ជាតិ
រដ្ឋបាលខេត្តសៀមរាបកែសម្រួលសេចក្ដីណែនាំ ដែលតម្រូវឱ្យអ្នកឆ្លងខេត្តគ្រាន់តែពិនិត្យសុខភាពធម្មតា
07, May 2021 , 9:59 pm        
រូបភាព
សៀមរាប៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឹកូវីដ១៩ចូល ក្នុងសហគមន៍ខេត្តសៀមរាប រដ្ឋបាលខេត្តបានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការចាំបាច់នានា ក្នុងនោះបានតម្រូវឱ្យមន្រ្តីរាជការ និងអ្នកដំណើរទាំងអស់ មុនចូលមកខេត្តមួយនេះ ត្រូវទៅយកសំណាក និងធ្វើចត្តាឡីស័កជាចាំបាច់សម្រាប់អ្នកមកពីតំបន់ប្រឈម ឬធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬនៅមណ្ឌលចត្តាឡីស័ក ទៅតាមការសម្រេចពីមន្រ្តីសុខាភិបាលខេត្ត។ យ៉ាងណា ក្រោយនាយករដ្ឋមន្រ្តីស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្ធូរវិធានការចេញ-ចូល អភិបាលខេត្តសៀមរាប បានកែសម្រួលសេចក្ដីណែនាំថ្មី ដោយគ្រាន់តែឱ្យអ្នកធ្វើដំណើរឆ្លងខេត្ត ពិនិត្យសុខភាពបឋមធម្មតា ហើយករណីសង្ស័យត្រូវយកសំណាក ឬធ្វើចត្ដាឡីស័ក។

 
ក្នុងសេចក្ដីណែនាំថ្មី ស្ដីពីការពង្រឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តសៀមរាប ណែនាំឱ្យប្រតិបត្តិករទេសចរណ៍ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាជីវកម្មដ្ឋាននិងតាមគោលដៅទេសចរណ៍ទាំងអស់ ត្រូវរៀបចំទឹកអាល់កុលឬជែល តាមច្រកចេញ-ចូល និងឱ្យបុគ្គលិកចាំវាស់កំដៅភ្ញៀវ។ ក្នុងនោះតម្រូវឱ្យភ្ញៀវប្រើប្រាស់ប្រព័ន្ធ QR Code ផងដែរ។ 
 
បន្ថែមពីនេះ មន្ទីរទេសចរណ៍ និងមន្ទីរពាណិជ្ជកម្ម ត្រូវណែនាំឱ្យអ្នកគ្រប់គ្រងអាជីវកម្មដ្ឋាន សេវាកម្មដ្ឋាននានា ឱ្យបង្កើតការការពារខ្លួនពីជំងឺកូវីដ១៩ និងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដូចជាលាងដៃជាប្រចាំ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គមជាដើម។ ចំណែករដ្ឋបាលក្រុង ស្រុក ត្រូវបន្តគ្រប់គ្រងចលនារបស់ប្រជាពលរដ្ឋ ពិសេសត្រួតពិនិត្យការចូល-ចូលភូមិសាស្រ្ដរបស់ខ្លួន សម្រាប់អ្នកដំណើរដែលមកពីតំបន់ដែលមានផ្ទុះជំងឺកូវីដ១៩ខ្លាំង ឬពីតំបន់បិទខ្ទប់ជាដើម។ល។
 
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង និរាករណ៍សេចក្ដីណែនាំចុះថ្ងៃទី៥ ខែឧសភា ដែលតម្រូវឱ្យអ្នកដំណើរឆ្លងខេត្ត ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។ យ៉ាងណា ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៦ ខែឧសភា រដ្ឋបាលខេត្តនៅបន្តដាក់ប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យនៅតាមច្រកព្រំប្រទល់ចំនួន៣ ដែលរួមមាន ព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង នៃខេត្តកំពង់ធំ និងព្រំប្រទល់ ស្រុកស្រីស្នំ-ស្រុកចុងកាល់នៃខេត្តឧត្តរមានជ័យ៕
 
 
 
  
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com