COVID-19
ជាតិ
ជប៉ុន ផ្ដល់​រថយន្តគិលានសង្រ្គោះ ៣៥គ្រឿងដល់​កម្ពុជា
08, May 2021 , 12:39 pm        
រូបភាព
លោកស្រី យក់ សម្បត្តិ និង លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ រូបភាព៖ហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា
លោកស្រី យក់ សម្បត្តិ និង លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ រូបភាព៖ហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​រថយន្ត​គិលាន​សង្រ្គោះ​ចំនួន ៣៥​គ្រឿង ដល់រដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យសុខាភិបាល ពិសេស​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ-១៩​។ ​រថយន្តគិលានសង្រ្គោះ ទាំង ៣៥គ្រឿងនេះ ត្រូវ​បាន​ផ្ដល់​ដោយ​លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពី​ថ្ងៃទី​៧ ឧសភា នា​ឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល។


 
បើតាម​សេខចក្ដី​ប្រកាស​របស់​ស្ថានទូតជប៉ុន ជំនួយនេះ ផ្អែកលើ​កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដែលបានប្រកាសដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី កាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជ​ប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសកល។   
 
ក្រៅ​ពី​ផ្ដល់​រថយន្ត​គិលាន​សង្រ្គោះ​ រដ្ឋាភិបាលជប៉ុន ក៏​បាន​ផ្ដល់គ្រឿងបរិក្ខារវេជ្ជសាស្រ្តជាច្រើន ដូចជាឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិច ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោន ឧបករណ៍ផលិតអុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់ជូនដល់កម្ពុជា។ ជាមួយ​គ្នា​នេះ ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ចាំបាច់ដល់​កម្ពុជា​។
 
រដ្ឋាភិបាលជប៉ុន សង្ឃឹមថាការ ផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩៕ 
 

Tag:
 ជប៉ុន
  covid-19
  ​រថយន្តគិលានសង្រ្គោះ
© រក្សាសិទ្ធិដោយ thmeythmey.com