អន្តរជាតិ
ថៃអះអាងថា ជនបរទេសក៏មានសិទ្ធិទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដូចប្រជាជនខ្លួនដែរ រូបថត AFP
× រដ្ឋាភិបាលថៃ នៅថ្ងៃទី៦ ខែឧសភា បានប្រកាសថា ជនបរទេស៣លាននាក់ដែលរស់នៅថៃ មានសិទ្ធិ គ្រប់គ្រាន់ដើម្បីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូចជនជាតិថៃដែរ ព្រោះថៃមានគោលដៅ ចាក់វ៉ាក់សាំងឱ្យប្រជាជនឱ្យបានទូទាំងប្រទេស។
បើទោះផ្ដល់អាទិភាពចម្បងឱ្យប្រជាជនខ្លួនដើម្បីទទួលបានវ៉ាក់សាំងក្ដី ថៃក៏មិនទុកចោលជនបរទេស ដែលរស់នៅក្នុងទឹកដីខ្លួនដែរ។ មន្រ្តីសុខាភិបាលថៃបញ្ជាក់ថា ជនបរទេសដែលរស់នៅថៃ នឹងអាច ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូចជនជាតិថៃដែរ។
«គ្រប់គ្នាដែលរស់នៅថៃ ទោះបីពួកគេជាជនជាតិថៃ ឬជាជនបរទេស អាចទទួលបានវ៉ាក់សាំង ប្រសិន បើពួកគេចង់ចាក់»។ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺថៃ លោក Opas Kankawinpong បានអះអាង ដូចនេះនៅថ្ងៃទី៦ ខែឧសភា។ លោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ រហូតដល់ មនុស្សគ្រប់គ្នាមានសុវត្ថិភាព។
អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Rungruang Kitpati បានលើកឡើងគោលការណ៍ចាក់ វ៉ាក់សាំងធ្វើឡើងដោយមានការយល់ព្រម គ្មានការបង្ខិតបង្ខំ និងដោយគ្មានការរើសអើងជាតិសាសន៍ អ្វីឡើយ។ បច្ចុប្បន្ននេះ ជនបរទេសដែលរស់នៅថៃរយៈពេលវែងមានប្រមាណ៣លាននាក់ក្នុង ចំណោមប្រជាជនថៃសរុបជាង៧០លាននាក់។
បើតាមលោក Opas ជនបរទេសដែលចង់ចាក់វ៉ាក់សាំង អាចទាក់ទងទៅស្ថានទូតខ្លួនប្រចាំនៅថៃ ដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ពួកគេ ក៏អាចទាក់ទងទៅកាន់មន្ទីរពេទ្យដោយផ្ទាល់ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដែរ ប៉ុន្តែពួកគេមិនទាន់អាចចុះឈ្មោះតាមកម្មវិធីក្នុងទូរស័ព្ទដៃដូច ជនជាតិថៃនោះទេ។ ក្រសួងការបរទេសថៃកំពុងប្រឹងប្រែងដើម្បីឱ្យជនបរទេសអាចប្រើប្រាស់កម្មវិធីចុះ ឈ្មោះចាក់វ៉ាក់សាំងតាមទូរស័ព្ទដៃនេះដែរ។
ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ថៃចាំបាច់ត្រូវចាក់វ៉ាក់សាំងឱ្យប្រជាជនប្រហែល៥០ លាននាក់គិតទាំងជនបរទេស។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី៧ ខែឧសភា ។
យ៉ាងណាមិញ កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់រដ្ឋាភិបាលថៃនៅមិនទាន់បានចាប់ផ្តើម នៅឡើយទេ ។ មានតែបុគ្គលិកជួរមុខប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំង ដោយប្រើប្រាស់វ៉ាក់សាំងរបស់ Sinovac ចំនួន២,៥លានដូស។ ប្រភពវ៉ាក់សាំងដ៏ធំរបស់ថៃ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលថៃនឹងចាប់ផ្តើមផលិតឡើងដោយខ្លួនឯងចាប់ពីខែមិថុនាទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com