រិតខ្ពស់ឡើយ ប៉ុន្តែត្រូវគិតពីសុវត្ថិភាពរបស់ប្រជាជនទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងថ្ងៃដដែលនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក៏បានប្រកាសគាំទ្រ ការចរចាព្យួរចោលប៉ាតង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩  ជាមួយបណ្តាប្រទេសផ្សេងទៀត ក្រោមប្រព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ការបង្ហាញឆន្ទះរបស់ចិនបែបនេះ គឺជាការគាំទ្រវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឱ្យទៅជាទំនិញសាធារណៈ។ 
 
«ចិន គាំទ្រកិច្ចខិតខំលើបញ្ហាការទទួលបានវ៉ាក់សាំងកូវីដ-១៩ និងត្រៀមខ្លួនពិភាក្សាជាមួយសមាជិកផ្សេងទៀត»។ លោក Wang បានបញ្ជាក់ច្បាស់ៗបែបនេះ ប្រាប់អ្នកសារព័ត៌មាន។ 
 
គួរបញ្ជាក់ថា ទោះមានការគាំទ្រពីប្រទេសធំៗមែន ប៉ុន្តែក្រុមហ៊ុនផលិតឱសថ នៅតែបន្តមិនគាំទ្រលើសំណើលុបចោលប៉ាតង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដដែល៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com